Connect with us

ព័ត៌មាន

អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធបន្តយកចិត្តទុកដាក់ចំពោះមនុស្សវ័យចាស់ ដោយត្រូវដោះស្រាយភ្លាមៗពេលមនុស្សវ័យចាស់ត្រូវការ និងខ្វះខាតអ្វីមួយ

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានអនុគណៈកម្មការដើម្បីមនុស្សចាស់កម្ពុជារាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌ សង្កាត់ និងមន្ទីរពាក់ព័ន្ធបន្តយកចិត្តទុកដាក់ចំពោះមនុស្សវ័យចាស់ ដោយមិនត្រូវទុកឱ្យពួកគាត់រស់នៅក្នុងភាពឯកកោឡើយ ហើយបើមានការខ្វះខាតអ្វីមួយ សូមមនុស្សវ័យចាស់ទាំងអស់ទាក់ទងមកអាជ្ញាធរសង្កាត់ ខណ្ឌដែលនៅជិតបំផុត នោះអាជ្ញាធរនឹងចុះជួយឧបត្ដមភ្លាម ពោលគឺមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយឡើយ។

ការណែនាំរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងខណៈឯកឧត្ដម និងលោកជំទាវអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយដល់សមាជិកអតីតយុទ្ធជន និវត្តជន និងមនុស្សវ័យចាស់កម្ពុជា ក្នុងទិវាមនុស្សចាស់អន្តរជាតិលើកទី២៨ ក្រោមប្រធានបទ “ ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍ ” នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ ដោយមានសមាជិកជាអតីតយុទ្ធជន និវត្តជន និងមនុស្សវ័យចាស់មកពីតាមបណ្តាសង្កាត់ទាំង១០៥ ខណ្ឌទាំង១៤ចូលរួមចំនួន ៥២៥នាក់។

ឯកឧត្តម ឃួង ស្រេង បន្តថា សម្តេចទាំងទ្វេបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះមនុស្សចាស់ ដូច្នេះសូមឱ្យលោកអ៊ុ លោកពូ អ្នកមីងវ័យចាស់ និងប្រជាពលរដ្ឋទាំងអស់ជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងការដឹកនាំប្រទេស និងកិច្ចការពារបូរណភាពទឹកដីពីថៃឈ្លានពាន។

ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ទៀតថា ការបង្កើតឱ្យមានកម្មវិធីជួបសំណេះសំណាលសួរសុខទុក្ខមនុស្សវ័យចាស់ក្នុងរាជធានីភ្នំពេញនេះធ្វើឡើង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះមនុស្សចាស់ ដែលកន្លងមកមនុស្សចាស់បានយកអស់កម្លាំងកាយចិត្តក្នុងការបំរើជាតិមាតុភូមិ និងបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចំរើនរហូតមកដល់ពេលនេះ។ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ផងដែរថា អំណោយដែលផ្តល់ជូនលោកអ៊ុ លោកពូ អ្នកមីងវ័យចាស់ទាំង៥២៥នាក់នាពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយក្នុងម្នាក់ៗ ទទួលបានអង្គរចំនួន ២៥ គីឡូក្រាម ភួយ១ ក្រមា១ ត្រីខ១យូរ មី១កេសតូច ទឹកបរិសុទ្ធ១កេស និងថវិកា១០ម៉ឺនរៀល។

ក្នុងឱកាសនោះដែរលោក រឿន រិទ្ធីពង្ស ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញបានមានប្រសាសន៍ថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងតែដឹកនាំផ្តួចផ្តើមចង្អុលបង្ហាញជាប់ជាប្រចាំ ឱ្យគ្រប់មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់គិតគូរអំពីសុខទុក្ខជីវភាពរស់នៅរបស់អតីតយុទ្ធជន និវត្តជន និងមនុស្សវ័យចាស់ តាមរយៈការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី ថវិកា និងសម្ភារៈ ជាពិសេសអតីតយុទ្ធជន និងមនុស្សវ័យចាស់ដែលស្ថិតក្នុងគ្រួសារក្រីក្រជួបការលំបាកផ្នែកជីវភាពនាពេលកន្លងមក។

លោក រឿន រិទ្ធីពង្ស បានបន្តថា នៅរាជធានីភ្នំពេញមានមនុស្សវ័យចាស់សរុបចំនួន ២០៨,៩៥២នាក់។ មនុស្សវ័យចាស់ក្នុងគ្រួសារក្រីក្រមានបណ្ណសមធម៌សរុបចំនួន ៤៦,៨៥១នាក់ (ស្រី ៣០,៩៦៣នាក់)។ មនុស្សវ័យចាស់ទទួលប្រាក់ឧបត្ថម្ភប្រចាំខែក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារចំនួន ១៧,៤៩៨នាក់។ បច្ចុប្បន្នសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនរាជធានីភ្នំពេញសរុបចំនួន ១១,២៨៦នាក់ ក្នុងនោះមាន គ្រួសារពលីចំនួន ១,១១៤នាក់ គ្រួសារមរណៈចំនួន ៥៤៩នាក់ និវត្តជនចំនួន ៧,៨៣៤នាក់ ជនពិការចំនួន ១,៧០៥នាក់ និងជនបាត់បង់សមត្ថភាពចំនួន ៨៤នាក់។

លោកតា ងួន ឈិន អាយុ៨៤ឆ្នាំ រស់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងលោកតា ម៉ៅ សួន អាយុ៧១ឆ្នាំ រស់នៅភូមិដើមអំពិល សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ក្នុងឱកាសនោះដែរបានថ្លៃនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងឯកឧត្តម ឃួង ស្រេង ដែលតែងតែយកចិត្តទុកដាក់ចំពោះមនុស្សចាស់ទាំងពេលកន្លងមក និងបច្វុប្បន្ននេះ។ សម្តេចទាំងទ្វេមានភាពឈ្លាសវៃល្អណាស់ ដោយគិតគូបានគ្រប់ជ្រុលជ្រោយពីសុខទុក្ខ និងសុខមាលភាពប្រជាពលរដ្ឋគ្រប់រូប និងគ្រប់ទីកន្លែង។ លោកតាបន្តថា គោលនយោបាយរបស់រាជរដ្ឋាភិបាលចំពោះមនុស្សចាស់ គឺពិតជាធ្វើសកម្មភាពបានយ៉ាងល្អប្រសើរ ដែលធ្វើឱ្យពួកគាត់គាំទ្រយ៉ាងពេញទំហឹង៕អត្ថបទ៖ ប្រាក់ វ៉ាន់ដា

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia