ព័ត៌មាន
ក្រសួងបរិស្ថាននិងUNDP ប្តេជ្ញារួមគ្នាពង្រឹងពជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង និងរឹងមាំក្នុងការការពារបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា
ក្រសួងបរិស្ថាន បានរៀបចំកិច្ចសន្ទនាភាពជាដៃគូរវាងក្រសួងបរិស្ថាន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនៅកម្ពុជា (UNDP) នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន។ វេទិកានេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការអនុវត្តសសរស្តម្ភយុទ្ធសាស្ត្រការទូតបរិស្ថាន ដែលផ្តោតលើរបៀបវារៈសំខាន់ៗដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និង យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។
លោក Enrico Gaveglia នាយកប្រចាំប្រទេសនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការលើការការពារបរិស្ថាន ការអភិវឌ្ឍបៃតង និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ លោកនាយកអង្គការ UNDP បានលើកឡើងបន្ថែមថា UNDP មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការគាំទ្រកម្មវិធី និងការវិនិយោគ របស់កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពបរិស្ថាន។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះការចូលរួមចំណែករបស់ UNDP ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះ កិច្ចសន្ទនា នាថ្ងៃនេះ ដែលជាគំនិតផ្តួចផ្តើមដំបូងគេ ក្នុងការកសាងដៃគូដ៏រឹងមាំបន្ថែមទៀតរវាងក្រសួងបរិស្ថាន និង UNDP ក្នុងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ យូរអង្វែង និងការពន្លឿនការផ្លាស់ប្តូរ ពីគោលនយោបាយ ទៅជាសកម្មភាពជាក់ស្តែង ដើម្បីចីរភាពបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍដោយចីរភាព។
ឯកឧត្តម បានមានប្រសាសន៍ថា យើងទាំងអស់គ្នា រួមគ្នាប្រែក្លាយការប្តេជ្ញាចិត្តបរិស្ថាន និងអាកាសធាតុរបស់កម្ពុជា ឱ្យទៅជាការវិនិយោគជាក់ស្តែង និងលទ្ធផលស្ថិតស្ថេរយូរអង្វែងសម្រាប់ប្រជាជន ធម្មជាតិ និងជំនាន់ក្រោយ។
សូមបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រនេះ ក្រសួងបរិស្ថាន និង UNDP កម្ពុជា បានរុញច្រានការអនុវត្តអាទិភាពបរិស្ថានជាតិសំខាន់ៗ ស្ថិតក្រោមយុទ្ធសាស្ត្របញ្ចកោណ – ដំណាក់កាលទី ១, យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨, ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជាដំបូង (CCCSP 2014-2023) និងដំណាក់កាលទីពីរ (CCCSP 2024-2033), ព្រមទាំងការចូលរួមចំណែកផ្អែកលើការប្តេជ្ញាចិត្តរបស់ជាតិ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុធ្វើបច្ចុប្បន្នភាព (NDC 2.0) និងលើកទីបី (NDC 3.0) របស់កម្ពុជា ដែលរួមចំណែកដល់ការលើកកម្ពស់ចីរភាពបរិស្ថាន ជីវភាពរស់នៅប្រកបដោយចីរភាព ភាពស៊ាំនឹងអាកាសធាតុ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។
បច្ចុប្បន្ន ក្រសួងបរិស្ថាន និង UNDP កម្ពុជា កំពុងអនុវត្តគម្រោងចំនួន ១៥ ដែលកំពុងដំណើរការ ដោយគ្របដណ្តប់លើវិស័យប្រធានបទយ៉ាងទូលំទូលាយ រួមមាន៖
ការប្រែប្រួលអាកាសធាតុ ផែនការបន្ស៊ាំជាតិ (NAP) ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការគ្រប់គ្រងតំបន់ទេសភាពប្រកបដោយចីរភាព សេដ្ឋកិច្ចវិលជុំ និងការគ្រប់គ្រងសំណល់ ការគ្រប់គ្រងសារធាតុគីមី ការស្តារព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ី ទីផ្សារកាបូន (មាត្រា ៦) អភិបាលកិច្ចបរិស្ថាន ដំណោះស្រាយផ្អែកលើធម្មជាតិ ហិរញ្ញវត្ថុប្រកបដោយចីរភាព និងការអនុវត្តអនុសញ្ញាបរិស្ថានអន្តរជាតិនានា។
នៅក្នុងទិសដៅបន្ត គម្រោង/គំនិតផ្តួចផ្តើមចំនួន ២០ កំពុងដំណើរការរវាងក្រសួងបរិស្ថាន និងអង្គការ UNDP ដោយមានថវិកាសរុបប្រមាណ ៤៧.២៥ លានដុល្លារអាមេរិក រួមទាំងថវិកាប្រមាណ ៤០.០៤ លានដុល្លារអាមេរិក ដែលត្រូវបានគាំត្រ និងខ្លះបានចុះកិច្ចសន្យាចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥។
ក្នុងវេទិការរៀបចំឡើងនាពេលនេះ ក្រសួងបរិស្ថានគ្រោងរៀបចំសំណើជាក់លាក់ជូនUNDP ដើម្បីកៀរគរការគាំទ្រ សម្រាប់កម្មវិធីបរិស្ថាន និងអាកាសធាតុអាទិភាព ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ សម្រាប់ឆ្នាំខាងមុខទៀត។










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣