Connect with us

ព័ត៌មាន

វគ្គបណ្តុះបណ្តាលកម្មវិធី R&I4E 2026 ជំរុញនិស្សិតកម្ពុជាបង្កើតធុរកិច្ចថ្មីពីគម្រោងស្រាវជ្រាវ

មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយនៃក្រសួងអប់រំ យុវជន និងកីឡា ដោយ​មាន​ការសហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) រៀបចំវគ្គ​បណ្តុះ​បណ្តាល​នៃ​កម្ម​វិធី ​«ការស្រាវជ្រាវ និងនវានុវត្តន៍ដើម្បីសហគ្រិនភាព ឬ R&I4E» នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ឯកឧត្ដម​បណ្ឌិតសាន វឌ្ឍនា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា​ ដោយមានការចូលរួមពី ៦០គម្រោង ពីសំណាក់​ក្រុម​និស្សិត​មក​ពី​សាកល​វិទ្យាល័យ​ចំនួ​ន៣ នៅរាជធានីភ្នំពេញ។

កម្មវិធី R&I4E ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្លាស់ប្តូរវិស័យអប់រំ​ នៃ​កម្រិត​ឧត្តម​សិក្សា​នៅ​កម្ពុជា ​ដោយជំរុញគម្រោងរបស់និស្សិតពីការស្រាវជ្រាវតាមបែបទ្រឹស្តី ឱ្យក្លាយទៅជាធុរកិច្ចថ្មី (Startups) ដែលអាចប្រកួតប្រជែងលើទីផ្សារបានពិតប្រាកដ​ ដែលគម្រោង​និសិ្សត​ភាគ​ច្រើន​បាន​ផ្តោត​សំខាន់​លើការផ្សារភ្ជាប់នូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ឌីជីថលនិយកម្ម បច្ចេក​វិទ្យា​កសិកម្ម​ឆ្លាតវៃ និងដំណោះស្រាយចំពោះការប្រែប្រួលអាកាសធាតុ ដូចជាការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ដ្រូន (Drone) ក្នុងវិស័យកសិកម្មជាដើម។

ជាមួយគ្នានេះក្រុមនិសិ្សតក៏បានទទួលបាននូវការចែករំលែកបទពិសោធន៍ពីសំណាក់លោក ប៉ែន ចាន់ណា, សហគ្រិនផ្នែកតិចណូឡូជី ដែលបានចែក​រំលែក​ពី​បទ​ពិសោធន៍​ក្នុង​ការ​បង្កើត​ធុរ​កិច្ច​របស់​លោក​នៅ​សហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជាផងដែរ។

កម្មវិធីនេះមានរយៈពេល ១៥សប្តាហ៍ ដែលនិស្សិតចូលរួមនឹង​ទទួល​បាន​ការ​គាំទ្រ​ក្នុង​ការ​បង្កើត​នូវ​គំរូ​សាកល្បង (Prototype) បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលតាមរយៈវិធីសាស្ត្រ Design Thinking ដែលផ្តោតលើការស្រាវជ្រាវអ្នកប្រើប្រាស់ និងការ​ស្វែង​យល់​ពី​តម្រូវ​ការ​ទីផ្សារ​ពិត​ប្រាកដ​។

នៅក្នុងព្រឹត្តិការណ៍នេះ ក៏មានការធ្វើបទបង្ហាញគម្រោងស្រាវជ្រាវ និងនវានុវត្តន៍ចំនួន ៦០​គម្រោង ​ពីសំណាក់ក្រុមនិស្សិតមកពីសាកលវិទ្យាល័យចំនួន៣ រួមមាន៖

*វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានបង្ហាញគម្រោងចំនួន៣៣

*សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានបង្ហាញគម្រោងចំនួន២២

*សាកលវិទ្យាល័យជាតិគ្រប់គ្រង បានបង្ហាញគម្រោងចំនួន ៥។

គួរបញ្ជាក់ផងដែរថា កម្មវិធី «ការស្រាវជ្រាវ និងនវានុវត្តន៍ដើម្បីសហគ្រិនភាព(R&I4E) 2026» ដែល​ទទួលបាន នូវការគាំទ្រពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បាន​ផ្តល់នូវ​ឱកាស​ដ៏​មាន​តម្លៃ​ដល់​ក្រុមនិស្សិត ក្នុងការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងស្វែងរកដៃគូសហការ ដើម្បី​ទទួល​បាន​មូល​និធិ​គាំទ្រ​ក្នុង​ការ​អភិវឌ្ឍ​គម្រោង​របស់​ពួក​គេ​ទៅ​ជា​សហគ្រាស​ដែល​នឹង​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia