Connect with us

ព័ត៌មាន

ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់គោលដៅ បញ្ចប់ការចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនពលរដ្ឋខេត្តកំពង់ស្ពឺ យ៉ាងយូរត្រឹមខែមេសា ឆ្នាំ២០២៧

កាលពីចុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារដឹកនាំយុទ្ធនាការ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដាន និងជំរុញការចែកបណ្ណកម្មសិទ្ធិដីធ្លី ដើម្បីពិនិត្យវឌ្ឍនភាព ស្តាប់បញ្ហាប្រឈមពីក្រុង-ស្រុកទាំង៩ ក្នុងខេត្តកំពង់ស្ពឺ និងដាក់ចេញទិសដៅបន្ត សំដៅប្រគល់បណ្ណជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស តម្លាភាព និងស្មើភាព។

ឯកឧត្តម បានបញ្ជាក់ក្នុងអង្គប្រជុំថា «គោលដៅរបស់យើងមានតែមួយគត់គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺទទួលបានបណ្ណកម្មសិទ្ធិគ្រប់ៗគ្នាយ៉ាងយូរត្រឹម ខែមេសា ឆ្នាំ២០២៧»។

កិច្ចប្រជុំបានកត់សម្គាល់ដោយមោទនភាពថា ខេត្តកំពង់ស្ពឺបានបញ្ចប់ការវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធតាំងពីឆ្នាំ២០២៤ ដោយវាស់វែងបាន ១.០៩៩.៨៨៣ ក្បាលដី។ មុនពេលចាប់ផ្តើមយុទ្ធនាការ ខេត្តបានចែកជូនប្រជាពលរដ្ឋចំនួន ១.០០៩.១៥៣ បណ្ណ។ ក្នុងយុទ្ធនាការ ខេត្តបានចែកបន្ថែមចំនួន ៩.២៦៨ បណ្ណគិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដែលនាំឱ្យចំនួនបណ្ណដែលបានប្រគល់ជូនប្រជាពលរដ្ឋសរុបកើនដល់ ១.០១៨.៤២១ បណ្ណ ស្មើនឹងប្រមាណ ៩២,៦% នៃក្បាលដីដែលបានវាស់វែងជាប្រព័ន្ធ។

លទ្ធផលនេះបង្ហាញថា ខេត្តកំពង់ស្ពឺកំពុងឈានទៅដំណាក់កាលចុងក្រោយនៃការចែកបណ្ណកម្មសិទ្ធិដីធ្លី។ ឯកឧត្តមប្រធានក្រុមការងារបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះមន្ត្រី អាជ្ញាធរមូលដ្ឋាន និងក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា៖«គោលដៅរបស់យើងមានតែមួយគត់គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺទទួលបានបណ្ណកម្មសិទ្ធិគ្រប់ៗគ្នាយ៉ាងយូរត្រឹម ខែមេសា ឆ្នាំ២០២៧»។

ដើម្បីសម្រេចគោលដៅនេះ ឯកឧត្តមបានដាក់ចេញទិសដៅឱ្យក្រុមការងារប្រើប្រាស់ទិន្នន័យរួមដែលត្រឹមត្រូវ អនុវត្តផែនការសកម្មភាពឱ្យស៊ីសង្វាក់គ្នា និងបំពេញភារកិច្ចដោយតម្លាភាព ស្មើភាព និងមិនរើសអើង។ បញ្ហាដែលអាចដោះស្រាយនៅមូលដ្ឋាន ត្រូវដោះស្រាយឱ្យបានឆាប់រហ័ស ខណៈបញ្ហាលើសសមត្ថកិច្ច ត្រូវរាយការណ៍ជូនក្រុមការងារដឹកនាំ ដោយមិនទុកឱ្យប្រជាពលរដ្ឋរង់ចាំដោយគ្មានមូលហេតុឡើយ។ ជាការលើកទឹកចិត្តដល់ក្រុមការងារមូលដ្ឋាន ឯកឧត្តមប្រធានក្រុមការងារបានផ្តល់ការលើកទឹកចិត្តជូនរដ្ឋបាល  ឃុំ-សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ មន្រ្តី និងមន្ត្រីស្ម័គ្រចិត្តនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីដែលបានបំពេញការងារយ៉ាងសកម្មនៅក្នុងយុទ្ធនាការនេះផងដែរ។

សមិទ្ធផលនេះមានមូលដ្ឋានពីចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ និងជំរុញការកែទម្រង់ដីធ្លី ការចុះបញ្ជីដីធ្លី និងការផ្តល់បណ្ណកម្មសិទ្ធិ ដែលបានផ្តល់ជូនប្រជាពលរដ្ឋ នូវសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត។ ចក្ខុវិស័យនេះត្រូវបានបន្តយ៉ាងខ្ជាប់ខ្ជួន ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់ការបញ្ចប់ការវាស់វែង និងការចុះបញ្ជីដីធ្លី ព្រមទាំងការចែកបណ្ណជូនប្រជាពលរដ្ឋជាអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ជាពិសេស កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានដាក់ចេញដំណោះស្រាយ ៨ ចំណុច ដើម្បីដោះស្រាយភាពកកស្ទះពន្លឿននីតិវិធី និងសម្រួលបន្ទុកពាក់ព័ន្ធនឹងការទទួលបណ្ណកម្មសិទ្ធិ។ ការសម្រេចដ៏យកចិត្តទុកដាក់នេះ បានបង្កើតក្តីសង្ឃឹម និងទទួលការសាទរពីប្រជាពលរដ្ឋជាច្រើន ជាពិសេសគ្រួសារដែលកំពុងរង់ចាំបណ្ណ ឬប្រឈមនឹងបញ្ហាឯកសារ ពន្ធ និងសេវាសុរិយោដី។ អត្ថបទ៖គឹមហុក

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia