Connect with us

ព័ត៌មាន

ក្រសួងការងារ ប្រកាសធានាពីអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករទាំង ៣រោងចក្រ​នៅ​បន្ទាយមានជ័យ​ដែល​ប៉ះពាល់ដោយថៃឈ្លានពាន ខណៈដែលរោងចក្រក្នុង​ស្រុក​កើន​ឡើង​ឱកាស​ការងារ​រាប់ម៉ឺនកន្លែង

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធានាការគាំពារសិទ្ធិ និង​អត្ថ​ប្រយោជន៍​ស្រប​ច្បាប់​ជូន​កម្មករនិយោជិតនៃរោងចក្រ សហគ្រាសចំនួន ៣នៅខេត្តបន្ទាយមានជ័យ ដែល​រង​ផល​ប៉ះ​ពាល់​ពី​ការឈ្លានពានរបស់ថៃដោយធ្វើឱ្យថ្លៃដឹកជញ្ជូនកើនឡើង និងការបញ្ជាទិញថយចុះ ខណៈ​ដែល​រោងចក្រនៅកម្ពុជា កំពុងបន្តកើនឡើងដែលបង្កើតឱកាសការងាររាប់ម៉ឺនកន្លែង។

រោងចក្រ សហគ្រាសទាំង៣ រួមមាន ក្រុមហ៊ុន អិមអិល អ៊ីនធីមេត អឹភែរឹល (ខេមបូឌា) មាន​កម្មករ ៦៨៣នាក់ និងក្រុមហ៊ុន ហាយធិច មានកម្មករ ២,៥៣២នាក់ ដែលកម្មករ​ត្រូវ​បាន​ទូទាត់​ប្រាក់​ឈ្នួល និងប្រាក់បំណាច់ផ្សេងៗស្របតាមច្បាប់។ ចំណែកក្រុមហ៊ុន នី ឌិច ដាយ ខាសធីង (ខេមបូឌា) មានកម្មករ ៧២៤នាក់ គ្រោងបិទដំណើរការនៅខែតុលា ឆ្នាំ២០២៦ ដោយក្រសួង​នឹង​បន្ត​តាម​ដាន ដើម្បីធានាការទូទាត់សិទ្ធិ និងអត្ថប្រយោជន៍ជូនកម្មករតាមច្បាប់។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានចុះដល់​ទីតាំង​រោងចក្រ​ដែល​រង​ផល​ប៉ះ​ពាល់​ដោយនាំក្រុមហ៊ុនទៅជាមួយដើម្បីចុះឈ្មោះកម្មករដែលមានបំណងស្វែងរកការងារថ្មី ព្រោះ​សហគ្រាសដែលកំពុងត្រូវការកម្លាំងពលកម្មច្រើនជំនាញ។ សម្រាប់កម្មករ​ដែល​ចង់​ផ្លាស់​ប្តូរ​មុខ​របរ ក្រសួងក៏ផ្តល់ឱកាសឱ្យទទួលបានការបណ្តុះបណ្តាលជំនាញថ្មីដោយឥតគិតថ្លៃផងដែរ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា «រាល់​ការ​បិទរោងចក្រ គឺជារឿងដែលយើងមានការសោកស្តាយ ជាពិសេស​ផល​ប៉ះពាល់​លើ​បង​ប្អូន​យើង​។ ប៉ុន្តែអ្វីដែលក្រសួងយកចិត្តទុកដាក់បំផុត គឺធ្វើយ៉ាងណាធានាសិទ្ធិ និងអត្ថ​ប្រយោជន៍​ស្រប​ច្បាប់​របស់បងប្អូន ជួយផ្គូផ្គងការងារថ្មី និងផ្តល់ឱកាសរៀនជំនាញថ្មីដោយឥតគិតថ្លៃ។ ជាក់​ស្តែង មន្ត្រី NEA របស់យើងបានចុះផ្ទាល់ដល់ទីតាំងរោងចក្រនិងផ្គូផ្គងឱកាសការងារជូន»។

លោកបន្តថា ទោះមានរោងចក្រមួយចំនួនរងផលប៉ះពាល់ក៏ដោយ ស្ថានភាពរោងចក្រ សហ​គ្រាស ​និងការងារនៅកម្ពុជាជារួមនៅតែបន្តកើនឡើង។ ក្នុងឆ្នាំ២០២៥ កម្ពុជាមានរោងចក្រ សហ​គ្រាស​កើនថ្មីប្រមាណ ២,០០០ ខណៈក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦ មាន​ការ​កើន​ថ្មី​ចំនួន​ ៨៤៥ និងបង្កើតការងារថ្មីរាប់ម៉ឺនកន្លែង។

បន្ថែមពីនេះ បច្ចុប្បន្នមាន ឱកាសការងារនៅកម្ពុជាជាង ៩ម៉ឺនកន្លែង កំពុង​រង់​ចាំ​បង​ប្អូន​ដែល​មាន​បំណង​ស្វែង​រកការងារ។ ក្រសួងនឹងបន្តជំរុញការផ្គូផ្គងការងារជូនបងប្អូនកម្មករដែលរងផលប៉ះពាល់ ដើម្បី​ឱ្យ​ពួក​គាត់​អាច​ទទួល​បាន​ការងារ និងប្រាក់ចំណូលឡើងវិញបានឆាប់រហ័ស៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia