Connect with us

ព័ត៌មាន

កាកបាទក្រហមកម្ពុជា ចែកអំណោយ និងផ្តល់ «អាហារផ្លូវចិត្ត» ដល់ជនពិការភ្នែក

បន្ទាប់ពីបានផ្តល់អំណោយមនុស្សធម៌លើកទី១ កាលពីខែមេសា ឆ្នាំ២០២៦រួចមក ដោយក្តីស្រឡាញ់ និងការគិតគូរជានិច្ចពីសុខទុក្ខជនមានពិការភាព សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ បានចាត់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត សំណេះសណាល និងផ្តល់ជូនអំណោយមនុស្សធម៌ជាគ្រឿងឧបភោគ-បរិភោគ និងថវិកាលើកទី២ ប្រចាំឆ្នាំ២០២៦ (ត្រូវជាលើកទី២១ ចាប់តាំងពីឆ្នាំ២០១៤មក) ជូនដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក (សមាគមតន្ដ្រីសំនៀងជនពិការ) និងជនមានពិការភាពចំនួន ១៥០នាក់ ស្ថិតនៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

​បន្ទាប់ពីបានស្តាប់របាយការណ៍របស់ ឯកឧត្តម ចាប តូ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែករួចមក លោកជំទាវ ពុំ ចន្ទីនី បានពាំនាំនូវការសួរសុខទុក្ខ និងក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងស្រឡាញ់អាណិតអាសូរដល់បងប្អូនជនមានពិការភាព។ ជាមួយគ្នានេះ លោកជំទាវបានកោតសរសើរដល់ ឯកឧត្តម ចាប តូ ដែលបានដឹកនាំសមាគមឱ្យមានការរីកចម្រើន រឹងមាំ ព្រមទាំងបានផ្តល់ការបណ្តុះបណ្តាលជំនាញ និងស្វែងរកការងារធ្វើជូនសមាជិក។

​លោកជំទាវបានបន្ថែមថា ការរៀបចំពិធីសួរសុខទុក្ខ និងផ្តល់អំណោយនាឆ្នាំនេះ គឺមានលក្ខណៈប្លែកពីឆ្នាំមុនៗ ដោយមិនបានរៀបចំជាអាហារផ្លូវកាយនោះទេ ប៉ុន្តែបានរៀបចំជា «អាហារផ្លូវចិត្ត» វិញ តាមរយៈការនិមន្ត សម្ដេចព្រះឧត្ដមវង្សា បណ្ឌិត គូ សុភាព សម្តែងព្រះធម៌អប់រំចិត្ត។

​ជាចុងក្រោយ លោកជំទាវ អគ្គលេខាធិការ បានក្រើនរំលឹកដល់អង្គពិធីទាំងមូលឱ្យបង្កើនការថែទាំសុខភាព ដោយកាត់បន្ថយការបរិភោគអាហារផ្អែម ប្រៃ ខ្លាញ់ បំពង កំប៉ុង ព្រមទាំងគ្រឿងស្រវឹង និងបារី ដើម្បីជៀសវាងជំងឺមិនឆ្លងទាំង ៤ (ទឹកនោមផ្អែម បេះដូងនិងសរសៃឈាម មហារីក និងរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ) និងត្រូវប្រកាន់ខ្ជាប់នូវអនាម័យក្នុងការរស់នៅជានិច្ច។

​សូមបញ្ជាក់ថា អំណោយលើកទី២ ប្រចាំឆ្នាំ២០២៦នេះ រួមមាន៖ ថវិកាចំនួន ១០លានរៀល ជូនដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក (សមាគមតន្ដ្រីសំនៀងជនពិការ) និងអំណោយជូនដល់ជនមានពិការភាពចំនួន ១៥០នាក់ ដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ទឹកបរិសុទ្ធ ១កេស និងថវិកាចំនួន ៥ម៉ឺនរៀល៕ អត្ថបទ សំ ងីម

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia