Connect with us

ព័ត៌មាន

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបើកកិច្ចប្រជុំថ្ងៃដំបូង ដើម្បីកំណត់​តួលេខ​ប្រាក់​ឈ្នួល​ថ្មី​ជូន​កម្មករ​កាត់ដេរ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែកញ្ញានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​បើក​កិច្ច​ប្រជុំ​ត្រី​ភាគី​ជាផ្លូវការ ដើម្បីពិភាក្សា និងចរចាអំពីការ​កំណត់​ប្រាក់​ឈ្នួលអ​ប្បបរមា​សម្រាប់​កម្មករ​ផ្នែក​វាយ​នភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់​ឆ្នាំ​២០២៧​ខាង​មុខ។

សូមជម្រាបជូនថា កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្ដិទី៤ លើកទី២ ស្ដីពី​ការ​កំណត់​ប្រាក់​ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផ​ល​ធ្វើ​ដំណើរ និង​កាបូប សម្រាប់ឆ្នាំ២០២៦ នេះ នឹងដឹកនាំដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ កិច្ចប្រជុំនេះ មានការអញ្ញើញចូលរួមពីត្រីភាគី រួមមាន៖ ភាគីសហជីព តំណាង​ឱ្យ​កម្មករ​និយោជិត ភាគីនិយោជក និងភាគីរាជរដ្ឋាភិបាល ក្នុងគោលបំណង​ដើម្បី​ចរចា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​របស់កម្មករនិយោជិតវិស័យឧស្សាហកម្មកាត់ដេរ។

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៦នេះ ប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិត មានចំនួន ២១០​ដុល្លារអាម៉េរិក ក្នុងមួយខែ។ សព្វថ្ងៃនេះ ក្រៅពីប្រាក់ឈ្នួលអប្បបរមា កម្មករ​និយោជិត​ទទួល​បាន​បន្ថែមនូវប្រាក់ប្រយោជន៍ផ្សេងៗទៀត ដូចជារង្វាន់ធ្វើការទៀងទាត់ ,ប្រាក់​សោ​ហ៊ុយ​ធ្វើ​ដំណើរ និងស្នាក់នៅ , ប្រាក់រង្វាន់អតីតភាពការងារ , ថ្លៃបាយធ្វើការថែមម៉ោង និង​ប្រាក់​ឈ្នួល​ធ្វើ​ការ​ថែម​ម៉ោង​ជាមធ្យម។ ក្រៅពីនេះ កម្មករនិយោជិត ក៏ទទួលបាន​ផល​ប្រយោជន៍​ពី​កម្ម​វិធី​បេឡា​ជាតិ​សន្តិសុខសង្គម (ប.ស.ស) ផងដែរ ក្នុងករណីជាសមាជិក ប.ស.ស ដូចជា ផ្នែកថែ​ទាំ​សុខភាព និង​គ្រោះថ្នាក់ការងារ និងរបបប្រាក់សោធនជាដើម៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia