ព័ត៌មាន
កម្ពុជា-តួកគីយ៉េ នឹងបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Recep Tayyip Erdoğan ប្រធានាធិបតី នៃសាធារណរដ្ឋតួកគីយ៉េ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ នៅទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគីយ៉េ។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានាធិបតីតួកគីយ៉េ បានស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់បដិសណ្ឋារកិច្ចប្រកបដោយភាតរភាពជូនចំពោះ សម្តេចធិបតី និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋតួកគីយ៉េ នាពេលនេះ។ ឯកឧត្តមប្រធានាធិបតី ក៏បានសម្តែងក្តីរីករាយចំពោះការជួបពិភាក្សាការងារជាមួយសម្តេចធិបតី ដែលជំនួបនេះបានឆ្លុះបញ្ចាំង និងបើកទំព័រថ្មីបន្ថែមទៀត នៃទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-តួកគីយ៉េ។

ជាការឆ្លើយតប, សម្តេចធិបតី បានសម្តែងនូវការអរគុណចំពោះការស្វាគមន៍ដ៏កក់ក្តៅ និងបានកោតសរសើរចំពោះការអភិវឌ្ឍដ៏គួរឱ្យស្ញប់ស្ញែងរបស់តួកគីយ៉េ ព្រមទាំងតួនាទីដ៏សំខាន់របស់តួកគីយ៉េក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ, សម្តេចធិបតីបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ទស្សនកិច្ចការងាររបស់សម្ដេចនាឱកាសនេះ នឹងផ្តល់សម្ទុះថ្មីដល់ចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ, ជាក់ស្តែង និងគ្របដណ្តប់លើវិស័យកាន់តែច្រើនបន្ថែមទៀត បន្ទាប់ពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រកាលពីប្រាំបីឆ្នាំមុនរបស់ សម្តេចតេជោ ហ៊ុន សែន អតីតយករដ្ឋមន្ត្រី នៃកម្ពុជា ។

ថ្នាក់ដឹកនាំទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ប្រកបដោយផ្លែផ្កា នាពេលកន្លងមក ព្រមទាំងបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាយ៉ាងទូលំទូលាយដើម្បីពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ លើវិស័យសំខាន់ៗ ដូចជា៖ នយោបាយ សន្តិសុខ និងការពារជាតិ, ពាណិជ្ជកម្ម ការវិនិយោគ និងការពង្រឹងភាពជាដៃគូ រវាងវិស័យឯកជន នៃប្រទេសទាំងពីរ, កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តាមរយៈទីភ្នាក់ងារ TIKA, និងការតភ្ជាប់ប្រជាជននិងប្រជាជន តាមរយៈការជំរុញវិស័យទេសចរណ៍ អប់រំ ការផ្លាស់ប្តូរវប្បធម៌ និងការហោះហើរត្រង់រវាងទីក្រុងអ៊ីស្តង់ប៊ុល និងរាជធានីភ្នំពេញ ជាដើម។ បន្ថែមពីនេះ, ថ្នាក់ដឹកនាំទាំងពីរក៏បានបន្តពិភាក្សាគ្នាក្នុងក្របខ័ណ្ឌអន្តរជាតិ សំដៅលើកកម្ពស់សន្តិភាព, ស្ថិរភាព, ការអភិវឌ្ឍប្រកបដោយចីរភាព, ព្រមទាំងការគោរពច្បាប់អន្តរជាតិ និងគោលការណ៍នានា ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។

បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគី, សម្ដេចធិបតី និងឯកឧត្តម Recep Tayyip Erdoğan ប្រធានាធិបតីនៃសាធារណរដ្ឋតួកគីយ៉េ ក៏បានចូលរួមជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌយោធា រវាង រដ្ឋាភិបាលនៃសាធារណរដ្ឋតួកគីយ៉េ និង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ៕

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣