Connect with us

ព័ត៌មាន

ធនាគារ ARDB និង FASMEC សហការរៀបចំវេទិកាថ្នាក់ជាតិលើកទី១ ដើម្បីដោះស្រាយបញ្ហាហិរញ្ញប្បទានរបស់ MSMEs

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) លើកទី១» ត្រូវបានបើកដំណើរការជាផ្លូវការ ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs»។ ព្រឹត្តិការណ៍ដ៏នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាការសហការរៀបចំដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមជាមួយសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)។

នៅក្នុងពិធីបើកកម្មវិធី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា វេទិកាជាតិនេះ គឺជាស្ពានចម្លងដ៏សំខាន់ក្នុងការតភ្ជាប់រវាង «ផ្នែកផ្គត់ផ្គង់ហិរញ្ញប្បទាន» (គ្រឹះស្ថានហិរញ្ញវត្ថុរដ្ឋ និងឯកជន) និង «ផ្នែកតម្រូវការ» (MSMEs)។ ការតភ្ជាប់នេះ គឺចាំបាច់ណាស់ដើម្បីលើកកម្ពស់ឱកាសហិរញ្ញប្បទានដែលមានបរិយាបន្ន ភាពបត់បែន និងងាយស្រួលទទួលបាន ដែលអាចឱ្យអាជីវកម្មនានាបង្កើនសមត្ថភាពប្រកួតប្រជែង ទ្រទ្រង់ប្រតិបត្តិការ និងពង្រឹងសកម្មភាពសេដ្ឋកិច្ចជាតិ។

ឯកឧត្តមបានបន្ថែមថា វេទិកានេះផ្តល់ឱកាសដ៏មានតម្លៃក្នុងការផ្លាស់ប្តូរទស្សនៈចែករំលែកបទពិសោធន៍ និងពង្រឹងការសម្របសម្រួលគោលនយោបាយ ដើម្បីដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបទៅនឹងតម្រូវការរបស់ MSMEs បានទាន់ពេលវេលា។ ជាពិសេស ជួយឱ្យ MSMEs ត្រៀមខ្លួនបានកាន់តែល្អប្រសើរក្នុងការកៀរគរទុន មិនត្រឹមតែតាមរយៈធនាគារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈទីផ្សារមូលធន ផងដែរ។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា MSMEs គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដោយបានរួមចំណែកប្រមាណ ៦៣% នៃ GDP និងស្រូបយកកម្លាំងពលកម្មរហូតដល់ ៧០% នៃមុខរបរការងារសរុប ។

ទន្ទឹមនឹងនេះ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានបញ្ជាក់ថា ធនាគារ ARDB និង FASMEC គ្រោងនឹងរៀបចំវេទិកានេះជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសេដ្ឋកិច្ច និងតម្រូវការជាក់ស្តែងរបស់ MSMEs។ សម្រាប់លើកទី១ ឆ្នាំ២០២៦នេះ វេទិកាមានគោលបំណងគន្លឹះចំនួន ៤ គឺ៖ ១.លើកកម្ពស់ចំណេះដឹង និងការត្រៀមលក្ខណៈរបស់ MSMEs ២.ស្វែងយល់ពីគម្លាតរវាងតម្រូវការ និងការផ្គត់ផ្គង់ហិរញ្ញប្បទាន ៣.លើកកម្ពស់ជម្រើស និងនវានុវត្តន៍ហិរញ្ញប្បទានទាំងក្នុងវិស័យធនាគារ និងមិនមែនធនាគារ និង៤.ពង្រឹងកិច្ចសហប្រតិបត្តិការ និងតភ្ជាប់បណ្តាញរវាងភាគីពាក់ព័ន្ធ។

ឯកឧត្តមសង្ឃឹមថា ទីនេះនឹងក្លាយជាកន្លែងរួមគ្នាស្វែងរកដំណោះស្រាយជាក់ស្តែង និងចង់ឃើញ MSMEs មានការគ្រប់គ្រងហិរញ្ញវត្ថុល្អ ទទួលបានការជឿទុកចិត្តពីអ្នកផ្តល់ឥណទាន និងមានលទ្ធភាពជ្រើសរើសប្រភពទុនសមស្របតាមដំណាក់កាលអាជីវកម្ម។

ចំណែកឯ ឧកញ៉ា តែ តាំងប៉ ប្រធានសហព័ន្ធ FASMEC បានបង្ហាញជំនឿយ៉ាងមុតមាំថា រយៈពេល២ថ្ងៃនៃវេទិកានេះ (ថ្ងៃទី២៧-២៨ តុលា) នឹងជួយឱ្យម្ចាស់សហគ្រាសយល់ច្បាស់ពីនីតិវិធីស្នើសុំកម្ចី និងរបៀបទទួលបានហិរញ្ញប្បទាន តាមរយៈការជួបពិភាក្សាដេញដោលដោយផ្ទាល់ជាមួយតំណាងធនាគារ។ លើសពីនេះ «ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាង FASMEC និង ARDB» នាឱកាសនោះ នឹងក្លាយជាគ្រឹះដ៏រឹងមាំក្នុងការជួយជ្រោមជ្រែងដល់សមាជិក FASMEC ឱ្យទទួលបានប្រភពទុនដែលមានអត្រាការប្រាក់ទាប និងលក្ខខណ្ឌអនុគ្រោះខ្ពស់។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia