Connect with us

ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងសុខាភិបាលដឹកនាំគណៈប្រតិភូ​កម្ពុជាទៅ​ចូលរួមកិច្ចប្រជុំលើកទី៧៧ របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅរដ្ឋធានីម៉ានីល ប្រទេស​ហ្វីលីពីន

នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់អង្គការសុខភាពពិភពលោក ព្រម​ទាំង​ទទួល​បាន​គោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួងសុខាភិបាល អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៧៧ របស់អង្គការ​សុខភាព​ពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដ​ល់​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ២០២៦ ក្រោមមូលបទ “Weaving health for all” នៅរដ្ឋធានីម៉ានីល សាធារណ​រដ្ឋ​ហ្វីលីពីន។

កិច្ចប្រជុំអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច គឺជាវេទិកាថ្នាក់តំបន់មួយ ដែល​រៀប​ចំឡើងជាទៀងទាត់រៀងរាល់ឆ្នាំ ដោយមានការចូលរួមពី រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឬ​តំណាង​រដ្ឋ សមាជិក និងដែនដី ចំនួន ៣៨ប្រទេស/ដែនដី ដើម្បីរៀបចំគោលនយោបាយ ត្រួត​ពិនិត្យ​កម្ម​វិធី ឬគម្រោងនានាក្នុងតំបន់ របាយការណ៍វឌ្ឍនភាព ពិចារណាកែសម្រួល និង​អនុម័ត​គំនិត​ផ្តួច​ផ្តើម​ថ្មីៗ។ លើសពីនេះ កិច្ចប្រជុំធ្វើឡើង ដើម្បីស្វែងរក និងអនុម័ត​ដំណោះ​ស្រាយ​បញ្ហា​នានា ​និងរៀបចំសេចក្ដីសម្រេច ដើម្បីផ្ដល់ការណែនាំការងារទៅការិយាល័យថ្នាក់តំបន់ និង​ការិយាល័យ​ប្រចាំ​ប្រទេសសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី នឹងអញ្ជើញ​ធ្វើ​បទ​អន្តរាគម​ន៍​លើ​ប្រធាន​បទ​សំខាន់​ៗ​ ស្តីពីលទ្ធផលសម្រេចបានក្នុង វិស័យសុខាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជា និង​ផែនការអាទិភាពសុខាភិបាល ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​លើក​កម្ពស់​សុខ​ភាព​ប្រជាជន និងភាពជាដៃគូដ៏រឹងមាំរវាងអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល។

សូមគូសបញ្ជាក់ដែរថា កិច្ចប្រជុំលើកទី៧៧ របស់អង្គការសុខភាពពិភពលោក ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ខាង​លិច ក្រោមមូលបទ “Weaving health for all” ដោយបាន​លើក​យក​ប្រធាន​បទ​ចម្បង​ៗ​ចំនួន៤ ដើម្បីពិភាក្សាលើបញ្ហាអាទិភាពដែលបានជួបប្រទះ បញ្ហាប្រឈម និងការ​សម្រេច​ចិត្ត​រួមគ្នារបស់ប្រទេសជាសមាជិក រួមមាន៖ ១) បញ្ញាសិប្បនិម្មិត (AI) ២) ការ​គ្រប់​គ្រង​ជំងឺ​លើសឈាម (Hypertension Control) ៣) ការចាក់វ៉ាក់សាំង (Immunization) និង ៤) ការគ្រប់គ្រងថ្នាំជក់ (Tobacco Control)៕ អត្ថបទ រដ្ឋា

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia