ព័ត៌មាន
តំណាង IFC ប្រចាំនៅកម្ពុជា កោតសរសើរភាពវិជ្ជមានជាច្រើន ដែលរាជរដ្ឋាភិបាលថ្មីបាននឹងកំពុងបន្តធ្វើ
លោក អាសាដ យ៉ាកុប (Asad Yaqub) តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៃធនាគារពិភពលោកប្រចាំកម្ពុជា បានកោតសរសើរអំពីការផ្ទេរអំណាចពីរដ្ឋាភិបាលចាស់ទៅរដ្ឋាភិបាលថ្មីប្រកបដោយរលូន និងបរិយាកាសសន្តិភាព និងភាពវិជ្ជមានជាច្រើនដែលរាជរដ្ឋាភិបាលថ្មីបាននឹងកំពុងបន្តធ្វើ។

លោក អាសាដ យ៉ាកុប បានថ្លែងកោតសរសើរបែបនេះ ក្នុងឱកាស សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនេះសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយដែលបានជួប លោក អាសាដ យ៉ាកុប ហើយដែលបានធ្វើការជាមួយជាមួយសម្ដេច និងកម្ពុជាអស់រយៈពេល៥ឆ្នាំមកនេះ ដោយបានឆ្លងកាត់នូវការលំបាកនានា ជាពិសេសអំឡុងពេលវិបត្តិជំងឺកូវីដ-១៩។ សម្ដេចក៏បានសម្ដែងការសោកស្ដាយផងដែរ ដែល លោក អាសាដ យ៉ាកុប ត្រូវបញ្ចប់បេសកកម្មការងារនៅកម្ពុជា។
លោក អាសាដ យ៉ាកុប បានគោរពជូនពរក្នុងឱកាសខួបកំណើតរបស់ សម្តេច និងបានសម្តែងនូវការអបអរសាទរកម្ពុជា ក្នុងឱកាសនៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ សីហាកន្លងទៅ។លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះសមានចិត្តរបស់សម្ដេចដែលបានចំណាយពេលវេលាទទួលជួប លោកនិងសហការី នៅពេលនេះ។

លោក អាសាដ យ៉ាកុប បានកោតសរសើរចំពោះចំណាត់ការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ក្នុងការដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ទូទាំងប្រទេសប្រកបដោយជោគជ័យ និងបានលើកឡើងថា កម្ពុជាជាប្រទេសឈានមុខគេមួយដែលបានដាក់ចេញនូវយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩យ៉ាងមានប្រសិទ្ធភាព ដែលបានជាប់ចំណាត់ថ្នាក់នៅអាស៊ី ហើយ ដែលឈានទៅដល់ការបើកសាលារៀនមុនគេ ពោលគឺមុនសហរដ្ឋអាមេរិកទៅទៀត។

លោកក៏បានបន្តគូសបញ្ជាក់ផងដែរ អំពីជោគជ័យយ៉ាងត្រចះត្រចង់គួរជាទីមោទនៈរបស់កម្ពុជាក្នុងតួនាទីជាប្រធានប្តូរវេនអាស៊ានកាលពីឆ្នាំ២០២២ និងជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ SEA Games នាពេលកន្លងទៅ។ លោកក៏បានលើកឡើងពីការផ្ទេរអំណាចពីរដ្ឋាភិបាលចាស់ទៅរដ្ឋាភិបាលថ្មីប្រកបដោយរលូន និងបរិយាកាសសន្តិភាព និងបានសម្តែងនូវការកោតសរសើរចំពោះភាពវិជ្ជមានជាច្រើនដែលរាជរដ្ឋាភិបាលថ្មីបាននឹងកំពុងបន្តធ្វើ។ លោកក៏បានកោតសរសើរចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងសារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ក្នុងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការជូនពរថ្ងៃខួបកំណើតសម្ដេច និងការអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដោយសម្ដេចបានជម្រាបជូនថា ការជីកព្រែកនេះ ពិតជាមានសារៈសំខាន់ដែលធ្វើឱ្យតម្លៃដឹកជញ្ជូនអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសផ្សេងបាន ព្រោះការដឹកជញ្ជូនតាមផ្លូវគោកត្រូវចំណាយច្រើនជាងការដឹកជញ្ជូនតាមផ្លូវទឹក។
ចំពោះការផ្ទេរអំណាចទៅអ្នកជំនាន់ក្រោយ សម្ដេចបានរំលឹកពីបទពិសោធន៍របស់កម្ពុជាក្នុងអតីតកាល ដែលរាល់ការផ្ទរអំណាច ម្ដងៗតែងមានភាពច្របូកច្របល់។ ការផ្ទេរអំណាចនាពេលនេះ គឺដើម្បីសុខសន្តិភាព ស្ថិរភាពយូរអង្វែង។
មុននឹងបញ្ចប់សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានលើកឡើងពីសភាពការណ៍តានតឹងមួយចំនួននៅជុំវិញពិភពលោក នឹងបានកត់សម្គាល់ថា សន្តិសុខថា មពលអាចមានផលប៉ះពាល់ដល់យើង តែសន្តិសុខស្បៀងត្រូវតែធានាឱ្យបានដាច់ខាត។ សម្តេចក៏បានជូនពរ លោក អាសាដ យ៉ាកុប សម្រាប់ភារកិច្ចថ្មីនាពេលខាងមុខ និងសង្ឃឹមថាអ្នកបន្តវេនថ្មីនឹងបន្តសហការកាន់តែជិតស្និទ្ធិជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត៕
-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន1 week agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន1 week agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន1 week agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន7 days agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍
-
ព័ត៌មាន6 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹក