Connect with us

ព័ត៌មាន

រដ្ឋមន្រ្ដីសាធារណការ៖ ផ្លូវជាតិលេខ១០ ជាកម្លាំងចលករថ្មីជំរុញសេដ្ឋកិច្ច និងវិស័យទេសចរណ៍

រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងថា ផ្លូវជាតិលេខ១០ គឺជាសរសៃឈាមសេដ្ឋកិច្ច និង​ជាកម្លាំងចលករថ្មី ដ៏មានសារៈសំខាន់ តភ្ជាប់បណ្ដាញគមនាគមន៍ ជំរុញកំណើន​សេដ្ឋកិច្ច​មូល​ដ្ឋាន​ ពិសេសគឺវិស័យទេសចរណ៍ធម្មជាតិ តាមបណ្ដោយព្រំដែន។

ការលើកឡើងរបស់ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្រ្ដីក្រសួងសាធារណការ និង​ដឹក​ជញ្ជូន​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងឱកាសពិធី​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ ផ្លូវជាតិលេខ១០ ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាល នៃ​សាធារណរដ្ឋប្រជាមានិតចិន និងក្របខ័ណ្ឌថវិកាជាតិ។ សមិទ្ធផលជាតិថ្មី នៅពេលនេះ កើត​ចេញ​ក្រោយ​ពី​កម្ពុជា​បិទបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង ក្រោមនយោបាយឈ្នះ-ឈ្នះ របស់​សម្ដេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបច្ចុប្បន្នជា​ប្រធាន​ព្រឹទ្ធ​សភា ​និងក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ន។

ឯកឧត្ដម បញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ មានប្រវែងសរុបជាង ១៩៨គីឡូម៉ែត្រ តភ្ជាប់​ពី​ស្រុក​សំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្ត​កោះ​កុង​។ ហើយខ្សែផ្លូវថ្មីនេះ ក្រៅពីជួយកាត់បន្ថយរយៈចំងាយធ្វើដំណើរត្រង់ មិនចាំបាច់​វាង​ផ្លូវ​ចូល​រាជ​ធានីភ្នំពេញជាមុន ក៏នឹងផ្ដល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ ផលិតផលកសិកម្ម និង​លើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិផងដែរ។

សូមជម្រាបជូនថា ផ្លូវជាតិលេខ១០ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី៩ ខែ​មីនា​ ឆ្នាំ២០២០ នៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី៦ និងបញ្ចប់ការសាងសង់ជាស្ថាពរ នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ២០២៥ ដែលប្រើរយៈពេល ៦៦ខែ។ ផ្លូវជាតិនេះ ចំណាយថវិកាសាងសង់សរុប ២៥២​លាន​ដុល្លារអាមេរិក ដែលថវិកា ១៩២,៧១លានដុល្លារអាមេរិក គឺជាឥណ​ទាន​សម្បទាន​ពី​រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាប្រមាណ ៥៩,៣៩លានដុល្លារ គឺ​ជា​ថវិកា​ជាតិ​។ ផ្លូវជាតិលេខ១០ នេះ ត្រូវបានសាងសង់ឡើងដោយស្ដង់ដារខ្ពស់ ជាប់ធន់ បំពាក់​ផ្លាក​សញ្ញា​ចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ របាសុវត្ថិភាព បង្គោលសុវត្ថិភាព រួម​ទាំង​បាន​សាង​សង់ស្ថានីយថ្លឹងរថយន្ដអចល័ត ចំនួន២កន្លែង ក្នុងខេត្តបាត់ដំបង និងខេត្តកោះកុង ដើម្បី​ទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់៕ អត្ថបទ៖ លៀ ស៊ីណា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia