Connect with us

កីឡា

កម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួម​ចំណែក​អភិវឌ្ឍ​វិស័យ​កីឡា​ក្នុង​តំបន់​អាស៊ាន​

កម្ពុជា​បានបង្ហាញការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរវិស័យ និង​រួម​ចំណែក​អភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន ។ នេះបើតាមប្រសាសន៍លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបើកកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន លើក​ទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប។

ក្នុង​នាមជាប្រធានប្តូរវេនបន្តពីប្រទេសវៀតណាម កម្ពុជា​បានដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​តម្រង់​ទិស​ដៅ​យុទ្ធសាស្ត្រសម្រាប់ផែនការការងារអាស៊ានស្តីពីកីឡា សម្រាប់ឆ្នាំ២០២៦-២០៣០ តាម​រយៈ​ការ​គាំទ្រ និងអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ដែល​បាន​អនុញ្ញាត​ឲ្យ​ក្រសួង​អប់រំ យុវជន និងកីឡា ដឹកនាំកិច្ចប្រជុំឧត្ដមមន្ដ្រីកីឡាអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ខាងមុខ។

ឆ្លៀតឱកាសនោះ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី  បានសម្តែង​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​គណៈ​ប្រតិភូ និងមន្ដ្រីជាន់ខ្ពស់មកពីបណ្ដាប្រទេសសមាជិកអាស៊ានទាំងអស់ និងបាន​គូស​បញ្ជាក់​ពីសារៈសំខាន់នៃកិច្ចប្រជុំនេះ ក្នុងការបន្តពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​កី​ឡា​ក្នុង​តំបន់​អាស៊ាន​ ដោយលោកជំទាវបានចាត់ទុកកិច្ចប្រជុំឧត្តមមន្រ្តីកីឡានេះ គឺជាវេទិកាដ៏​សំខាន់​សម្រាប់​ពិនិត្យ​វឌ្ឍនភាពការងារកន្លងមក កំណត់អាទិភាព និងទិសដៅយុទ្ធសាស្ត្ររួម ដើម្បីជំរុញ​ការ​អភិវឌ្ឍ​វិស័យកីឡាអាស៊ាន ឆ្លើយតបទៅនឹងបរិបទ និងតម្រូវការនាពេលអនាគត។

កិច្ចប្រជុំនេះ នឹងបន្តពិភាក្សាពីសមិទ្ធផលនៃការសម្រេចរបស់កិច្ចប្រជុំឧត្តមមន្ដ្រី និង​រដ្ឋ​មន្ត្រី​កីឡា​អាស៊ាន ដែលបានរៀបចំឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីឆ្នាំ២០២៥ ជា​ពិសេស​ការ​វាយតម្លៃផែនការការងារកីឡាអាស៊ានឆ្នាំ២០២១–២០២៥ និងការអនុម័ត​ផែន​ការ​ការ​ងារ​កីឡាអាស៊ានឆ្នាំ២០២៦–២០៣០។ សម្រាប់ផែនការការងារកីឡាអាស៊ាន បាន​កំណត់​វិស័យ​កីឡា​ជាកត្តាជំរុញអន្តរវិស័យសម្រាប់សន្តិភាព សុខភាព បរិយាបន្ន ការអប់រំ អត្ត​សញ្ញាណ​វប្បធម៌ និងកំណើនសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ស្របតាម​ចក្ខុ​វិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០៤៥​។

ក្នុងនាមក្រសួងអប់រំ លោកជំទាវបណ្ឌិតបានសង្កត់ធ្ងន់ថា កម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរវិស័យលើវិទ្យាសាស្ត្រកីឡា ការគ្រប់គ្រងកីឡា និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីលើកកម្ពស់សមត្ថភាពអត្តពលិក។ លើសពីនេះ លោកជំទាវក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិ ដើម្បីគាំទ្រដល់កីឡាកម្រិតខ្ពស់ ឧស្សាហកម្មកីឡា និងបូរណភាពកីឡា កីឡាស្អាតស្អំ និងកីឡាបរិយាបន្ន ព្រមទាំងការជំរុញគោលការណ៍ «កីឡាសម្រាប់ទាំងអស់គ្នា» ដោយធានាការចូលរួមរបស់ស្ត្រី ជនមានពិការភាព និងក្រុមជនងាយរងគ្រោះ ដើម្បីលើកកម្ពស់សុខភាព និងភាពសកម្មនៅក្នុងសហគមន៍អាស៊ាន។

ជាមួយនឹងការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ កម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន តាមរយៈការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់តំបន់នាពេលអនាគត រួមមានការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៨, ការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩ និងការប្រកួតកីឡាយុវជនអាស៊ាន ឆ្នាំ២០៣១ ព្រមទាំងអំពាវនាវឱ្យបណ្តាប្រទេសសមាជិកអាស៊ានបន្តផ្តល់កិច្ចសហការ និងការគាំទ្រដើម្បីធានាភាពជោគជ័យនៃព្រឹត្តិការណ៍ទាំងនេះទៀតផង។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានដឹកនាំកិច្ចប្រជុំឧត្ដមមន្ដ្រីកីឡាអាស៊ាន បានឲ្យដឹងថា ក្រៅពីរបៀបវារៈសំខាន់ក្នុងកិច្ចប្រជុំ ក៏នឹងមានកម្មវិធីមួយចំនួនផងដែរ រួមមានកម្មវិធីរត់កម្សាន្ដពីមុខប្រាសាទអង្គរវត្ត ទៅកាន់ប្រាសាទបាយ័ន, កម្មវិធីទស្សនកិច្ចនៅប្រាសាទអង្គរវត្ត និងកម្មវិធីសម្ដែងក្បាច់គុនបុរាណចម្រុះរបស់អាស៊ាន កំឡុងពិធីអាហាសាមគ្ដី ក្នុងគោលបំណងលើកកម្ពស់កីឡាបុរាណ ពង្រឹងការផ្លាស់ប្ដូរវប្បធម៌ ក្នុងន័យលើកទឹកចិត្តឲ្យយុវជនចូលរួម និងពង្រឹងសាមគ្គីភាពក្នុងតំបន់ផងដែរ៕ អត្ថបទ លី ឈុនឡា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia