Connect with us

ព័ត៌មាន

គណៈកម្មការបន្តបែងចែកកន្លែងការងារ ជូនបេក្ខជនជាប់បម្រុងគ្រូវិទ្យាល័យ ផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងតម្រូវការជាក់ស្តែង នៅតាមអនុវិទ្យាល័យដែលទំនេរ

បន្ទាប់ពីបានបញ្ចប់ដំណើរការបែងចែកកន្លែងការងារយ៉ាងសកម្មនាពេលព្រឹក គណៈកម្មការអន្តរក្រសួងនៃក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា បានបន្តដឹកនាំអនុវត្តនីតិវិធីលម្អិតនាពេលរសៀល ចាប់ពីម៉ោង ១៣:៣០នាទីតទៅ នៅអគារ K សាលប្រជុំធំ នៃមណ្ឌលវិទ្យាស្ថានជាតិអប់រំ (NIE)។

នៅក្នុងដំណើរការវគ្គរសៀលនេះ គណៈកម្មការ បានប្រមូលផ្ដុំបេក្ខជនជាប់បម្រុងកម្រិតវិទ្យាល័យ មកពីបណ្តាខេត្តក្រុងនានាទូទាំងប្រទេស ដែលមិនទាន់ទទួលបានកន្លែងការងារ ដើម្បីបន្តនីតិវិធីបែងចែកទីកន្លែងបំពេញការងារ (ចាប់ប៉ុស្តិ៍) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ នីតិវិធីក្នុងរសៀលនេះ គឺត្រូវបានអនុវត្តជាពិសេសសម្រាប់តែមុខវិជ្ជាឯកទេសទាំងឡាយណា ដែលនៅមានតម្រូវការជាក់ស្តែង និងមានប៉ុស្តិ៍ទំនេរនៅតាមគ្រឹះស្ថានសិក្សាសាធារណៈប៉ុណ្ណោះ។ បេក្ខជនម្នាក់ៗ នៅតែបន្តទទួលបានសិទ្ធិពិនិត្យ និងជ្រើសរើសប៉ុស្តិ៍ការងារ ដែលនៅទំនេរដោយផ្ទាល់ ផ្អែកលើលំដាប់ពិន្ទុអាទិភាព និងទិន្នន័យតម្រូវការជាក់ស្តែងចំពោះមុខគណៈកម្មការ។

លើសពីនេះ គណៈកម្មការបានបើកផ្លូវ និងផ្តល់ការសម្របសម្រួលពិសេសបន្ថែម ផ្អែកលើគោលការណ៍ស្ម័គ្រចិត្តរបស់បេក្ខជន។ នៅក្នុងករណីដែលកន្លែងការងារនៅកម្រិតអនុវិទ្យាល័យ នៅមានតម្រូវការទំនេរ បន្ទាប់ពីការបែងចែកជូនបេក្ខជនជាប់បម្រុងកម្រិតអនុវិទ្យាល័យរួចរាល់ គណៈកម្មការ បានផ្តល់លទ្ធភាព និងសិទ្ធិអាទិភាព ដល់បេក្ខជនជាប់បម្រុងកម្រិតវិទ្យាល័យ ដែលមិនទាន់ទទួលបានកន្លែងការងារ ឱ្យមានឱកាសស្ម័គ្រចិត្តជ្រើសរើសប៉ុស្តិ៍ការងារ នៅតាមអនុវិទ្យាល័យដែលមានតម្រូវការទាំងនោះបានភ្លាមៗ។

ការរៀបចំយន្តការបន្ថែមនាពេលរសៀលនេះ គឺឈរលើស្មារតីយោគយល់គ្នាទៅវិញទៅមក ដើម្បីធានាថា បេក្ខជនជាប់បម្រុងដែលមានសមត្ថភាព នឹងមិនបាត់បង់ឱកាស ក្នុងការចូលរួមបម្រើការងារក្នុងវិស័យអប់រំ ស្របតាមទិសដៅ «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ» របស់រាជរដ្ឋាភិបាល។ ដំណើរការពេញមួយរសៀលនេះ បានប្រព្រឹត្តទៅប្រកបដោយភាពរលូន សុក្រឹត និងយុត្តិធម៌ ដោយបេក្ខជនទាំងអស់ អាចមើលឃើញជម្រើសប៉ុស្តិ៍ការងារ ដែលនៅសល់ដោយផ្ទាល់ភ្នែក គ្មានការលាក់លៀមនោះឡើយ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia