Connect with us

ព័ត៌មាន

អាហារូបករណ៍សម្ដេចតេជោ គឺជាស្ពានឆ្ពោះទៅកាន់ចំណេះដឹង និងជាឱកាសជម្នះភាពក្រីក្រ

និស្សិតអាហារូបករណ៍សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ថ្លែងថា អាហារូបករណ៍សម្ដេចតេជោ គឺជាស្ពានឆ្ពោះទៅកាន់ចំណេះដឹង និងជាឱកាសជម្នះភាពក្រីក្រ។ ពួកគេ ប្ដេជ្ញាខិតខំសិក្សា ដើម្បីក្លាយជាធនធានមនុស្សមានសមត្ថភាព ចូលរួមអភិវឌ្ឍសង្គមជាតិ។

និស្សិតអាហារូបករណ៍សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) រស់នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ដែលកំពុងសិក្សានៅរាជធានីភ្នំពេញ បានលើកឡើងក្នុងកិច្ចសម្ភាសជាមួយ BTV ថា ពួកគេជាសិស្សនិទ្ទេស A ទទួលបានអាហារូបករណ៍សម្ដេចតេជោ កាលពីឆ្នាំ២០២៤។ កញ្ញា ប៊ុន ណាង និស្សិតមកពីខេត្តព្រះវិហារ សិក្សាលើជំនាញគណនេយ្យ បានប្រាប់ថា កត្តាជីវភាពរបស់កញ្ញាលំបាកខ្លាំង មិនអាចបន្តការសិក្សាថ្នាក់បរិបញ្ញាបត្របានឡើយ។ តែកញ្ញាមិនបោះបង់ចោលការសិក្សានោះឡើយ ហើយបានព្យាយាមស្វែងរកព័ត៌មាន ពីអាហារូបករណ៍ រហូតទទួលបានអាហារូបករណ៍ពីសម្ដេចតេជោ។ កញ្ញាលើកទឹកចិត្តដល់យុវជន កុំបោះបង់ការសិក្សា ត្រូវព្យាយាមជម្នះឱ្យបាន រាល់ការលំបាក តាមរយៈព្យាយាមស្វែងរកព័ត៌មានដោយខ្លួនឯង សាកសួរលោកគ្រូ អ្នកគ្រូ និងត្រូវចងចាំថា មានតែការសិក្សាប៉ុណ្ណោះដែលផ្ដល់ឱកាសដល់យើងមកពីគ្រួសារក្រីក្រអាចផ្លាស់ប្ដូរជីវភាព។

ចំណែកយុវជន មកពីខេត្តស្ទឹងត្រែង កំពុងសិក្សាលើជំនាញអក្សរសាស្រ្ដខ្មែរ បានប្រាប់ថា ដើម្បីតបស្នងគុណអាហារូបករណ៍របស់សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត លោកបន្តខិតខំសិក្សា យកចំណេះជួយខ្លួនឯង និងយកទៅបង្រៀនក្មេងៗជំនាន់ក្រោយ។ រូបលោកពិតជាអរគុណយ៉ាងខ្លាំងសម្រាប់អាហារូបករណ៍សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលធ្វើឱ្យលោកបានរៀនរយៈពេល ៤ឆ្នាំ ហើយអ្វីដែលលោកត្រូវតបស្នងទៅវិញគឺការខិតខំប្រឹងប្រែងរៀនសូត្រ អភិវឌ្ឍសង្គមជាតិ។

គួររំឭកជូនថា សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៤ ផ្ដួចផ្ដើមឡើងដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោមទឹកចិត្តមេត្តាធម៌ ផ្ដល់ឱកាសឱ្យយុវជន ទទួលបានការសិក្សានៅថ្នាក់ឧត្ដមសិក្សា ដើម្បីអភិវឌ្ឍមូលធនមនុស្ស ដោយដកចេញឧបសគ្គសេដ្ឋកិច្ច ដែលរារាំងការសិក្សារបស់យុវជន។ សិស្សានុសិស្ស ដែលមានបំណងដាក់ពាក្យស្នើសុំអាហារូបករណ៍ ពីសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សូមតាមដានព័ត៌មានលើបណ្ដាញសង្គមរបស់ សមាគម និងអានឱ្យបានច្បាស់លាស់ពីលក្ខខណ្ឌ របស់អាហារូបករណ៍។ ហើយអាហារូបករណ៍នេះ បើកទូលាយសម្រាប់សិស្សនិទ្ទេស A ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦នេះ ឬឆ្នាំមុនៗ និងសិស្សមកពីគ្រួសារក្រីក្រ។

សូមជម្រាបជូនដែរថា គិតមកដល់ពេលនេះ សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានផ្ដល់អាហារូបករណ៍ដល់ សិស្ស និស្សិត សិក្សាលើថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បណ្ឌិត សរុបចំនួន ២៩,០០០នាក់ សិក្សាទាំងនៅគ្រឹះស្ថានសាធារណៈ និងឯកជន នៅក្នុងស្រុកចំនួន ៨០ និងសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ចំនួន ៣៦០នាក់ នៅក្នុងសាកលវិទ្យាល័យចំនួន៤០។ ហើយបច្ចុប្បន្ននេះ មានអតីតនិស្សិតបញ្ចប់ការសិក្សា និងកំពុងបំពេញការងារទាំងវិស័យរដ្ឋ និងឯកជន ចំនួន ១៨,០០០នាក់៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia