Connect with us

ព័ត៌មាន

អ្នកនាំពាក្យ៖ ប្រជាជាតិខ្មែរកំពុងឈរ​នៅ​លើជំហរឯកភាពជាតិ​ដ៏​រឹងមាំ​មួយ​ឆ្ពោះ​ទៅ​ការ​ដោះ​ស្រាយ​បញ្ហាដោ​យ​សន្តិវិធី តាមរយៈការផ្សះផ្សា ដោយភាគីអន្តរជាតិ និងស្របតាមច្បាប់អន្តរជាតិ

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់​តាម​រយៈ​សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃទី១៧ ខែសីហានេះថា ប្រជាជាតិខ្មែរកំពុង​ឈរ​នៅ​លើ​ជំហរ​ឯកភាព​ជាតិ​ដ៏​រឹង​មាំ​មួយ​ឆ្ពោះ​ទៅការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការផ្សះផ្សា ដោយភាគីអន្តរជាតិ និង​ស្រប​តាម​ច្បាប់អន្តរជាតិដើម្បីទទួលបានដំណោះស្រាយមួយ ត្រឹមត្រូវ យុត្តិធម៌ និងយូរ​អង្វែង​សម្រាប់​ប្រជាជាតិទាំងពីរក៏ដូចជាសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ទាំងមូល។

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ការស្រុះស្រួលគ្នារវាងអ្នកផ្សះផ្សារទាំង៤រូប ដែល​តែង​តាំង​ដោយ​ភាគី​កម្ពុជា និងថៃដែល បានព្រមព្រៀងគ្នាជ្រើសរើសលោកស្រី Katrina Cooper ជា​ប្រធាន​​គណៈកម្មការផ្សះផ្សា ក្រោមយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) នៃ​អ​​នុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) គឺជាជំហាន​ដ៏សំខាន់​មួយ​ក្នុង​ដំណោះ​ស្រាយ​បញ្ហាការទាមទារដែនសមុទ្រត្រួតគ្នា រវាងកម្ពុជា-ថៃ។

ឯកឧត្តមបន្តថា ក្រៅពីការស្វាគមន៍ចំពោះវឌ្ឍនភាពថ្មីនេះនិងថ្លែងអំណរគុណដល់លោកស្រី Katrina Cooper ដែលបានយល់ព្រមទទួលភារកិច្ចដ៏សំខាន់នេះ កម្ពុជាក៏រំពឹងថា ដំណើរ​ការ​ផ្សះផ្សា​នឹងបន្តការងារទៅមុខតាមរយៈការកោះប្រជុំជាលើកដំបូងស្តីពីនីតិវិធីរបស់ខ្លួន ក្នុង​រយៈ​ពេល​ប៉ុន្មានសប្តាហ៍ខាងមុខនេះ។

សូមបញ្ជាក់ថា ដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតគ្នា រវាងកម្ពុជាថៃត្រូវបានផ្តួចផ្តើម ឡើងដោយកម្ពុជា។ កម្ពុជាក៏ជឿជាក់ថា ដំណើរការផ្សះផ្សានេះនឹងផ្តល់នូវឱកាសសម្រាប់ ការអភិវឌ្ឍធនធានប្រេងនិងឧស្ម័ន នៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាក្នុងបរិបទដែលសន្តិសុខថាមពលកំពុងក្លាយជាក្តីបារម្ភដ៏ធំមួយទាំងក្នុងតំបន់ និងពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះការដោះស្រាយបញ្ហាលើដែនសមុទ្រ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងបន្តផ្តល់នូវទំនុកចិត្តចំពោះដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលរម្លឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសពីការ ចាប់ផ្តើម ប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ( Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS )ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួត គ្នាជាមួយប្រទេសថៃ។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីភាគីថៃបានសម្រេចលុបចោល ជាឯកតោភាគីនូវ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឬហៅកាត់ថា MoU 2001 ដែលជាក្របខណ្ឌទ្វេភាគីព្រមព្រៀងគ្នាតែមួយគត់សម្រាប់ដោះស្រាយតំបន់ទាមទារដែនសមុទត្រួតស៊ីគ្នាក្នុងរយៈពេលជាង២៥ឆ្នាំកន្លងមក។

ឯកឧត្តម ប៉ែន បូណា បន្តថា៖«ដូច្នេះ ក្រោយពីបានពិចារណាយ៉ាងម៉ត់ចត់បំផុតនូវរាល់ជម្រើសផ្លូវច្បាប់ និងដោយសន្តិវិធីដែលមាននិងដែលអាចអនុវត្តទៅបាន រាជរដ្ឋាភិបាលកម្ពុជា យល់ឃើញថា មានតែយន្តការផ្សះ ផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS នេះទេ ដែលជាជម្រើសល្អបំផុត ពីព្រោះ យន្តការនេះអនុញ្ញាតឱ្យប្រទេសទាំងពីរបង្ហាញជំហររបស់ខ្លួននៅចំពោះមុខគណៈកម្មការឯករាជ្យមួយដែលមានសមាជិកជាអ្នកផ្សះផ្សារចំនួន៥រូប ដែលសុទ្ធតែជាអ្នកជំនាញឈានមុខផ្នែកច្បាប់អន្តរជាតិ។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដំណើរការនេះនឹងបង្ហាញជាថ្មីម្ដងទៀតនូវតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិ និងការដោះស្រាយជំលោះដោយសន្តិវិធី»។

ឯកឧត្តមថ្លែងថា៖ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក៏បានទទួលការគាំទ្រ យ៉ាងពេញទំហឹងពីស្ថាប័នកំពូលរបស់ជាតិ ក្រសួង ស្ថាប័ន រហូតរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ អាចនិយាយបានថា ប្រជាជាតិខ្មែរកំពុងឈរនៅលើជំហរឯកភាពជាតិដ៏រឹងមាំមួយឆ្ពោះទៅការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការផ្សះផ្សា ដោយភាគីអន្តរជាតិ និងស្របតាមច្បាប់អន្តរជាតិដើម្បីទទួលបានដំណោះស្រាយមួយ ត្រឹមត្រូវ យុត្តិធម៌ និងយូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរក៏ដូចជាសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ទាំងមូល៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia