ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖រាជធានីភ្នំពេញបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែង «រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌលនយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែកំពុងពង្រឹងតួនាទីជាច្រកទ្វារទេសចរណ៍អន្តរជាតិ និងជាគោលដៅទេសចរណ៍ទីក្រុងដ៏រស់រវើក ដែលរួមបញ្ចូលគ្នារវាងប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ទេសចរណ៍ទីក្រុង និងជីវិតសម័យទំនើប»។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ សាលារាជធានីភ្នំពេញ ដែលផែនការនេះ មិនត្រឹមតែជាឯកសារតម្រង់ទិសប៉ុណ្ណោះទេ ប៉ុន្តែជាផែនទីបង្ហាញផ្លូវរួម និងជាក្របខណ្ឌសកម្មភាពអនុវត្តជាក់ស្តែង សម្រាប់កៀរគរគ្រប់តួអង្គពាក់ព័ន្ធ ឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍នៅរាជធានីភ្នំពេញ កាន់តែមានគុណភាព និងបង្កើនភាពទាក់ទាញ ដោយឈរគោលការណ៍ ស្អាត ឆ្លាត និងបៃតង ព្រមទាំងពង្រឹង ឧត្តមភាព និងសមត្ថភាពប្រកួតប្រជែង របស់រាជធានីភ្នំពេញ ឱ្យក្លាយជាគោលដៅទេសចរណ៍ទីក្រុងដ៏លេចធ្លោមួយនៅក្នុងតំបន់។
ក្នុងពិធីដ៏មានសារៈសំខាន់នាព្រឹកនេះ មានការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអភិបាលរងរាជធានីភ្នំពេញ, អភិបាលនៃគណៈអភិបាលខណ្ឌទាំង១៤ មន្រ្តីមន្ទីរ អង្គភាពជំនាញពាក់ព័ន្ទជុំវិញទាំងអស់ ប្រមាណ ៣០០នាក់ នៅសាលប្រជុំធំ សាលារាជធានីភ្នំពេញ។
ថ្លែងនាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, ក្រុមប្រឹក្សារាជធានីភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ, អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍, មន្ទីរពាក់ព័ន្ធជុំវិញ, អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលជានិច្ចជាកាលតែងតែបានផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធ និងការសម្របសម្រួលសព្វគ្រប់បែបយ៉ាងជាមួយក្រសួងទេសចរណ៍ នៅគ្រប់ព្រឹត្តិការណ៍ទេសចរណ៍ទាំងអស់ ជាពិសេស ការគាំទ្រយ៉ាងសកម្ម តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយក្នុងការអនុវត្ត យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ចាប់តាំងពីឆ្នាំ២០២៥ និងបន្តមកដល់ឆ្នាំ២០២៦ នេះ។
នាឱកាសនេះ ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជម្រាបជូនអង្គពិធីថា ដើម្បីបង្កើនភាពទាក់ទាញ និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ រដ្ឋបាលរាជធានី និងភាគីពាក់ព័ន្ធបានប្រកាសពីផែនការកែលម្អតំបន់ច្រាំងទន្លេនៅតាមបណ្តោយផ្លូវថ្មើរជើងចតុមុខ ឱ្យក្លាយជាតំបន់ទេសចរណ៍បែបទំនើប បៃតង និងមានបរិស្ថានល្អប្រសើរ សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងបង្កើតផលិតផលទេសចរណ៍ថ្មីៗ បន្ថែមទៀត មានជាអាទិ៍ សួនលំហែកាយសាធារណៈ សម្រាប់ការកម្សាន្តរបស់ប្រជាពលរដ្ឋ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អំណោយផលដល់ការរៀបចំ ព្រឹត្តិការណ៍ទេសចរណ៍កីឡាកម្រិតជាតិ និងអន្តរជាតិធំៗ, ការរៀបចំផ្លូវសម្រាប់រថយន្តសាធារណៈ ដើម្បីកាត់បន្ថយការកកស្ទះ និងសម្រួលដល់ការធ្វើដំណើររបស់មហាជន, និងការរៀបចំផ្លូវសម្រាប់ការជិះកង់ និងដាក់ឱ្យប្រើប្រាស់ កង់អាគុយ សាធារណៈ ដើម្បីបង្កើនភាពងាយស្រួលដល់ទេសចរ និងអ្នកដំណើរ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនដែរថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់ និងជាគោលដៅទេសចរណ៍ទីក្រុងទំនើប ប្រកបដោយភាពស៊ីវីល័យ និងរស់រវើក ព្រមទាំងតភ្ជាប់ភ្ញៀវទេសចរទៅកាន់គោលដៅទេសចរណ៍នានា ទូទាំងប្រទេស។ រាជធានីភ្នំពេញ មានអត្តសញ្ញាណ សម្បត្តិវប្បធម៌ និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ជាពិសេស ផ្លូវថ្មើរជើងចតុមុខ ដែលជាផលិតផលទេសចរណ៍ថ្មីមួយកំពុងទទួលបានការគាំទ្រ និងជាប់ចំណាត់ថ្នាក់ជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ ដ៏ទាក់ទាញជាបន្តបន្ទាប់។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសរំលេចបន្ថែមថា នៅក្នុងបរិបទដែលការប្រកួតប្រជែងទេសចរណ៍នៅក្នុងតំបន់កាន់តែខ្លាំង និងអាកប្បកិរិយាភ្ញៀវទេសចរកាន់តែផ្លាស់ប្តូរ កម្ពុជា មិនអាចពឹងផ្អែកតែលើសក្តានុពលដែលមានស្រាប់នោះទេ, យើងត្រូវបន្តបង្កើតផលិតផលទេសចរណ៍ថ្មីៗ, កែលម្អ និងពង្រឹងគុណភាព សេវាកម្មទេសចរណ៍, បង្កើនភាពទាក់ទាញ, ក៏ដូចជាពង្រឹងសន្តិសុខ សុវត្ថិភាព ដល់ភ្ញៀវទេសចរ ដើម្បីធានាថា ភ្នំពេញ អាចឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរជំនាន់ថ្មី និងដើរទាន់យុគសម័យនៃការប្រកួតប្រជែងជាមួយទីក្រុងទេសចរណ៍សំខាន់ៗក្នុងតំបន់ និងសកលលោកបាន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រអាទិភាពធំៗចំនួន ៣ ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងក្នុងតំបន់ និងការផ្លាស់ប្តូររបស់ភ្ញៀវទេសចរជំនាន់ថ្មី គឺ ទី១).ការជំរុញការបង្កើតអត្តសញ្ញាណ និងម៉ាកសញ្ញាផ្ទាល់ខ្លួន (Phnom Penh Destination Branding)។ ទី២).
ការរៀបចំ និទានកថា (Storytelling) ដោយផ្លាស់ប្តូរ និងបន្ថែមពីការ «លក់ទីកន្លែងដែលជាគោលដៅទេសចរណ៍» មកជា «លក់រឿងរ៉ាវ បទពិសោធន៍ និងអារម្មណ៍» ដោយផ្សារភ្ជាប់ជាមួយនឹងប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ ស្ថាបត្យកម្ម ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងអាហារតាមតំបន់។ និងទី៣). ការជំរុញទេសចរណ៍នាពេលរាត្រី (Night Tourism) ដោយពង្រីកសកម្មភាពទេសចរណ៍ពេលរាត្រី ដើម្បីពន្យារពេលស្នាក់នៅ និងបង្កើនការចំណាយរបស់ភ្ញៀវ៕










-
PR NEWS6 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន6 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន1 week agoករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ក្រសួងអប់រំប្រកាសចាត់វិធានការណ៍តាមគោលការណ៍ជាធរមាន
-
ព័ត៌មាន1 week agoពីដៃកាន់សៀវភៅ និងដេញ Piano មកកាន់សង្វៀនអន្តរជាតិ៖ ភាពក្លាហាន និងទឹកភ្នែករបស់ ម៉ានេតា
-
កីឡា4 days agoកម្ពុជា-អាមេរិក បេ្ដជ្ញាចិត្ត បន្ដពង្រឹងកិច្ចសហប្រតិបត្តការល្អ ចែករំលែកព័ត៌មានគ្នាទៅវិញទៅមកប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់
-
ព័ត៌មាន1 week agoបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន