Connect with us

ព័ត៌មាន

កម្ពុជាប្រារព្ធទិវាស្តង់ដារពិភពលោកផ្តោតលើតួនាទីស្តង់ដារ លើកកម្ពស់ថាមពលស្អាត និងទ្រទ្រង់បាន

កម្ពុជាបានប្រារព្ធទិវាស្តង់ដារពិភពលោក ឆ្នាំ២០២៦ ដោយរំលេចតួនាទីស្តង់ដារ ក្នុងការធានាគុណភាព និងសុវត្ថិភាពបរិក្ខារ ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល ដើម្បីគាំទ្រគោលដៅថាមពលស្អាត និងទ្រទ្រង់បានសម្រាប់មនុស្សគ្រប់រូប។

ឯកឧត្តម ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ លើកឡើងនៅក្នុងទិវាស្តង់ដារពិភពលោកប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ «ចក្ខុវិស័យរួមសម្រាប់ពិភពលោកប្រសើរជាងមុន៖ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៧ ថាមពលស្អាត និងទ្រទ្រង់បាន» នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នេះថា កម្ពុជាត្រូវបង្វែរការអបអរសាទរទិវាស្តង់ដារពិភពលោកឆ្នាំ២០២៦នេះ ឱ្យទៅជាកម្លាំងចលករ និងយុទ្ធសាស្ត្រមួយ ក្នុងការពង្រឹងប្រព័ន្ធផលិតកម្ម និងអាជីវកម្ម ព្រមទាំងលើកកម្ពស់គុណភាព និងសុវត្ថិភាពនៃផលិតផល និងសេវាកម្ម ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ជាពិសេសទីផ្សារនាំចេញដែលកម្ពុជាមានសក្តានុពលក្នុងការពង្រីក និងចូលរួមប្រកួតប្រជែង។

គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៧ ផ្តោតលើការធានាឱ្យមនុស្សគ្រប់រូប ទទួលបានថាមពលដែលមានតម្លៃសមរម្យ អាចទុកចិត្តបាន មានចីរភាព និងទំនើប ការបង្កើនចំណែកថាមពលកកើតឡើងវិញ និងការបង្កើនប្រសិទ្ធភាពថាមពលជាសកលទ្វេដង ត្រឹមឆ្នាំ២០៣០។ អង្គការស្តង់ដារអន្តរជាតិរួមមាន ISO, IEC និង ITU គាំទ្រគោលដៅនេះ តាមរយៈស្តង់ដារសម្រាប់ការគ្រប់គ្រងថាមពល សុវត្ថិភាពបរិក្ខារ និងបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពថាមពល។ ស្តង់ដារទាំងនេះកំណត់លក្ខខណ្ឌបច្ចេកទេសសម្រាប់បរិក្ខារដូចជា បន្ទះសូឡា ប្រព័ន្ធផ្ទុកថាមពលដោយថ្ម និងឧបករណ៍សាកយានយន្តអគ្គិសនី ព្រមទាំងជួយរោងចក្រ និងសហគ្រាសកាត់បន្ថយការខ្ជះខ្ជាយថាមពលក្នុងផលិតកម្ម។

ឯកឧត្តម បន្ថែមថា ដើម្បីសម្រេចឱ្យបាននូវគោលដៅទាំងនេះ ការពង្រឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) គឺជាកិច្ចការចាំបាច់បំផុត។ ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរួមមានស្តង់ដារូបនីយកម្ម មាត្រាសាស្ត្រ ការវាយតម្លៃទទួលស្គាល់ និងការធ្វើតេស្តពិសោធន៍ ជួយឱ្យផលិតករ និងសេវាករ បំពេញតាមលក្ខខណ្ឌតម្រូវរបស់ទីផ្សារ និងបង្កើនទំនុកចិត្តលើផលិតផល និងសេវាកម្មរបស់កម្ពុជា។

ឯកឧត្តម ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានចាប់ផ្តើមអភិវឌ្ឍស្តង់ដារជាតិនៅចុងឆ្នាំ១៩៩៩ និងបានដាក់ចេញស្តង់ដារជាតិដំបូង ស្តីពីស្លាកសញ្ញាផលិតផលនៅឆ្នាំ២០០០។ ក្នុងឆ្នាំ២០២៦ ស្តង់ដារកម្ពុជាចំនួន ១០៦ ត្រូវបានអនុម័ត ហើយរហូតមកដល់ពេលនេះ កម្ពុជាមានស្តង់ដារជាតិចំនួន ១.៣០៩ រួមទាំងស្តង់ដារពាក់ព័ន្ធនឹងថាមពលអគ្គិសនី។

សូមបញ្ជាក់ថា ទិវាស្តង់ដារពិភពលោកឆ្នាំ២០២៦ ក៏មានការប្រគល់បណ្ណសរសើរដល់ក្រុមហ៊ុនដែលបានចុះបញ្ជីផលិតផល និងទទួលបានការបញ្ជាក់ភាពអនុលោមតាមស្តង់ដារកម្ពុជា (CS) និងស្តង់ដារប្រព័ន្ធគ្រប់គ្រង។ កម្មវិធីក៏រួមមានបទបង្ហាញស្តីពីតួនាទីហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ក្នុងការគាំទ្រពាណិជ្ជកម្ម និងកិច្ចពិភាក្សាអំពីស្តង់ដារសម្រាប់ថាមពលប្រកបដោយចីរភាព គុណភាព សុវត្ថិភាព និងទំនុកចិត្ត៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia