ព័ត៌មាន
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ៖ កម្លាំងពិតរបស់កងទ័ព ស្ថិតនៅលើគុណភាពធនធានមនុស្ស
(កំពង់ស្ពឺ)៖ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងវេទិកា «អង្គរ-មហាកំពែង» ឆ្នាំ២០២៦ នៅវិទ្យាស្ថាននាយទាហានចម្រុះ ក្រោមប្រធានបទ «រួមគ្នាបណ្តុះបណ្តាលធនធានមនុស្សឆ្នើមនៃមិត្តភាពដែកថែប និងកសាងមហាកំពែងវាសនារួម»។
នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន មានប្រសាសន៍ថា វេទិកានេះផ្តោតសំខាន់លើការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងគំនិតយុទ្ធសាស្ត្រ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស ដើម្បីរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា-ចិន។
ឯកឧត្តម អគ្គមេបញ្ជាការ បានបញ្ជាក់ថា បច្ចេកវិទ្យាថ្មីៗ ដូចជា បញ្ញាសិប្បនិម្មិត ប្រព័ន្ធយានយន្តគ្មានមនុស្សបើក និងបច្ចេកវិទ្យាឌីជីថល កំពុងផ្លាស់ប្តូររបៀបគិត ការគ្រប់គ្រង និងការប្រតិបត្តិការយោធានៅទូទាំងពិភពលោក។
ក្នុងបរិបទនេះ កម្លាំងពិតប្រាកដរបស់កងទ័ព មិនស្ថិតត្រឹមតែចំនួនកងកម្លាំង ឬសម្ភារៈបច្ចេកទេសនោះទេ ប៉ុន្តែស្ថិតលើគុណភាពធនធានមនុស្សដែលមានចំណេះដឹង សមត្ថភាពច្នៃប្រឌិត និងអាចសម្របខ្លួនទៅនឹងការប្រែប្រួលបាន។ ដូច្នេះ ការកសាងធនធានមនុស្សឆ្នើម គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងកងទ័ពទំនើប ប្រកបដោយវិជ្ជាជីវៈ និងជាគន្លឹះដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពការពារជាតិ។
ឯកឧត្តមបន្តថា វេទិកា «អង្គរ-មហាកំពែង» ក៏មានគោលដៅជំរុញការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រយោធា ការគិតវិភាគ ការគិតយុទ្ធសាស្ត្រ និងការចែករំលែកចំណេះដឹង ដើម្បីរួមចំណែកកសាងកងយោធពលខេមរភូមិន្ទឱ្យកាន់តែទំនើប ផ្អែកលើចំណេះដឹង បច្ចេកវិទ្យា និងធនធានមនុស្សប្រកបដោយគុណភាព។
ឯកឧត្តមរំពឹងថា វេទិកានេះនឹងក្លាយជាយន្តការដ៏មានប្រសិទ្ធភាពមួយក្នុងការផ្លាស់ប្តូរគំនិត និងបទពិសោធន៍ ព្រមទាំងពង្រឹង មិត្តភាពដែកថែប និងទំនាក់ទំនងកងទ័ពកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងមានចក្ខុវិស័យរួមសម្រាប់អនាគត៕













-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣