Connect with us

ព័ត៌មាន

កម្ពុជា ស្វាគមន៍អ្នកដំណើរក្នុងនាវាទេសចរណ៍ Villa Vie Odyssey! នាវាដែលកំពុងជាប់គាំង នៅខេត្តព្រះសីហនុនេះ ព្រោះបញ្ហាផ្គត់ផ្គង់ប្រេង​មិនទាន់ពេល

ព្រះសីហនុ៖កម្ពុជា ស្វាគមន៍អ្នកដំណើរក្នុងនាវាទេសចរណ៍ Villa Vie Odyssey! នាវាដែលកំពុងជាប់គាំង នៅខេត្តព្រះសីហនុនេះ មានភ្ញៀវទេសចរចំនួន ២០៣នាក់ ស្រី ១១៦នាក់ (១៥សញ្ជាតិ) នាវិកចំនួន ១៥៦នាក់ (១៦សញ្ជាតិ)។

ជាក់ស្ដែង​នៅព្រឹកថ្ងៃទី២៩ ខែតុលានេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយភ្ញៀវទេសចរអន្តរជាតិ និងនាវឹកលើនាវាទេសចរណ៍អន្តរជាតិ ODYSSEY ដែលបានចូលចតនៅកំពង់ផែខេត្តព្រះសីហនុហួសថ្ងៃកំណត់ និងមិនទាន់បន្តដំណើរទៅទៀតបាន ដោយសារបញ្ហាផ្គត់ផ្គង់ប្រេងយឺតយ៉ាវ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងប្រាប់ BTVថា បន្ទាប់ពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល នៅព្រឹកមិញនេះ ឯកឧត្តម បានដឹកនាំ ក្រុមការងារ អញ្ជើញទៅចុះជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំ កាប់ពីទែន និងសមាជិកនានានៅក្នុងនាវាអន្តរជាតិ ODYSSEY ដើម្បី ទី១ ស្តាប់ពីហេតុផលពិត ដែលនាវា មិនទាន់ចាកចេញពីកម្ពុជា តាមការគ្រោងទុក ទី២ ស្តាប់រាល់សំណូមពរ និងណែនាំឲ្យក្រុមការងារ ដែលមានសមត្ថកិច្ចរៀងៗខ្លួន រួមគ្នាដោះស្រាយរាល់សំណូមពរ និងជួយសម្របសម្រួលឲ្យបានលឿនបំផុត ជូននាវា និងភ្ញៀវទេសចរអន្តរជាតិ មកពីតាមបណ្តាប្រទេស ដែលមានភាគច្រើនអ្នកចូលនិវត្ត ស្នាក់នៅកម្ពុជា ទទួលបានសុខុមាល សុខសុវត្ថិភាព សេចក្តីថ្នៃថ្នូ និងមានភាពកក់ក្តៅល្អបំផុត មុននឹងបន្តធ្វើដំណើរត្រឡប់វិញ។

សូមជម្រាបថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Villa Vie Residences បានបញ្ជាក់ថា ជាធម្មតាការចំណាយលើប្រេងឥន្ធនៈប្រចាំខែគឺមានតម្លៃប្រហែល ១.៨០០ ដុល្លារក្នុងមួយបន្ទប់ ប៉ុន្តែថ្មីៗនេះ តម្លៃបានកើនឡើងដល់ប្រហែល ៦.០០០ ទៅ ៨.០០០ ដុល្លារ នៅក្នុងតំបន់ខ្លះ​នៃ​​ទ្វីប​អាស៊ី។ក្រុមហ៊ុនបានលើកឡើងថា ​ខ្លួន​​​មិនអាចទម្លាក់បន្ទុកនៃការឡើងថ្លៃ​នេះទៅលើអ្នកដំណើរ​បានទេ​ ទើបបណ្ដាល​ឲ្យការខ្វះខាតនេះ​ប៉ះពាល់ដល់​​ប្រតិបត្តិការ​បច្ចុប្បន្ន​ក្រោមសម្ពាធហិរញ្ញវត្ថុដែលមិនអាចទ្រាំទ្រង់បាន។​

ក្រុមហ៊ុន Villa Vie Residences ពុំ​​​បានឆ្លើយតបភ្លាមៗចំពោះសំណួរនានានោះទេ។ នាវា Odyssey នេះអាចផ្ទុកមនុស្សបាន ៦៥០ នាក់ ប៉ុន្តែបន្ទប់នានារបស់នាវា​នេះ​ រួមទាំងបន្ទប់ប្រភេទ «villa suites» ដែលមានតម្លៃ ៤៤០.០០០ ដុល្លារនោះ គឺនៅមិនទាន់មានអ្នកទិញពេញទាំងអស់នៅឡើយទេ។ ចំណែកឯបន្ទប់ប្រភេទ «villa» ដែលស្ថិតនៅផ្នែកខាងក្នុងនៃនាវាវិញ មានតម្លៃ ១២០.០០០ ដុល្លារ។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា នាវានេះបានមកពីប្រទេសថៃ ហើយចូលចតនៅក្រុងព្រះសីហនុកាលពីថ្ងៃទី២៣ ខែតុលា។ លើនាវាមានអ្នកដំណើរ២០៣នាក់ និងនាវិក១៥៦នាក់។ តាមគម្រោង នាវានឹងបន្តដំណើរទៅវៀតណាម ប៉ុន្តែអ្នកដំណើរបែរជាទទួលបានពេលត្រឹមតែ៧ម៉ោងប៉ុណ្ណោះ ដើម្បីរៀបចំ​អីវ៉ាន់ចុះពីនាវានេះទៅវិញ​៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia