ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងការពារជាតិ ដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា និងពិភាក្សាអំពីការរៀបចំយន្តការ នីតិវិធី និងបែបបទសម្រាប់អនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធានាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ។

កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចលេខ ១០៤ សសរ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ដើម្បីរៀបចំ និងដឹកនាំការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាឱ្យមានប្រសិទ្ធភាព។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិក សមាជិកា មកពីគ្រប់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដែលបានចូលរួមពិភាក្សា និងផ្តល់មតិយោបល់ជាធាតុចូលដ៏មានសារៈសំខាន់ ពាក់ព័ន្ធនឹងបទដ្ឋានគតិយុត្ត យន្តការរបស់គណៈកម្មាធិការ និងការរៀបចំនីតិវិធី បែបបទ និងដំណើរការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា។
រដ្ឋមន្ត្រីក្រសួងការពារជាតិបានផ្តល់អនុសាសន៍ណែនាំដល់សមាជិក សមាជិកា គណៈកម្មាធិការជាតិកាតព្វកិច្ចយោធាទាំងអស់ ឱ្យបន្តខិតខំអនុវត្តការងារដែលនៅចំពោះមុខប្រកបដោយការទទួលខុសត្រូវ និងឱ្យបានឆាប់រហ័ស ដើម្បីធានាឱ្យការងារអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា សម្រេចបានតាមគោលដៅ និងភារកិច្ចដែលប្រមុខរាជរដ្ឋាភិបាលបានប្រគល់ជូន។

តាមសេចក្តីសម្រេចនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា។ ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ ជាអនុប្រធានអចិន្ត្រៃយ៍ និងមានអនុប្រធានចំនួន ៣រូប រួមមាន ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ក៏មានសមាជិក សមាជិកា ចំនួន ២៤រូបទៀត ដែលមកពីក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា រួមមាន តំណាងក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងយុត្តិធម៌ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមុខងារសាធារណៈ ព្រមទាំងតំណាងខុទ្ទកាល័យសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី មេបញ្ជាការកងទ័ពជើងអាកាស មេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។
ការតែងតាំងសមាសភាពគណៈកម្មាធិការជាតិកាតព្វកិច្ចយោធានេះ ធ្វើឡើងដោយផ្អែកលើព្រះរាជក្រមលេខ នស/រកម/០៥២៦/០០៨ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីកាតព្វកិច្ចយោធា និងអនុក្រឹត្យលេខ ១៧៦ អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ស្តីពីការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា។
តាមរយៈគណៈកម្មាធិការជាតិនេះ យន្តការ និងនីតិវិធីពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា នឹងត្រូវរៀបចំ និងបង្កើតជាបន្តបន្ទាប់ ដើម្បីធានាឱ្យការអនុវត្តច្បាប់មានប្រសិទ្ធភាព តម្លាភាព និងស្របតាមគោលការណ៍ច្បាប់។
ក្នុងកិច្ចប្រជុំ ក៏មានការបង្ហាញ និងពិភាក្សាអំពីពង្រាងខ្លឹមសារ នីតិវិធី និងបែបបទនៃការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលរាយការណ៍ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ីន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាសមាជិកគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា។ ជាមួយគ្នានេះ កិច្ចប្រជុំក៏បានពិភាក្សាអំពីការរៀបចំ និងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធ ដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនដែលត្រូវបំពេញកាតព្វកិច្ចយោធា បានយល់ដឹងច្បាស់លាស់អំពីសិទ្ធិ កាតព្វកិច្ច និងនីតិវិធីពាក់ព័ន្ធ។
បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយកអគ្គនាយកដ្ឋានយោធសេវា និងជាសមាជិកគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ក៏បានធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំអំពីការងារពាក់ព័ន្ធនឹងការរៀបចំ និងត្រៀមអនុវត្តកាតព្វកិច្ចយោធា៕ អត្ថបទ៖ វង្ស សុភាព





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣