ព័ត៌មាន
កម្ពុជា-អាម៉េរិក បង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀនឆ្លងដែន : ចាប់ខ្លួនជនបរទេសជាច្រើននាក់ រឹបអូសសារធាតុគីមីសម្រាប់ផលិតគ្រឿងញៀនច្រើនជាង១តោន និងគ្រឿងញៀនខុសច្បាប់ជាង២០០គីឡូក្រាម
ការបង្ក្រាបបានដោយជោគជ័យ បទល្មើសគ្រឿងញៀនខ្នាតធំមួយ លើដីកោះខេត្តព្រះសីហនុ កាលពីខែកក្កដា ឆ្នាំ២០២៦ បានក្លាយជាទឡ្ហីករណ៍ជាក់ស្ដែងថ្មីមួយទៀតដែលបញ្ជាក់ពីស្នាដៃ នៃកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មាន រវាងកម្លាំងអនុវត្តច្បាប់កម្ពុជា និងសហរដ្ឋអាម៉េរិក។ លទ្ធផលនេះ ត្រូវបានស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា និងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ចាត់ទុកថាជាការរួមចំណែករវាងប្រទេសទាំងពីរ ដើម្បីប្រឆាំងឧក្រិដ្ឋកម្មគ្រឿងញៀនឆ្លងដែន និងឧក្រិដ្ឋកម្មមានការរៀបចំជាប្រព័ន្ធ។
នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា បានពិពណ៌នាលើទំព័រហ្វេសប៊ុកផ្លូវការអំពីការចាប់ដៃគ្នារវាងរដ្ឋបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនអាម៉េរិក ហៅកាត់ថា DEA និងនគរបាលប្រឆាំងគ្រឿងញៀនកម្ពុជា ហៅកាត់ថា ADP រហូតឈានដល់ការចាប់ខ្លួនជនបរទេសពាក់ព័ន្ធនឹងប្រតិបត្តិការជាច្រើននាក់ ព្រមទាំងរឹបអូសទ្រព្យសម្បត្តិ ទីតាំងស្តុកទុក រួមទាំងសារធាតុគីមីសម្រាប់ផលិតគ្រឿងញៀនច្រើនជាង១តោន និងគ្រឿងញៀនខុសច្បាប់ជាង២០០គីឡូក្រាម។
បើតាមស្ថានទូតអាម៉េរិក កិច្ចសហប្រតិបត្តិការរវាង ការិយាល័យ DEA ប្រចាំនៅរាជធានីភ្នំពេញ និងរដ្ឋ New Jersey ក៏បានជួយឱ្យរដ្ឋបាលក្រុងវ៉ាស៊ីនតោន រកឃើញបណ្តាញក្នុងស្រុកមួយ ដែលមានប្រតិបត្តិការលាងលុយតាមរូបិយប័ណ្ណគ្រីបតូ (cryptocurrency) ឱ្យក្រុម Sinaloa Cartel។ ស្ថានទូតបានចាត់ទុកប្រតិបត្តិការជាមួយកម្ពុជាទាំងនេះជាប្រតិបត្តិការកម្រិតខ្ពស់ និងជាការបង្ហាញពីតួនាទីដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីរុះរើបណ្តាញឧក្រិដ្ឋកម្មសកល និងការការពារប្រជាពលរដ្ឋអាមេរិក និងកម្ពុជា។
ពីចំណែកកម្ពុជា លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងនៅថ្ងៃទី២០ ខែសីហានេះថាកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់កម្ពុជា និងអាម៉េរិក មិនមែនទើបតែមានថ្មីថ្មោងនេះទេ ប៉ុន្តែគឺជាបច្ច័យវិជ្ជមានថ្មីមួយទៀតដែលបានមកពីការបន្តនយោបាយដឹកនាំរវាងថ្នាក់ដឹកនាំកម្ពុជា និងសហរដ្ឋអាម៉េរិក។ លោកបានបន្ថែមក្នុងន័យដើមថា«យើងបានធ្វើការងារជាមួយគ្នាជាច្រើនទសវត្សរ៍មកហើយ ទៅលើការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន ជាពិសេសគឺបញ្ហាគ្រឿងញៀននេះតែម្តង»។
បើតាមលោក ទូច សុឃៈ បច្ចុប្បន្ន កម្ពុជា និងអាម៉េរិក បានកំពុងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយបង្កើនសកម្មភាពថ្មីៗជាច្រើន ដើម្បីឆ្លើយតបការវិវត្តបទល្មើសឆ្លងដែន ដូចជាគ្រឿងញៀនជាដើម ហើយថាកម្ពុជាក៏បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយការិយាល័យស៊ើបអង្កេតប្រព័ន្ធផ្សព្វផ្សាយសហព័ន្ធ (FBI) លើការងារជំនាញ ព័ត៌មាន និងផ្លូវច្បាប់ ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាពនៃរដ្ឋ។
អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏មិនខុសពីរាជរដ្ឋាភិបាលនីតិកាលកន្លងទៅដែរ គឺតែងតែ និងបានបន្តបើកទូលាយជាមួយរាល់កិច្ចសហប្រតិបត្តិការជាអន្តរជាតិ ដើម្បីកម្ចាត់ទាំងបញ្ហាគ្រឿងញៀន និងបទល្មើសឆ្លងដែននានា សំដៅធានានាំមកនូវវិបុលភាពជូនប្រជាជនកម្ពុជា អាម៉េរិក និងមនុស្សជាតិលើពិភពលោក៕



-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
កីឡា1 week agoកម្ពុជា-អាមេរិក បេ្ដជ្ញាចិត្ត បន្ដពង្រឹងកិច្ចសហប្រតិបត្តការល្អ ចែករំលែកព័ត៌មានគ្នាទៅវិញទៅមកប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់
-
ព័ត៌មាន3 days agoទូតចិនប្រចាំកម្ពុជា៖ ចិន និងកម្ពុជា ជាមិត្តដែកថែបដែលជឿទុកចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាគ្រប់កាលៈទេសៈ
-
ព័ត៌មាន5 days agoកងរាជអាវុធហត្ថចាប់ខ្លួនឈ្មោះ ប៉េង ជីវ៉ា ដែលប្រើប្រាស់ឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធដោយខុសច្បាប់ និងបានប្រើឈ្មោះថ្នាក់ដឹកនាំទៅឆបោកប្រជាពលរដ្ឋ
-
ព័ត៌មាន2 days ago២០ខែមកនេះការកសាងផ្លូវក្រវាត់ព្រំដែនបានប្រវែងផ្លូវជាង ២៦៤ គីឡូម៉ែត្រ ស្នើនឹងប្រមាណ ៩៨,៨៧%
-
កីឡា4 days agoសហព័ន្ធទ្រីយ៉ាត្លុងត្រៀមបញ្ជូនកីឡាការិនី២រូប ចូលរួមប្រកួតកីឡាអាស៊ី នៅប្រទេសជប៉ុន ខែក្រោយ
-
ព័ត៌មាន1 week agoការគាំងបេះដូង និងបញ្ហាផ្លូវដង្ហើម គឺជាស្ថានភាពបន្ទាន់ដែលតម្រូវឱ្យមានការសង្គ្រោះទាន់ពេលវេលា