Connect with us

ព័ត៌មាន

អ្នកសារព័ត៌មានជិត ១ពាន់នាក់ចុះឈ្មោះយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា

ភ្នំពេញ៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត ១ពាន់នាក់ បានចុះឈ្មោះចូលរួមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ដើម្បីធានាឱ្យការផ្សព្វផ្សាយព្រឹត្តិការណ៍អន្តរជាតិនេះប្រព្រឹត្តទៅដោយរលូន ក្រសួងព័ត៌មានបានត្រៀមរៀបចំមជ្ឈមណ្ឌលព័ត៌មាន និងសម្ភារៈបច្ចេកទេសចាំបាច់គ្រប់គ្រាន់ ព្រមទាំងសហការជាមួយទូរទស្សន៍បារាំងក្នុងការផលិត និងផ្សាយផ្ទាល់ពីព្រឹត្តិការណ៍នេះទៅកាន់ពិភពលោក។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មការជាតិ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី  បានបញ្ជាក់ថា កម្ពុជាសម្តែងនូវមោទនភាពជាតិយ៉ាងក្រៃលែង ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦។ នៅសល់តែ ១០ថ្ងៃទៀតប៉ុណ្ណោះ កិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះនឹងឈានចូលមកដល់។ បច្ចុប្បន្ន គណៈកម្មាការជាតិរៀបចំកិច្ចប្រជុំកំពូលនេះ កំពុងតែញាប់ដៃញាប់ជើងយ៉ាងខ្លាំងក្នុងការត្រៀមលក្ខណៈគ្រប់ផ្នែក ដើម្បីធានាឱ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

ឯកឧត្តម បានបន្តថា គិតត្រឹមថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ មានគណៈប្រតិភូចំនួន ៧៨ ហើយដែលបានបញ្ជាក់ជាផ្លូវការថានឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ។ ក្នុងនោះ មានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលចំនួន ២១រូប នឹងអញ្ជើញមកចូលរួមដោយផ្ទាល់។ ចំណែក អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានចុះឈ្មោះសរុបចំនួន ៩៦២នាក់។ ក្នុងនោះ មានអ្នកសារព័ត៌មានអន្តរជាតិចំនួន ៣២០នាក់ មកពី ១៣៥ ស្ថាប័នជុំវិញពិភពលោក ហើយចំនួននេះត្រូវបានរំពឹងថានឹងបន្តកើនឡើងបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តី​បញ្ជាក់ទៀតថា ជាមួយគ្នានេះ កម្ពុជាក៏បានសហការជាមួយទូរទស្សន៍បារាំងមួយ ដើម្បីផលិត​ព័ត៌មាន និងធ្វើការផ្សាយផ្ទាល់ពីព្រឹត្តិការណ៍នេះផងដែរ។ ក្នុងឱកាសនេះ ក្រសួងព័ត៌មានបានអំពាវនាវដល់អ្នកសារព័ត៌មានជាតិទាំងអស់ ឱ្យរួសរាន់មកចុះឈ្មោះចូលរួមយកព័ត៌មាន ក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឱ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា នេះជាលើកទីមួយហើយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដែលកិច្ចប្រជុំកំពូលនេះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២៦ ក្រោម «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ ព្រឹត្តិការណ៍នេះធ្វើឡើងបន្ទាប់ពីរយៈពេល ២៩ឆ្នាំ ដែលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីធ្លាប់បានរៀបចំឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កាលពីឆ្នាំ១៩៩៧ នៅប្រទេសវៀតណាម។ គួររំលឹកផងដែរថា កិច្ចប្រជុំកំពូលលើកទី១៩ មុននេះ គឺបានប្រព្រឹត្តទៅកាលពីឆ្នាំ២០២៤ នៅប្រទេសបារាំង៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia