Connect with us

ព័ត៌មាន

យោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ

ក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថាយោធាថៃបានពង្រាយរថក្រោះចំនួនពីរគ្រឿង ដែលមានចម្ងាយ ជាងពីររយម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាននៅតំបន់ភូមិជោគជ័យ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រុមអ្នកសម្របសម្រួលកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលហៅកាត់ថា AOT-KH ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ដែលយោធាថៃបានដាក់ពង្រាយរថក្រោះចំនួន០២គ្រឿង ដែលមានចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងដែលក្រុមសង្កេតការណ៍អាស៊ានឈរសង្កេតការណ៍ នៅចំណុចតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ការចុះសង្កេតការណ៍ ការពិនិត្យ និងការផ្ទៀងផ្ទាត់ដោយផ្ទាល់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ានដល់ទីតាំងជាក់ស្តែង ពិតជាផ្តល់ឱកាសឱ្យគណៈប្រតិភូបានឃើញដោយផ្ទាល់នូវផលប៉ះពាល់មនុស្សធម៌ ដែលប្រជាពលរដ្ឋស៊ីវិលកម្ពុជានៅតែបន្តប្រឈម និងមើលឃើញយ៉ាងច្បាស់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមា ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបួនរបស់សេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។

បើតាមក្រសួងការពារជាតិបានបញ្ជាក់ផងដែរថា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មកយោធាថៃបាននឹងកំពុងបន្តធ្វើសកម្មភាពដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ការបង្កការភ័យខ្លាច និងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់នៅតំបន់ភូមិជោគជ័យ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ៣៩៥១នាក់ ស្មើនឹង ១០៤៥គ្រួសារ (ក្នុងនោះមានកុមារចំនួន ១១៥៥នាក់) មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។ យ៉ាងណាក៏ដោយកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia