ព័ត៌មាន
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េបេ្តជ្ញាជំរុញទំនាក់ទំនងកម្ពុជា-កូរ៉េ ឱ្យកាន់តែរីកចម្រើនថែមទៀត
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៤នេះបានអនុញ្ញាតឱ្យ ឯកឧត្តម ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប ឯកឧត្តម ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចផ្លូវការ របស់សម្ដេចធិបតីនៅសាធារណរដ្ឋកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៤ ដែលជាមូលដ្ឋានក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានប្ដេជ្ញាខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងសាធារណរដ្ឋកូរ៉េ-កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង-សា្ថប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងគំនិតផ្ដួចផ្ដើមនានា ដែលបានសម្រេចក្នុងដំណើរទស្សនកិច្ចផ្លូវការខាងលើ។

សម្ដេចធិបតីបានកោតសសើរចំពោះការចូលរួមយ៉ាងសកម្មរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ។ សម្តេចធិបតីបានសម្តែងក្តីរីករាយចំពោះភាពរីកចម្រើនជាលំដាប់ និងជាបន្តបន្ទាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលត្រូវបានតម្លើងកម្រិតដល់ “ភាពជាដៃគូយុទ្ធសាស្រ្ត” នៅក្នុងឆ្នាំ២០២៤នេះ។ សម្ដេចធិបតី បានអរគុណរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមគាំទ្រ និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួន រួមមាន៖ វិស័យពាណិជ្ជកម្ម និងវិនិយោគ, វិស័យការពារជាតិនិងសន្តិសុខ, វិស័យទេសចរណ៍, ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ព្រមទាំងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចធិបតី ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសអំណោយផលដល់ការវិនិយោគនៅកម្ពុជា តាមរយៈការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត និងយន្តការសម្របសម្រួលជាច្រើន សំដៅបង្កើនទំនុកចិត្ត និងជោគជ័យរបស់វិនិយោគិនកូរ៉េដែលបណ្តាក់ទុននៅប្រទេសកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានគូសបញ្ជាក់ថា វិនិយោគិនកូរ៉េមានការចាប់អារម្មណ៍ចំពោះប្រទេសកម្ពុជា បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី, សិក្ខាសាលា និងវេទិកាធុរកិច្ចជាបន្តបន្ទាប់៕

-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង