Connect with us

ព័ត៌មាន

ឯកឧត្តម ហ៊ុន ម៉ានី៖ ភាពជោគជ័យរបស់និស្សិតជ័យលាភីអាហារូបករណ៍ គឺស្មើនឹងភាពជោគជ័យរបស់ប្រទេសជាតិ

ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភីអាហារូបករណ៍ចំនួន ៤២រូប (ទៅសាធារណរដ្ឋបារាំង ១៣រូប សាធារណរដ្ឋឆែក ១៨រូប ប្រទេសអៀរឡង់ ១០រូប និងប្រទេសកូរ៉េខាងត្បូង ១រូប) មុនពេលពួកគាត់ចេញទៅបន្តការសិក្សានៅក្រៅប្រទេស។

ផ្តើមដោយស្នាមញញឹម និងប្រសាសន៍ចូលរួមអបអរសាទរដល់និស្សិតទាំង៤២រូប ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អមជាមួយថ្នាក់ដឹកនាំ បានចែករំលែកបទពិសោធល្អៗ ទស្សនៈវិស័យ និងការប្តេជ្ញាចិត្តពីការទៅបន្តការសិក្សានៅក្រៅប្រទេស ដែលខ្លួនធ្លាប់បានឆ្លងកាត់ និងជំរុញលើកទឹកចិត្តដល់និស្សិតគ្រប់រូប ត្រូវខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់ចំណេះវិជ្ជាពីសាលាផង និងពីសង្គមខាងក្រៅផង និងត្រូវចូលរួមបំពេញតួនាទីជាអ្នកផ្សព្វផ្សាយឱ្យបរទេសស្គាល់ពីកម្ពុជា ដោយភាពជាតំណាងប្រទេស និងប្រជាជនខ្មែរ។

ជាអនុសាសន៍ណែនាំ និងតម្រង់ទិសទៅដល់និស្សិតជ័យលាភីគ្រប់រូប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានបង្ហាញពីការវិវឌ្ឍនៃវិស័យមុខងារសាធារណៈ ជាពិសេសការកែទម្រង់រដ្ឋបាលសាធារណៈរបស់កម្ពុជា ដើម្បីរៀបចំប្រព័ន្ធរដ្ឋបាលសាធារណៈ និងជាកេរតំណែលសម្រាប់អ្នកជំនាន់ក្រោយ។

ជាចុងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជូនពរនិស្សិតគ្រប់រូប ទទួលបានជោគជ័យ ជួបតែសុខសុវត្ថិភាព ហើយត្រលប់មកវិញជាមួយកិត្តិយសសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia