ព័ត៌មាន
ប្រតិភូជាន់ខ្ពស់សភាប្រទេសនានាស្ងើចសរសើរ ចំពោះសុន្ទរកថា និងភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ
ប្រតិភូជាន់ខ្ពស់សភាមកពីបណ្ដាប្រទេសនានា បានបង្ហាញការស្ងើចសរសើរចំពោះភាពជាអ្នកដឹកនាំ និងសុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន សន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំនៅរាជធានីភ្នំពេញនៅថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦នេះ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា និងជាអ្នកនាំពាក្យ សន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានថ្លែងតាមរយៈសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃន្និសីទនេះថា ក្នុងសន្និសីទនេះសម្ដេចតេជោ ហ៊ុន សែន មានជំនួបទ្វេភាគីជាមួយនឹងបណ្ដាប្រតិភូជាន់ខ្ពស់សភាមកពីបណ្ដាប្រទេសនានារហូតទៅដល់ ៩ ជំនួបផ្សេងគ្នា។

ក្នុងជំនួបទាំង៩នោះ សម្ដេចតេជោ និងប្រតិភូជាន់ខ្ពស់សភាមកពីបណ្ដាប្រទេសនានា បានជជែកគ្នាពីទំនាក់ទំនងទ្វេភាគី និងតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ ជាពិសេសការពង្រីកនូវតួនាទីរបស់ សន្និសីទប្រធានសភា នៃអន្តរសភា (ISC) ដែលពេលនេះកំពុងតែដើរតួនាទីយ៉ាងសំខាន់ ដែលសម្ដេចតេជោ បានលើកឡើងថា ជាតួនាទីមួយអចិន្រ្ដៃយ៍សម្រាប់ជួយដោះស្រាយបញ្ហារបស់ពិភពលោក។
ក្នុងនោះសម្ដេចតេជោ ក៏មានជំនួបទ្វេភាគីជាមួយប្រធានព្រឹទ្ធសភារបស់ឥណ្ឌូណេស៊ី ដោយបានជជែកពីកិច្ចសហប្រតិបត្តិការទ្វេភាគីរួមទាំងតួនាទីរបស់ ISC ដែលប្រទេសឥណ្ឌូណេស៊ីនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៅក្នុងសន្និសីទលើកទី៣ នៅឆ្នាំ២០២៧ខាងមុខ ដោយភាគីទាំងពីរបានជជែកផ្លាស់ប្ដូរយោបល់គ្នាចំពោះការរៀបចំសន្និសីទនេះឱ្យស្របទៅនឹងពេលវេលារបស់ឥណ្ឌូណេស៊ីនាពេលខាងមុខផងដែរ។

ឯកឧត្តម ជា ធីរិទ្ធ បញ្ជាក់ថា៖«…នៅពេលដែលប្រតិភូនៃតំណាងសភាតាមបណ្ដាប្រទេសនានាបានជួបសម្ដេចតេជោ គឺសុទ្ធតែកោតសរសើរចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោកបានពលិកម្មគ្រប់បែបយ៉ាង ហើយជាពិសេសគឺនយោបាយឈ្នះឈ្នះ ហើយជាពិសេសនោះប្រតិភូស្ទើតែទាំងអស់បានបង្ហាញនូវការចាប់អារម្មណ៍ចំពោះសុន្ទរកថាបើករបស់សម្ដេចតេជោកាលពីម្សិលមិញ ដែលជាសុន្ទរកថាដ៏មានការចាប់អារម្មណ៍»។
ឯកឧត្តម ធីរិទ្ធ បានលើកឡើងនៅប្រសាសន៍របស់ ឧត្ដម Farah Maalim, សមាជិកសភានៃសាធារណរដ្ឋកេនយ៉ា បានលើកឡើងថា សុន្ទរកថារបស់សម្ដេចតេជោ គឺជាសុន្ទរកថាល្អឥតខ្ចោះ ដែលលោកខានបានស្ដាប់រាប់ឆ្នាំមកហើយ មិនដែលឃើញសុន្ទកថាណាល្អបែបនេះនោះទេ។

សូមជម្រាបថា ក្រោយបញ្ចប់សន្និសីទសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦, អង្គសន្និសីទ បានចេញសេចក្តីប្រកាសទីក្រុងភ្នំពេញស្ដីពីសាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី។ តាមរយៈសន្និសីទនេះ ប្រធានសភា និងតំណាងសភាមកពីតំបន់ផ្សេងៗជុំវិញពិភពលោក ពិចារណាឃើញថា សហគមន៍អន្តរជាតិនៅតែបន្តប្រឈមមុខនឹងបញ្ហាប្រឈមដ៏ស្មុគស្មាញជាច្រើន រួមមាន ជម្លោះ ភាពតានតឹងភូមិសាស្ត្រនយោបាយ ភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ការរំខានដល់លំហូរពាណិជ្ជកម្ម ការប្រែប្រួលអាកាសធាតុ អសន្តិសុខស្បៀង និងថាមពល ការរំខានផ្នែកបច្ចេកវិទ្យា និងការគំរាមកំហែងតាម ប្រព័ន្ធបច្ចេកវិទ្យា វិបត្តិមនុស្សធម៌ និងវិសមភាពដែលកំពុងតែរីកធំឡើង ដូច្នេះបណ្ដាប្រតិភូជាន់ខ្ពស់សភាបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តចំពោះអធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យភាពនយោបាយ ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋនីមួយៗ និងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយភាពពេញលេញ និងភាពប្រទាក់ក្រឡាគ្នា៕

-
ព័ត៌មាន7 days agoក្រសួងការងារបើកសិក្ខាសាលាត្រីភាគី ខណៈកិច្ចចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ នឹងចាប់ផ្តើមនាពេលខាងមុខ
-
ព័ត៌មាន1 week agoគណៈប្រតិភូកងទ័ពជើងទឹកអង់គ្លេស អញ្ជើញធ្វើទស្សនកិច្ច សម្តែងការគួរសម និងពិភាក្សាការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
កីឡា1 week agoសប្បុរសជន ចូលរួមបរិច្ចាគយ៉ាងផុសផុសក្នុងយុទ្ធនាការ «បេះដូងសប្បុរសដើម្បីភូមិរង់ចាំ»
-
កីឡា1 week agoដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាវ៉ូវីណាមជើងឯកអាស៊ី នៅកម្ពុជា ទទួលបានការគាំទ្រផុលផុសពីវិស័យឯកជន
-
ព័ត៌មាន6 days ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន6 days agoអាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង
-
កីឡា4 days agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoបុរសម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធករណីវាយម្ចាស់រថយន្ត រងរបួស