Connect with us

ព័ត៌មាន

សម្តេចតេជោអង្គុយមើលសង្គ្រាមផ្សែងហុយក៏ធ្វើឱ្យថប់ដង្ហើមដែរ ព្រោះមិនមែនជាបញ្ហាដាច់ដោយឡែក

ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានសន្និសីទប្រធានព្រឹទ្ធសភា នៃអន្តរសភាលើកទី២ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា ត្រឹមតែអង្គុយមើលភ្លើងសង្គ្រាម នៅតំបន់ដទៃក៏ដោយ ក៏ផ្សែងហុយអាចធ្វើឱ្យយើងថប់ដង្ហើមដូចគ្នាដែរ។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើក «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២» (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។
សម្ដេចតេជោ ហ៊ុន សែន បានថា៖«ការពិតនាពេលបច្ចុប្បន្ន បានក្រើនរំលឹកយើងថា ទោះបីជាយើងត្រឹមតែអង្គុយមើល ភ្លើងសង្គ្រាមនៅតំបន់ដទៃក៏ដោយ ក៏ផ្សែងហុយអាចធ្វើឱ្យយើងថប់ដង្ហើមដូចគ្នា»។
សម្ដេចតេជោ បានលើកឡើងថា ផលប៉ះពាល់សេដ្ឋកិច្ច ដែលបណ្តាលមកពីសង្គ្រាមនៅឆ្ងាយៗ មិនមែនជារឿងដាច់ដោយឡែកទៀតទេ តែបានប៉ះពាល់ដោយផ្ទាល់ ដល់សេដ្ឋកិច្ចក្នុងស្រុករបស់យើង តាមរយៈតម្លៃប្រេង ឥន្ធនៈដែលហក់ឡើងយ៉ាងគំហុក ការផ្តាច់ចរន្តទីផ្សារនាំចេញ និងអត្រាអតិផរណាដែលកាន់តែខ្ពស់។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សំណួរដ៏សំខាន់ដែលយើងត្រូវសួរខ្លួនឯងនៅថ្ងៃនេះ គឺថា តើយើងត្រូវបន្ថែមភ្នក់ភ្លើង របស់ប្រទេសដទៃ ឬមួយក៏យើងត្រូវខិតខំពន្លឿនការរៀបចំ ផ្ទះសម្បែងឱ្យបានរៀបរយពន្លឿន ការបង្កើតប្រព័ន្ធប្រកាសអាសន្នផ្ទៃក្នុង និងរៀបចំឧបករណ៍ពន្លត់អគ្គិភ័យរបស់យើង?
ចម្លើយគឺច្បាស់លាស់ថា យើងដាច់ខាតមិនត្រូវចូលរួមបន្ថែមភ្នក់ភ្លើងសង្គ្រាមឡើយ ហើយក៏មិនត្រូវលោតចូល ទៅក្នុងល្បែងជម្លោះរបស់មហាអំណាច ដែលកំពុងប្រកួតប្រជែងគ្នាដែរ។ នេះជាការគូសបញ្ជាក់ របស់សម្ដេចតេជោ ហ៊ុន សែន៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia