ព័ត៌មាន
យុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
យុវជន រស់នៅក្នុងខេត្តកណ្ដាល បន្តនាំគ្នាទៅដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ដោយបង្ហាញទឹកចិត្តមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ។

លោក គ្រី ម៉ាទី អាយុ ២៣ឆ្នាំ រស់នៅ ឃុំកណ្ដោល ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ប្រាប់ BTV នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ ថា លោកស្ម័គ្រចិត្តដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ដើម្បីក្លាយជាកម្លាំងការពារជាតិ។ លោកប្រាប់ ថា ការឈឺចាប់ដែលយោធាថៃ ឈ្លានពានកាលពីឆ្នាំ២០២៥ និងទុក្ខលំបាករបស់ពលរដ្ឋខ្មែរនៅតាមព្រំដែន ដែលត្រូវយោធាថៃរំលោភយកដីធ្លី និងផ្ទះសម្បែង គឺជាកត្តាជំរុញដល់លោកចង់ចូលបំពេញកាតព្វកិច្ចយោធា ក្លាយជាកងទ័ព។
លោក សារិន ឆារ៉ូ អាយុ ២១ឆ្នាំ រស់នៅ ឃុំកណ្ដោល ស្រុកកណ្ដាលស្ទឹង មួយរូបទៀត បានប្រាប់ថា លោកមានបំណងចង់ធ្វើជាកងទ័ព ពីព្រោះជាក្ដីបំណងតាំងពីតូចមក។ ហើយទង្វើឈ្លានពានរបស់យោធាថៃ ក៏ជាផ្នែកមួយដែលធ្វើឱ្យលោក កាន់តែមានទឹកចិត្តចង់ធ្វើជាកងទ័ពផងដែរ។ លោកអះអាងថា នៅពេលលោកជាប់តាមការកំណត់ ហើយបានចូលបំពេញកាតព្វកិច្ចយោធា លោកប្ដេជ្ញាខិតខំហ្វឹកហាត់ដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីការពារជាតិ។
លោក ហៃ សុខហេង អាយុ ២២ឆ្នាំ ក៏បង្ហាញការតាំងចិត្តខ្ពស់ដែរ ក្នុងការចូលបំពេញកាតព្វកិច្ចយោធា។ លោកមានសង្ឃឹម ថា នឹងជាប់តាមលក្ខខណ្ឌដែលក្រសួងការពារជាតិកំណត់ ពីព្រោះសុខភាព និងកាយសម្បទារបស់លោករឹងមាំ សមស្របក្នុងការចូលហ្វឹកហាត់យោធា។ លោកលើកទឹកចិត្តដល់យុវជនគ្រប់រូប ចាប់ពីអាយុ ១៨ឆ្នាំ ដល់ ២៥ឆ្នាំ ដែលទទួលពាក្យសុំចុះឈ្មោះរួចហើយ រូតរះមកដាក់ពាក្យឱ្យទាន់ពេលវេលាកំណត់។ ហើយលោកក៏លើកទឹកចិត្តដល់យុវជន ដែលនឹងគ្រប់អាយុនៅឆ្នាំក្រោយ ត្រៀមខ្លួនឱ្យរួចរាល់ដើម្បីបន្តវេនជាកម្លាំងការពារជាតិ ការពារប្រជាពលរដ្ឋ ពីព្រោះនៅពេលកម្លាំងការពារជាតិរឹងមាំ នឹងគ្មានបរទេសឈ្លានពានយើងបាននោះឡើយ។
អ្នកស្រី ស៊ឹម គឿន អាយុ ៦៥ឆ្នាំ រស់នៅឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលជូនកូនប្រុសចំនួន ២នាក់ មកដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ប្រាប់ថា អ្នកស្រីឆ្អែតឆ្អន់ហើយការរត់គេច ពេលប្រទេសជួបសង្រ្គាម។ ហើយនៅពេលដែលកំពុងរស់នៅក្នុងសុខសន្ដិភាព ស្រាប់តែមានការឈ្លានពានពីយោធាថៃ កាលពីឆ្នាំ២០២៥ អ្នកស្រីតក់ស្លុត និងអាណិតដល់ពលរដ្ឋនៅព្រំដែន ដែលត្រូវរត់ចោលផ្ទះសម្បែង។ ហេតុដូច្នេះហើយអ្នកស្រី គាំទ្រកូនៗ ដែលស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ដើម្បីជួយជាតិ ពីព្រោះមានតែយុវជនជំនាន់ក្រោយនេះហើយ ដែលត្រូវបន្តវេនមកការពារជាតិ។ អ្នកស្រី អរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ដែលយកចិត្តទុកដាក់ខ្ពស់ជួយពលរដ្ឋ រកទីជម្រកឱ្យរស់នៅ អំឡុងពេលកំពុងតវ៉ាទាមទារទឹកដី ដែលថៃរំលោភយកមកវិញ។ អ្នកស្រី អំពាវនាវសូមឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បន្តស្មារតីរួបរួមជាតិ ដើម្បីការពារជាតិឱ្យរឹងមាំ។ ហើយយុវជនសូមមានទឹកចិត្តស្នេហាជាតិឱ្យខ្លាំងក្លា ចូលរួមទាំងអស់គ្នាបម្រើជាតិ។
សូមជម្រាបជូនថា ក្រសួងការពារជាតិ ប្រកាសទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក ខណ្ឌ គ្រប់រាជធានី-ខេត្ត៕ អត្ថបទ៖ លៀ ស៊ីណា










-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន4 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន3 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣