Connect with us

ព័ត៌មាន

នគរបាល​បំពាក់កាមេរ៉ានៅតាមគោលដៅអនុវត្តច្បាប់ចរាចរណ៍ ជំរុញ​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់

នគរបាលរាជធានី បានបំពាក់កាមេរ៉ានៅគ្រប់គោលដៅអនុវត្តច្បាប់ចរាចរណ៍ ដើម្បី​ជំរុញ​ពលរដ្ឋ​ចូល​រួម​គោរព​ច្បាប់ និងពង្រឹងការអនុវត្តរបស់មន្ត្រី។ ការបំពាក់កាមេរ៉ា ដើម្បីឱ្យមានតុល្យភាព នៃ​ការ​អនុវត្ត​ច្បាប់លើពលរដ្ឋ ដែលត្រូវបាននគរបាលឃាត់ដោយកំហុសចរាចរណ៍។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើ​ការ​បំពាក់​នូវ​កាមេរ៉ា​សុវត្ថិភាព​នៅ​គ្រប់​គោល​ដៅ​អនុវត្ត​ច្បាប់​ចរាចរណ៍ទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីជម្រុញប្រជាពលរដ្ឋ​អ្នក​ដំណើរ​ទាំ​ងអស់ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងជាការ​ពង្រឹង​តាម​ដាន​លើ​ការ​អនុវត្ត​របស់​មន្ត្រីនគរបាលផងដែរ លើបាតុភាពមួយ​ចំនួ​ន​ដែល​កើត​ឡើង​រវាង​នគរបាល​ជា​មួយ​ប្រជាពលរដ្ឋ។

ឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួល​ផែន​នគរបាល​ចរាចរណ៍​ឲ្យដឹងថា អនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខក្រសួងមហាផ្ទៃ ក៏​ដូច​ជា​នាយ​ឧត្តម​សេនីយ៍អគ្គស្នងការនគរបាលជាតិ ពិសេសក្រោម​ការ​ដឹកនាំ​ចង្អុល​បង្ហាញ​ទិស​ពី​របស់​លោក​ឧត្តម​សេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ ​គឺតែងតែបានបានជម្រុញជារឿយៗបំផុត ទៅដល់ផែននគរបាលជំនាញ ឲ្យ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ឲ្យបានត្រឹមត្រូវ និងដាក់ចេញនូវយុទ្ធវិធីនានា សំដៅធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជា​ពលរដ្ឋ​ចូល​រួម​គោរ​ពច្បាប់ចរាចរណ៍ គ្រាដែលអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបច្ចុប្បន្ននេះ កំពុង​បន្ត​គំរាម​កំហែង​ខ្ពស់ដល់សុវត្ថិភាពដងផ្លូវសាធារណៈក្នុងសង្គមជាតិ។

លោកឧត្តមសេនីយ៍ទោស្នងការរងបន្ថែមថា កាមេរ៉ាទាំងអស់ នៅតាមគោលដៅអនុវត្តការរឹតបន្តឹងច្បាប់នីមួយៗ មានកែវថតចំនួនបួន ហើយតាមគោលដៅនីមួយៗ មានប្រព័ន្ធកាមេរ៉ាដែលអាចភ្ជាប់ជាមួយកម្មវិធីក្នុងទូរស័ព្ទ និង iPad របស់លោក និងលោកឧត្តមសេនីយ៍ឯកស្នងការបានដោយផ្ទាល់ ។ នៅពេលមានបញ្ហា ឬបាតុភាពណាមួយកើតឡើងនៅគោលដៅណាមួយនោះ នោះសមត្ថកិច្ចថ្នាក់លើ នឹងអាចពិនិត្យមើលរូបភាព និងព័ត៌មានជាក់លាក់ពីកាមេរ៉ាសុវត្ថិភាពនេះបាន ។

លោកឧត្តមសេនីយ៍បញ្ជាក់បន្តថា ចាប់ពីពេលនេះតទៅ បងប្អូនប្រជាពលរដ្ឋអាចមានទំនុកចិត្តលើសមត្ថកិច្ចនគរបាលចរាចរណ៍។ ប្រសិនបើបងប្អូនយល់ថា ខ្លួនមិនបានប្រព្រឹត្តកំហុស អាចស្នើសុំសមត្ថកិច្ចនៅគោលដៅនោះពិនិត្យកាមេរ៉ា វានិងបង្ហាញវីដេអូដែលពាក់ព័ន្ធនឹងការធ្វើដំណើរ ឬការបើកបរល្មើសច្បាប់របស់បងប្អូនបាន ។  

ពលរដ្ឋ​គាំទ្រ ការបំពាក់កាមេរ៉ាសុវត្ថិភាពតាមគោលដៅអនុវត្ត និងចាត់ទុកថា ការ​ធ្វើ​បែប​នេះ​ជា​ការ​បង្ហាញ​តម្លាភាពទាំងលើការអនុវត្តច្បាប់របស់មន្ត្រី និងភាពខុស ឬត្រូវរបស់​អ្នក​បើកបរ​ទាំង​ឡាយ​ផង​ដែរ​។

ពលរដ្ឋអ្នកដំណើរលើកឡើងថា កត្តារួមចំណែកគ្នាដើម្បីកាត់បន្ថយបានពីអាត្រាគ្រោះថ្នាក់ គឺផ្តើមចេញពីការចូលរួមទាំងអស់គ្នាគ្រប់ជម្ឈដ្ឋាន យើងពុំអាចពឹងផ្អែកតែម្ខាងទៅលើសមត្ថកិច្ចអ្នកអនុវត្តច្បាប់នោះឡើយ ។ ហើយបើពលរដ្ឋម្នាក់ៗចូលរួមគោរពច្បាប់បានត្រឹមត្រូវហើយ ចូលនាំគ្នាកុំខ្លាចសមត្ថកិច្ចអី ព្រោះអ្នកអនុវត្តច្បាប់ អនុវត្តតែទៅលើបុគ្គលដែលល្មើសប៉ុណ្ណោះ ។ ការមិនល្មើសច្បាប់ គឺជាការឲ្យតម្លៃលើអាយុជីវិតខ្លួនឯង ក៏ដូចជាអ្នកដទៃ ។

គួរជម្រាបថា ការអនុវត្តវិធានការរឹតបន្តឹងច្បាប់ឡើងវិញ គឺត្រូវបានធ្វើឡើងតាំងពីដើមខែកញ្ញា ឆ្នាំ​២០២៦មកម្ល៉េះ ដោយការអនុវត្តនេះ ធ្វើឡើងក្នុងរាជធានី-ខេត្ត ចំនួន០៥តែប៉ុណ្ណោះ គឺ​រាជ​ធានី​ភ្នំពេញ​, ខេត្តព្រះសីហនុ, ខេត្តកំពង់ស្ពឺ, ខេត្តកណ្តាល និងខេត្តស្វាយរៀង។ ដោយឡែក​ក្រប​ខ័ណ្ឌ​ខេត្ត​ដទៃដែលនៅសេសសល់ គឺមិនមានការអនុវត្តវិធានការច្បាប់នោះឡើយ គឺមាន​ការ​អនុវត្ត​វិធាន​ការអប់រំណែនាំតែប៉ុណ្ណោះ៕ អត្ថបទ ៖ លីហេង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia