Connect with us

ព័ត៌មាន

ការដាក់បញ្ចូលបេក្ខភាពតំបន់រ៉ាមសារព្រែកទាល់ជាឧទ្យានបេតិកភណ្ឌអាស៊ាននឹងអាចជំរុញវិស័យទេសចរណ៍

ការដាក់បញ្ចូលបេក្ខភាពតំបន់រ៉ាមសារព្រែកទាល់ជាឧទ្យានបេតិកភណ្ឌអាស៊ាន នឹងផ្តល់ផលប្រ​យោ​ជន៍​ជាច្រើនដល់ប្រទេសកម្ពុជា ពោលមានដូចជា៖ ការលើកកម្ពស់ការអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះរបស់កម្ពុជា ជាពិសេសជំរុញវិស័យទេសចរណ៍ និងលើកកម្ពសជីវភាពពលរដ្ឋរស់នៅក្នុងសហគមន៍។ នេះបើតាមការយល់ឃើញរបស់អ្នកនាំពាក្យក្រសួងបរិស្ថាន។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ បានប្រាប់BTVឱ្យដឹងថា ការដាក់បញ្ចូលបេក្ខភាពតំបន់រ៉ាមសារព្រែកទាល់ជា ឧទ្យានបេតិកភណ្ឌអាស៊ាន (ASEAN Heritage Park) គឺជាជំហានយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ និងជាមោទនភាពជាតិដ៏ធំធេង ដែលក្រសួងបរិស្ថានបានខិតខំរួមគ្នាជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ជំហាននេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រសួងបរិស្ថាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងភាគីពាក់ព័ន្ធក្នុងការការពារ អភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាននេះ ឲ្យមាននិរន្តរភាពទៅថ្ងៃអនាគត ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរបស់ក្រសួងបរិស្ថាន។

ឯកឧត្តមបានបន្តថា ការដាក់បញ្ចូលបេក្ខភាពតំបន់រ៉ាមសារព្រែកទាល់ជាឧទ្យានបេតិកភណ្ឌអាស៊ាន គឺផ្តល់ផលវិជ្ជមានយ៉ាងខ្លាំងដល់ការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះរបស់កម្ពុជា នៅក្នុងនោះការលើកកម្ពស់ការពារធនធានធម្មជាតិ និងអភិរក្ស ព្រោះតំបន់រ៉ាមសារព្រែកទាល់ជាជម្រកបន្តពូជ ពងកូនសត្វស្លាបទឹកជិតផុតពូជ និងងាយរងគ្រោះជាសាកល កំពុងរស់នៅទីនោះ និងម្យ៉ាងវិញទៀត បានទាក់ទាញភ្ញៀវទេសចរ អ្នកសិក្សាស្រាវជ្រាវ និងលើកកម្ពស់ជីវភាពពលរដ្ឋរស់នៅក្នុងសហគមន៍ផងដែរ។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ានលើកទី២៨ និងកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ាន លើកទី៣៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ រដ្ឋសមាជិកអាស៊ាន បានគាំទ្រ និងឯកភាពដាក់បញ្ចូលបេក្ខភាពតំបន់រ៉ាមសារព្រែកទាល់ទៅជាតំបន់ឧទ្យានបេតិកភណ្ឌអាស៊ានឆ្នាំ២០២៦។

តំបន់រ៉ាមសារព្រែកទាល់ ស្ថិតនៅក្នុងខេត្តបាត់ដំបង ដែលផ្ទៃដីជាង២ម៉ឺនហិតា ដែលសំបូរសត្វកំពុងរងការគំរាមកំហែងជាសាកល ដូចជា ក្រពើភ្នំ ត្រីគល់រាំង និងត្រីរាជជាដើម។ ក្រៅពីនេះ ក៏មានព្រៃលិចទឹក សំបូរសត្វស្លាបទឹក និងភូមិអណ្ដែតទឹក ដែលអំណាយផលដល់អេកូទេសចរណ៍ធម្មជាតិ។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ន ប្រទេសកម្ពុជាមានឧទ្យានបេតិកភណ្ឌអាស៊ានចំនួនពីររួមមាន៖ឧទ្យានជាតិវីរៈជ័យ ស្ថិតនៅខេត្តរតនគិរី និងស្ទឹងត្រែង និងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ស្ថិតនៅខេត្តកំពត ត្រូវដាក់បញ្ចូល និង អនុម័តជាផ្លូវការនៅឆ្នាំ២០០៣។ អត្ថបទ៖ ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia