Connect with us

ព័ត៌មាន

រដ្ឋបាលខេត្តសៀមរាប នឹងផ្អាកចរាចរជាបណ្ដោះអាសន្ន​នៅ​បណ្ដោយ​មាត់​ស្ទឹង​សៀម​រាប​លើវិថី​ពោធិ៍កំបោរ បញ្ជៀស​​ការកកស្ទះ​​នៅ​ទីតាំងរៀបចំកម្មវិធី «ភូមិវប្បធម៌ នៃហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» ចាប់ពីថ្ងៃទី៦ដល់៨ ខែវិច្ឆិកា

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ឱ្យបញ្ចៀស​ចរាច​រ​ជា​បណ្ដោះ​អាសន្ន នៅទីតាំងរៀបចំកម្មវិធី «ភូមិវប្បធម៌នៃហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៨​ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្ដោយមាត់ស្ទឹងសៀមរាបលើផ្លូវពោធិ៍កំបោរ ដោយ​មាន​ការ​រៀប​ចំ​ជា​ផ្សារវប្បធម៌ដែលមានស្ដង់ប្រមាណ ៦០ស្ដង់ ដាក់តាំងបង្ហាញផលិតផល និង​សិប្បកម្ម​មក​ពី​បណ្ដា​ប្រទេសនិយាយភាសាបារាំង រួមទាំងសិប្បកម្មខ្មែរ និងការប្រគុំតន្ត្រី។

រដ្ឋបាលខេត្តសៀមរាបបានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ មេត្តាជ្រាបថា៖ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសភាពាណិជ្ជកម្ម និង​ឧស្សាហ​កម្ម បារាំង ប្រចាំខេត្តសៀមរាប នឹងរៀបចំកម្មវិធី «ភូមិវប្បធម៌នៃហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» ចាប់​ពី​ថ្ងៃ​ទី៦ ដល់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្តោយមាត់ស្ទឹងសៀមរាបលើផ្លូវពោធិ៍កំបោរ ដោយ​មានការរៀបចំជា ផ្សារវប្បធម៌ដែលមានស្តង់ប្រមាណ ៦០ស្តង់ ដាក់តាំងបង្ហាញផលិតផល និង​សិប្បកម្មមកពីបណ្តាប្រទេស និយាយភាសាបារាំង រួមទាំងសិប្បកម្មខ្មែរ និងការប្រគុំតន្ត្រី។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បី ផ្សព្វផ្សាយសហគមន៍ហ្វ្រង់កូហ្វូនីនៅប្រទេសកម្ពុជា និង​ចូលរួមអបអរសាទរកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រមទាំងចូលរួម លើកកម្ពស់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ក្នុងខេត្តសៀមរាប។

ក្នុងន័យនេះ ដើម្បីបញ្ចៀសការកកស្ទះចរាចរ និងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀប រៀប​រយឱ្យបានល្អប្រសើរនៅក្នុងការរៀបចំកម្មវិធីខាងលើ រដ្ឋបាល​ខេត្ត​សៀមរាប​នឹង​ផ្អាក​កា​រ​ធ្វើ​ចរាចរ​លើកំណាត់ផ្លូវតាមបណ្តោយមាត់ស្ទឹងលើវិថីពោធិ៍កំបោរ ត្រង់ចំណុចកែងបត់ផ្លូវអ៊ុំឃុន រហូត​ដល់​ផ្លូវព្រះសង្ឃរាជ ទេព វង្ស ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលា​ម៉ោង​១០:០០នាទី ដល់២៣:០០នាទី។

រដ្ឋបាលខេត្តសៀមរាបបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មគ្រប់ប្រភេទដែល នៅ​ទីតាំងរៀបចំកម្មវិធីខាងលើ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន និង​ចូល​រួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងយោគយល់​អធ្យាស្រ័យ​តាម​ការ​គួរ​៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia