ព័ត៌មាន
ក្រសួងបរិស្ថានជាមួយដៃគូប្រកាសអនុវត្តគម្រោងសាកល្បងប្រព័ន្ធញែកសំរាម សំណល់រឹងតាមលំនៅឋាន ក្នុងក្រុងបាត់ដំបង
គម្រោងសាកល្បងញែកសំរាម សំណល់រឹងនៅតាមលំនៅឋាន ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបង បានត្រូវប្រកាសចាប់ផ្តើមនៅ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នាសាលាក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក Frank Jattke ប្រធានក្រុមការងារអាស៊ានទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) និងសហការី និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើននាក់។

ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខត្តបាត់ដំបង បានថ្លែងស្វាគមន៍ដោយបានលើកឡើងថា បរិមាណសំណល់ក៏មានការកើនឡើងជាបន្តបន្ទាប់ នៅក្រុងបាត់ដំបង។ ឯកឧត្តមសង្ឃឹមថា គម្រោងខាងលើនឹង មានការគ្រប់គ្រងបានត្រឹមត្រូវ នូវសំណល់ដែលយើងបោះចោលជារៀងរាល់ថ្ងៃ និងរួមចំណែកទប់ស្កាត់ការបំពុលបរិស្ថាន ប៉ះពាល់ដល់សុខភាពសាធារណៈ សោភ័ណភាពទីក្រុង។

ស្របពេលជាមួយគ្នា ខេត្តបាត់ដំបងកំពុងតែមានការគ្រប់គ្រងសំណល់រឹង បានល្អប្រសើរជាបណ្តើរៗ ដែលចាំបាច់មានការរៀបចំអនុវត្តគម្រោង ដែលតម្រូវឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋ មានការផ្លាស់ប្តូរទម្លាប់នៃការចោលសំរាមទៅជា មានការទុកដាក់សំរាម និងញែកសំរាមប្រកបដោយចីរភាព។

លោក Frank Jattke ប្រធានក្រុមការងារអាស៊ានទីភ្នាក់ងារអាល្លឺម៉ង់ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) បានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាការកើនឡើងសំរាម នៅតាមទីប្រជុំជន ក្រសួងបរិស្ថាន និងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) កំពុងអនុវត្តគម្រោងគំនិតផ្តួចផ្តើមកំណើនបៃតងសម្រាប់សេដ្ឋកិច្ចចក្រាសម្រាប់ការគ្រប់គ្រងសំណល់ប្រកបដោយចីរភាព (GGI4CE) ដើម្បីដាក់បញ្ចូលនូវគោលការណ៍សេដ្ឋកិច្ចចក្រាទៅក្នុងប្រព័ន្ធគ្រប់គ្រងសំណល់ដែលមានស្រាប់ក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសនេះ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ការចាប់ផ្តើមគម្រោងសាកល្បងនៅថ្ងៃនេះ មិនមែនគ្រាន់តែជាការដាក់ឱ្យអនុវត្តនូវវិធីសាស្ត្រថ្មីក្នុងការគ្រប់គ្រងសំរាម សំណល់រឹងប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃ ការផ្លាស់ប្តូរទម្លាប់ និងឥរិយាបថរបស់ប្រជាពលរដ្ឋចំពោះសំណល់ ដោយចាប់ផ្តើមពីកន្លែងដែលយើងរស់នៅ និងពីគ្រួសាររបស់យើងផ្ទាល់។
ក្រសួងបរិស្ថាន បាន និងកំពុងផ្តោតសំខាន់លើ ការញែកសំរាម សំណល់រឹងនៅនឹងប្រភព ពោលគឺការញែកសំណល់ចាប់ពីកន្លែងដែលសំណល់ត្រូវបានបង្កើតឡើង ជាពិសេសនៅតាមលំនៅឋាន សាលារៀន ស្ថាប័ន និងទីតាំងអាជីវកម្មនានា។
ការញែកសំណល់នៅប្រភព នឹងជួយឱ្យយើងអាចកាត់បន្ថយបរិមាណសំណល់ដែលត្រូវយកទៅបោះចោល បង្កើនការកែច្នៃ និងប្រើប្រាស់ធនធានឡើងវិញ ព្រមទាំងកាត់បន្ថយការចំណាយក្នុងការប្រមូល និងដឹកជញ្ជូនសំណល់។
ឯកឧត្តម បានថ្លែងអំណរគុណចំពោះ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ សមាគម អង្គការសង្គមស៊ីវិល អ្នកស្រឡាញ់បរិស្ថាន រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរ មូលដ្ឋាន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងជាពិសេសប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួម និងគាំទ្រការ អភិវឌ្ឍ ដើម្បីភាពស្អាត បៃតង និងនឭចីរភាព នៅកម្ពុជា។
សូមបញ្ជាក់ថា គម្រោងសាកល្បងញែកសំរាម សំណល់រឹងនៅតាមលំនៅឋាន ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបង ផ្តោតលើការរៀបចំ ប្លុកទី២ (រួមមានផ្លូវលេខ១, ១.៥, ២, ២.៥, និងផ្លូវលេខ៣) ជាតំបន់ប្រមូលម្តុំទៅដោយអាជីកម្ម ពាណិជ្ជកម្មដែលមានដង់ស៊ីតេប្រជាជនខ្ពស់ ដែលស័ក្តិសមសម្រាប់ការសាកល្បងគំរូញែកសំរាមនៅតំបន់ទីប្រជុំជន។ ប្លុកទី៣ (សហគមន៍កំពង់ក្របី) វិញ គឺជាសហគមន៍ដែលមានការរស់នៅបែបប្រមូលម្តុំដីឡូត៍តូចៗ និងមានប្រជាជនប្រហែល១០០គ្រួសារ។ ការរស់នៅបែបចង្អៀតគ្នាពុំសូវមានដីទំនេរ ផ្លូវចូលតូចចង្អៀត ដែលអាចធ្វើឱ្យយើងអាចរៀនពីរបៀបគ្រប់គ្រងសំរាមក្នុងរយៈពេលនៃការសាកល្បងនេះ។ ការសាកល្បងនៅប្លុកទាំងពីរនេះនឹងណែនាំអំពីប្រព័ន្ធញែកសំរាមជាក់ស្តែងជាបីប្រភេទ រួមមានសំរាមសរីរាង្គ សំរាមកែច្នៃឡើងវិញ និងសំរាមផ្សេងៗ៕







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣