Connect with us

ព័ត៌មាន

ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន៖ ISC ជាសញ្ញាប្រាប់ទៅកាន់ពិភពលោកថា កិច្ចសន្ទនារវាងសភា និងសភា ពិតជាមានសារៈសំខាន់ណាស់

ថ្លែងក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម Syed Yousaf Raza Gilani ប្រធានស្ថាបនិកសន្និសីទប្រធានសភាអន្តរសភា និងជាប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន ព្រឹទ្ធសភា និងប្រជាជនកម្ពុជា ចំពោះបដិសណ្ឋារកិច្ចដ៏វិសេសវិសាល។ ហើយសូម សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ វត្តមានរបស់អ្នកចូលរួមនាថ្ងៃនេះ គឺជានិមិត្តរូបដ៏គួរឱ្យកោតសរសើរ ដែលបង្ហាញពីការគាំទ្រ និងការលើកទឹកចិត្តចំពោះសន្និសីទប្រធានសភានៃអន្តរសភា (ISC)។
ឯកឧត្តមបានបន្តថា វាគូសបញ្ជាក់ឱ្យឃើញពីសារៈសំខាន់ដែលកម្ពុជាផ្តល់ជូនចំពោះវេទិកានេះ ក៏ដូចជាចំពោះការជួបជុំរបស់ថ្នាក់ដឹកនាំសភាមកពីជុំវិញពិភពលោក។ វាជាសញ្ញាប្រាប់ទៅកាន់ពិភពលោកថា កិច្ចសន្ទនារវាងសភា និងសភា ពិតជាមានសារៈសំខាន់ណាស់។
ឯកឧត្តមបានបន្តថា នៅពេលក្រឡេកទៅមើលពីចំណុចដែលយើងបានចាប់ផ្តើម ពិតជាមានមោទនភាពយ៉ាងខ្លាំង។ កាលពីខែវិច្ឆិកាឆ្នាំមុន យើងបានដាំគ្រាប់ពូជនៃសន្និសីទ ISC នៅទីក្រុងអ៊ីស្លាម៉ាបាដ តាមរយៈការរៀបចំ សន្និសីទលើកទី១។ ថ្ងៃនេះ គ្រាប់ពូជនោះបានដុះលូតលាស់ឡើងហើយ។ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ ISC លើកទី២។ យើងមិនត្រឹមតែមានចំនួនសមាជិកកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានបណ្តុះឡើងនូវទំនុកចិត្តរវាងយើងទាំងអស់គ្នា ភាពពាក់ព័ន្ធគ្នា និងគោលបំណងរួមគ្នា។ មកដល់ត្រង់នេះ ខ្ញុំចង់សង្កត់ធ្ងន់លើចំណុចមួយ។ សន្និសីទ ISC ជាកម្មសិទ្ធិរបស់សភាទាំងឡាយណាដែលជឿជាក់លើកិច្ចសន្ទនា ជំនួសឱ្យការឈ្លោះទាស់ទែងគ្នា។ វាជាកម្មសិទ្ធិរបស់ប្រធានសភាគ្រប់រូប ដែលជឿជាក់ថា សភាអាចដើរតួនាទីជាអ្នកសាងស្ពានតភ្ជាប់ មិនមែនគ្រាន់តែជាអ្នកឈរមើលនោះទេ។ ឯកឧត្តមលើកទឹកចិត្តសភាគ្រប់ប្រទេស ឱ្យចូលរួមយ៉ាងសកម្មក្នុងវេទិកានេះ ពោលគឺត្រូវចូលរួម ត្រូវរួមចំណែក និងត្រូវ កំណត់អនាគតរបស់វេទិកានេះ ពីព្រោះថា បញ្ហាប្រឈមដែលយើងកំពុងជួបប្រទះ ដូចជា ជម្លោះ ការប្រែប្រួល អាកាសធាតុ វិសមភាពសេដ្ឋកិច្ច និងអំពើភេរវកម្ម មិនមានព្រំដែនកំណត់ឡើយ។ ដូច្នេះ ដំណោះស្រាយ របស់យើងក៏មិនគួរត្រូវបានកំណត់នៅត្រឹមព្រំដែនដែរ។ សន្និសីទ ISC ត្រូវបានកសាងឡើងដើម្បីបង្កើតលំហ មួយសម្រាប់ជួយឱ្យកិច្ចសន្ទនាពិតប្រាកដ និងកិច្ចសហប្រតិបត្តិការសភាប្រកបដោយភាពស្មោះស្ម័គ្រ អាចរីក ចម្រើនទៅមុខបាន។ លំហនោះគឺជារបស់អ្នកទាំងអស់គ្នា។ ដូចនេះ សូមប្រើប្រាស់លំហនេះ។
ឯកឧត្តមបានបញ្ជាក់ថា សាមគ្គីភាពមានន័យថា ការតស៊ូរបស់អ្នក គឺជាការតស៊ូរបស់ខ្ញុំ។ សន្តិភាពរបស់អ្នក គឺជាសន្តិភាពរបស់ ខ្ញុំ។ វិបុលភាពរបស់អ្នក គឺជាវិបុលភាពរបស់ខ្ញុំ។ សភាមិនមែនជាអ្នកឈរមើលនោះទេ។ យើងជាអ្នកជំរុញ ការកសាងទំនុកចិត្ត។ ជាអ្នកកសាងការឯកភាពគ្នា។ ការទូតសភាបានក្លាយជាយន្តការដ៏សំខាន់មិនអាចខ្វះ បាន ដោយវាបង្កើតវេទិកាបន្ថែមសម្រាប់កិច្ចសន្ទនា និងទំនុកចិត្តទៅវិញទៅមក នៅពេលការទូតបែបប្រពៃណី ឈានដល់ដែនកំណត់របស់ខ្លួន។
ឯកឧត្តមបានបញ្ជាក់ថា ដំណើរវិវឌ្ឍន៍របស់កម្ពុជាគឺជាមេរៀនដ៏មានតម្លៃ។ បន្ទាប់ពីបានឆ្លងកាត់ជម្លោះអស់ជាច្រើនទសវត្សរ៍ មុនពេលសម្រេចបាននូវសន្តិភាព តាមរយៈការផ្សះផ្សាជាតិ នៅឆ្នាំ១៩៩៨ កម្ពុជាបានបង្ហាញឱ្យយើងទាំងអស់គ្នា មើលឃើញថា សន្តិភាពផ្តល់នូវមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការកាត់ បន្ថយភាពក្រីក្រ។ ភ្នំពេញនាពេលបច្ចុប្បន្ន គឺជាការក្រើនរំឭកដល់យើងទាំងអស់គ្នាថា សង្គមមួយអាចស្តារឡើងមកវិញ បានពីការបែកបាក់គ្នា តាមរយៈកិច្ចសន្ទនា ការផ្សះផ្សា និងការប្តេជ្ញាចិត្តឥតងាករេចំពោះឯកភាពជាតិ៕
អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia