Connect with us

ព័ត៌មាន

ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា យាងទៅពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង ប្រទេសចិន

នៅវេលាម៉ោង៨៖៥៥នាទីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា​ជាតិ​ខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យសម្តេចយាងទៅពិនិត្យព្រះរាជ​សុខភាពនៅ​រដ្ឋធានី​ប៉េ​កាំង ប្រទេសចិន។

យាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះមហាក្សត្រីនៅព្រលានយន្ត​ហោះ​អន្តរជាតិតេជោ រួមមាន៖ ព្រះញាតិវង្ស សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងសម្តេច និងឥស្សរជនជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

សូមបញ្ជាក់ថា ព្រះករុណា ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះមហាក្សត្រី តែងយាងទៅពិនិត្យព្រះរាជ​សុខភាព​នៅ​រដ្ឋធានីប៉េកាំង យ៉ាងទៀងទាត់តាមការយាងរបស់ក្រុមគ្រូពេទ្យចិនមួយឆ្នាំពីរលើក។ មួយលើកនៅដើមឆ្នាំ និង​មួយ​លើកទៀត នៅចុងឆ្នាំ។ នៅឆ្នាំ២០២៦នេះ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី បានយាងទៅ​ពិនិត្យ​ព្រះរាជសុខភាពលើកទីមួយនៅថ្ងៃទី២៧ ខែកុម្ភៈ ហើយបានយាងត្រឡប់មកវិញ កាលពីថ្ងៃទី៣ ខែកក្កដា។

យោងតាមព្រះរាជសារជូនជនរួមជាតិ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង មានព្រះរាជឱង្ការថា កំលុងពេល​ព្រះអង្គមិនគង់ប្រថាប់នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងបំពេញការងារ​ជាប្រមុខរដ្ឋ​ស្តីទីបំពេញការងារនានា ក្នុងនាមជាព្រះបរមនាមរបស់ព្រះអង្គ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia