ព័ត៌មាន
គ្រួសារមានជីវភាពក្រីក្រពុះពារបញ្ជូនកូនទៅរៀនដើម្បីកែប្រែអនាគត ក្រោមជំនួយបន្ថែមពីរាជរដ្ឋាភិបាល
គ្រួសារមានជីវភាពក្រីក្រ មិនចុះញ៉មនឹងបញ្ហាជីវភាពនោះឡើយ ដោយពួកគេនៅតែបញ្ជូនកូនទៅរៀន ដើម្បីក្រេបយកចំណេះវិជ្ជា ជាស្ពានចម្លងក្មេងជំនាន់ក្រោយឱ្យផុតពីភាពក្រីក្រ។ ជំនួយរាជរដ្ឋាភិបាល បានជួយមួយផ្នែកដល់ការសិក្សារបស់កូនៗពួកគេ។
អ្នកស្រី សុខ សុភាព ពលរដ្ឋរស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រាប់ BTV នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ ថា អ្នកស្រី មានកូនក្នុងបន្ទុកពីរនាក់ ដោយទទួលការជួយឧបត្ថម្ភពីរដ្ឋ តាមរយៈបណ្ណសមធម៌ និងធ្វើការងារតាមផ្ទះ អ្នកភូមិដើម្បីចិញ្ចឹមជីវិ។ អ្នកស្រីប្រាប់ ថា បើទោះបីជីវភាពលំបាក ប៉ុន្ដែអ្នកស្រី នៅតែបញ្ជូនកូនទៅរៀន ដើម្បីឱ្យកូនមានចំណេះ ពីព្រោះមានតែចំណេះនេះហើយ ដែលអាចជួយពួកគេឱ្យ គេចផុតពីភាពក្រីក្រ។ អ្នកស្រីបញ្ជាក់ ថា ការបញ្ជូនកូនទៅសាលារៀននេះ មិនមែនព្រោះតែចង់ពឹងផ្អែកលើការជួយរបស់រដ្ឋាភិបាលនោះឡើយ ប៉ុន្ដែអ្នកស្រីស្គាល់ពីតម្លៃនៃចំណេះ។ ហើយបើទោះបីរដ្ឋមិនបានឧបត្ថម្ភគាំទ្រ សម្រាប់ការសិក្សារបស់កូន ក៏អ្នកស្រីនៅតែបញ្ជូនកូនទៅរៀនដែរ។
អ្នកស្រី ដោក មុំ ពលរដ្ឋនៅសង្កាត់ព្រែកកំពឹសមួយរូបទៀត ប្រាប់ថា អ្នកស្រីមានចៅកំព្រាក្នុងបន្ទុកចំនួន ៣នាក់ ដែលម្នាក់ក្នុងចំណោមពួកគេ កំពុងរៀននៅថ្នាក់ទី៥។ អ្នកស្រីប្រាប់ ថា អ្នកស្រី ក្រីក្រលំបាក ប៉ុន្ដែចង់ឱ្យចៅមានចំណេះ ពីព្រោះចំណេះគឺជាស្ពាន ដែលជួយចៅឱ្យផុតពីជីវភាពក្រីក្រដូចអ្នកស្រី។ អ្នកស្រីអរគុណអាជ្ញាធរមូលដ្ឋាន ដែលយកចិត្តទុកដាក់ជួយគ្រួសារអ្នកស្រី និងពលរដ្ឋក្រីក្រផ្សេងៗទៀត រាល់ពេលជួបការលំបាក។ ហើយអ្នកស្រី អរគុណយ៉ាងខ្លាំងចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ដែលគិតគូសម្រាប់អ្នកក្រីក្រលំបាក ផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ បន្ថែមប្រាក់ទប់ទល់វិបត្តិឡើងថ្លៃប្រេងឥន្ធនៈ និងឧស្ម័នសកល ឧបត្ថម្ភប្រាក់សម្រាប់ជនចាស់ជរា និងឧបត្ថម្ភសម្រាប់ចៅ របស់អ្នកស្រី ក្នុងការរៀនសូត្រប្រចាំខែ។
កុមារី ម៉ុន លីដា អាយុ ១៣ឆ្នាំ កំពុងសិក្សានៅថ្នាក់ទី៦ “ក” នៅសាលាបឋមសិក្សាកែវមុនី ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ប្រាប់ ថា ឪពុក ម្ដាយ របស់ប្អូន បានជំរុញឱ្យទៅរៀន ដើម្បីចេះអាន ចេះសរសេរ និងគណនាលេខ។ កុមារីរូបនេះ បញ្ជាក់ ថា បើទោះបី ឪពុក ម្ដាយ មិនជំរុញ ប្អូនក៏សុំទៅរៀនដែរ ពីព្រោះចង់មានចំណេះដឹង ជួយខ្លួនឯងរកប្រាក់ចិញ្ចឹមជីវិត និងឪពុក ម្ដាយ នៅពេលដែលខ្លួនចម្រើនវ័យឡើង។
កុមារ សុគន្ធ រ៉ាយុត្ត កំពុងសិក្សាថ្នាក់ទី៥ បានប្រាប់ ថា កត្តាជីវភាពគ្រួសារក្រីក្រ មិនមែនជាឧបសគ្គរារាំងដល់បំណងចង់ទៅរៀននោះឡើយ។ កុមារារូបនេះ តាំងចិត្តខ្ពស់ខិតខំសិក្សា ដើម្បីជួយម្ដាយដែលជាស្រ្ដីមេម៉ាយ និងជីដូន ឱ្យផុតពីជីវភាពលំបាក។ រ៉ាយុត្តិ អរគុណអាជ្ញាធរ ពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ដែលឧបត្ថម្ភដល់គ្រួសារក្រីក្រ ឱ្យមានប្រាក់សម្រាប់ទ្រទ្រង់ជីវភាព និងទិញសម្ភារសិក្សា។ កុមារារូបនេះ ប្ដេជ្ញាខិតខំរៀនសូត្រ ដើម្បីជួយខ្លួនឯងឱ្យផុតពីជីវភាពលំបាក និងក្លាយជាធនធានមនុស្សសម្រាប់សង្គមជាតិ។
សូមជម្រាបជូន ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានបន្តអនុវត្តគោលនយោបាយ ពីរាជរដ្ឋាភិបាល សម្ដេចតេជោ ផ្ដល់កិច្ចគាំពារសង្គម ជូនប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះ ដោយផ្ដល់បណ្ណសមធម៌ ឧបត្ថម្ភប្រាក់ប្រចាំខែ សម្រាប់គ្រួសារតាមប្រភេទបណ្ណសមធម៌ ផ្ដល់ជូនប្រាក់បន្ថែមសម្រាប់ ជនចាស់ជរា ដែលមានអាយុពី ៦០ឆ្នាំឡើងទៅ និងប្រាក់សម្រាប់កូនៗ ដែលចូលរៀន ពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ។
ប្រមុខរាជរដ្ឋាភិបាល ធ្លាប់បញ្ជាក់ថា ប្រព័ន្ធគាំពារសង្គមរបស់រដ្ឋ ដាក់ចេញគឺដើម្បីសង្រ្គោះពលរដ្ឋក្រីក្រ ធានាការអភិវឌ្ឍដោយចីរភាព និងមិនបោះបង់ពលរដ្ឋណាម្នាក់ចោលនោះឡើយ៕ អត្ថបទ៖ លៀ ស៊ីណា





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣