Connect with us

ព័ត៌មាន

តំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការនៅខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែ​សីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា​បើក​ការដ្ឋាន​សាង​សង់​តំបន់សេដ្ឋកិច្ចពិសេស “ភ្នំពេញ ឡូជីស្ទីក អេន អ៊ិនដាសស្រ្ទៀល ខមផ្លេកស៍” (Cambodia SuperPort) ស្ថិតក្នុងភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ការ​បើក​ការដ្ឋានសាងសង់តំបន់សេដ្ឋកិច្ចពិសេស Cambodia SuperPort នាពេលនេះ គឺ​ជា​សក្ខី​ភាព​បញ្ជាក់​យ៉ាងច្បាស់អំពីភាពប្រសើរឡើងនៃបរិយាកាសវិនិយោគនៅកម្ពុជា ក្រោម​ម្លប់​នៃ​សុខ​សន្តិភាព ​ស្ថិរភាពនយោបាយ ការឯកភាពជាតិផ្ទៃក្នុងដ៏រឹងមាំ ព្រមទាំង​គោល​នយោបាយ​បើក​ចំហ​សេដ្ឋ​កិច្ច​ទៅ​កាន់​ទីផ្សារពិភពលោក។ កត្តាអំណោយផលទាំងនេះ បាននិងកំពុង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​វិនិយោគិនជាតិ និងអន្តរជាតិ ឱ្យមកបណ្ដាក់ទុននៅកម្ពុជាកាន់តែច្រើន សំដៅ​បង្កើន​ភាព​ប្រទាក់ក្រឡានៃខ្សែច្រវាក់ផលិតកម្ម និងសេវាកម្ម ដែលចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ទប់ស្កាត់ការចំណាកស្រុក និងផ្តល់ជម្រើសការងារ​កាន់​តែ​ប្រសើរ​ជូន​ប្រជា​ពលរដ្ឋកម្ពុជា។

គម្រោងតំបន់សេដ្ឋកិច្ចពិសេស Cambodia SuperPort មានទំហំទុនវិនិយោគប្រមាណ ៣០០​លាន​ដុល្លារអាមេរិក លាតសន្ធឹងលើផ្ទៃដីប្រមាណ ១៣២ហិកតា។ នេះមិន​ត្រឹម​តែ​ជា​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋា​រចនាសម្ព័ន្ធភស្តុភារកម្មដ៏ធំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមាន​សក្ដា​នុ​ពល​ខ្ពស់​ក្នុង​ការ​លើក​កម្ពស់​សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និង​ការ​សម្រួល​ដល់​ការចរាចរទំនិញពីមូលដ្ឋានផលិតកម្មក្នុងស្រុក ទៅកាន់ទីផ្សារតំបន់ និង​អន្តរ​ជាតិ​ប្រកប​ដោយ​ប្រសិទ្ធភាព។ ជាមួយនឹងទីតាំងយុទ្ធសាស្ត្រ គម្រោងនេះនឹងបង្កើត​បាន​ជា​ចំណុច​ប្រសព្វ​ដ៏​សំខាន់ ក្នុងការតភ្ជាប់តំបន់ឧស្សាហកម្ម និងមជ្ឈមណ្ឌល​ភស្តុភារក​ម្ម​ទៅ​កាន់​បណ្តាញ​ដឹក​ជញ្ជូន​ពហុមធ្យោបាយ។ បន្ថែមពីនេះ វានឹងបង្កើតនូវប្រព័ន្ធអេកូឡូស៊ីរួមមួយ ដែល​បន្ស៊ី​គ្នា​រវាង​ហេដ្ឋា​រចនាសម្ព័ន្ធឧស្សាហកម្ម និងភស្តុភារកម្ម ដើម្បីឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​វិនិយោគិន និងធុរជនបានកាន់តែទូលំទូលាយ។

នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា តំបន់​សេដ្ឋ​កិច្ច​ពិសេស Cambodia SuperPort នឹងក្លាយជាគំរូ​ដ៏​ជោគ​ជ័យ​មួយ​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​រាជរដ្ឋាភិបាល វិស័យឯកជនក្នុងស្រុក និងដៃគូវិនិយោគអន្តរជាតិ ក្នុងការប្រែ​ក្លាយ​ចក្ខុ​វិស័យ​ទៅ​ជា​សមិទ្ធផលជាក់ស្តែង ដែលនឹងនាំមកនូវ​អត្ថ​ប្រយោជន៍​យូរ​អង្វែង​សម្រាប់​កំណើន​សេដ្ឋកិច្ច​ជាតិ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia