ព័ត៌មាន
គណៈកម្មការផ្សះផ្សា UNCLOS បានឯកភាពបញ្ចូលរាល់អ្វីដែលកម្ពុជាបានស្នើនៅក្នុងកញ្ចប់វិធានការកសាងជំនឿទុកចិត្ត
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា គណៈកម្មការផ្សះផ្សា UNCLOS បានឯកភាពបញ្ចូលរាល់អ្វីដែលកម្ពុជាបានស្នើនៅក្នុងកញ្ចប់វិធានការកសាងជំនឿទុកចិត្ត។ ការលើកឡើងនេះ ធ្វើឡើងនៅ នៅល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នេះ ក្នុងឱកាស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ធ្វើសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីនីតិសមុទ្រ(UNCLOS) រវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍ថា ដើម្បីសម្រួលទំនាក់ទំនងគ្នា ជាពិសេសសម្រួលដល់ដំណើរការផ្សះផ្សាដោយបង្ខំនេះ កម្ពុជា បានស្នើសុំ ៤ចំណុចសំខាន់ ដូចជា ១. ធ្វើទំនាក់ទំនងជាសារធារណៈរវាងប្រទេសទាំង២ ដើម្បីកសាងការទំនាក់ទំនងប្រកបដោយលក្ខណៈស្ថាបនា, ២. ចៀសវាងនូវការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ក្នុងដែនសមុទ្រដែលផ្សារភ្ជាប់រវាងប្រទេសទាំងពីរ, ៣. លើកកម្ពស់ទំនាក់ទំនងការទូតបច្ចុប្បន្ន ឡើងដល់កម្រិតសមស្របដើម្បីឱ្យប្រទេសទាំង២ មានខ្សែទំនាក់ទំនងរវាងរដ្ឋាភិបាលទាំង២ និងទី៤ ស្នើសុំឱ្យអនុវត្តឱ្យពេញលេញនូវកិច្ចព្រមព្រៀងទាំងឡាយដែលមានជាមួយគ្នា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា ជាការឆ្លើយតប គណៈកម្មការផ្សះផ្សា UNCLOS បានឯកភាពបញ្ចូលរាល់អ្វីដែលកម្ពុជាបានស្នើនេះនៅក្នុងកញ្ចប់វិធានការកសាងជំនឿទុកចិត្តដែលចេញផ្សាយភ្ជាប់ជាមួយនឹងសេចក្ដីប្រកាសព័ត៌មាន តុលាការមជ្ឈត្តការអចិន្ត្រៃយ៍។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឱ្យដឹងបន្ថែមថា ក្នុងនោះពាក់ព័ន្ធទៅនឹងទំនាក់ទំនងសាធារណៈ គណៈប្រតិភូជាន់ខ្ពស់ និងក្រុមអ្នកច្បាប់នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំដោយទទូចឱ្យរក្សា ហើយកម្ពុជាក៏ទទួលបានពីគណៈកម្មការមកវិញ នូវការបញ្ចេញមតិ ក្នុងការធ្វើសេចក្ដីថ្លែងការទាំងឡាយណាដើម្បីការពារសិទ្ធិស្របច្បាប់ សិទ្ធិផ្លូវច្បាប់ ក្នុងការលើកឡើងនូវការពិតដោយកែនូវព័ត៌មានទាំងឡាយដែលខុសឆ្គងដែលផ្សាយដោយភាគីផ្សេង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងពេលជាមួយគ្នានេះ កិច្ចប្រជុំលើកទី២នេះ បានឯកភាពរក្សាភាពអត់ធ្មត់ក្នុងការផ្សព្វផ្សាយព័ត៌មានទាំងឡាយណា ឬការធ្វើសេចក្ដីថ្លែងការទាំងឡាយណា ដើម្បីរក្សាឱ្យបានបរិស្ថានល្អស្ងប់ស្ងាត់ដើម្បីធានាជោគជ័យនូវដំណើរការផ្សះផ្សាលើកនេះ។
គួររម្លឹកថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ឱ្យដឹងថា តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) បានប្រកាសពីការបញ្ចប់សំណុំវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ ដោយគណៈកម្មការផ្សះផ្សាដែលបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នៅក្នុងកិច្ចប្រជុំលើកទីពីរ នាទីក្រុងឡាអេ ប្រទេសហូឡង់។ យោងតាមសេចក្តីប្រកាសព័ត៌មាន សំណុំវិធានការកសាងទំនុកចិត្តទាំងនេះ មានគោលបំណងពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក បង្កើនទំនាក់ទំនង និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ការឈានដល់កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។ សំណុំវិធានការពេញលេញនេះ ត្រូវបានដាក់បញ្ចូលក្នុងឧបសម្ព័ន្ធនៃសេចក្តីប្រកាសព័ត៌មានរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ ដែលឆ្លុះបញ្ចាំងពីជំនឿរួមរបស់ភាគីកម្ពុជា និងថៃ ចំពោះការសន្ទនា នីតិរដ្ឋ ព្រមទាំងការប្តេជ្ញាចិត្តក្នុងការចូលរួមដោយស្ថាបនាក្នុងដំណើរការផ្សះផ្សា៕

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ