ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងសុខាភិបាល : ការបរិច្ចាគឈាម គឺជាការធ្វើអំពើមនុស្សធម៌ ដើម្បីសង្រ្គោះជីវិតមនុស្ស និងជាកាដូនៃសេចក្តីស្រលាញ់ ចេញពីបេះដូងយ៉ាងពិតប្រាកដ
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអៈអាងថា : ការបរិច្ចាគឈាម គឺជាការធ្វើអំពើមនុស្សធម៌ ដើម្បីសង្រ្គោះជីវិតមនុស្ស និងជាកាដូនៃសេចក្តីស្រលាញ់ ចេញពីបេះដូងយ៉ាងពិតប្រាកដ។
ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល យ៉ាងដូច្នេះក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យព្រះអង្គឌួង ដែលរៀបចំឡើងនៅមន្ទីរពេទ្យព្រះអង្គឌួង, នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងទៀតថា ការបរិច្ចាគឈាម គឺជាវីរៈបុរស ហើយការផ្តល់ឈាម គឺបង្ហាញពីអំពើល្អ ទឹកចិត្តស្រឡាញ់ ការជួយសង្គ្រោះអាយុជីវិត ទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ក៏បង្ហាញឲ្យឃើញនូវការសហការគ្នា សាមគ្គីភាពជាឆ្លុងមួយរបស់មន្ត្រីសុខាភិបាល ដើម្បីជាផ្នែកមួយក្នុងការពង្រឹងវិស័យសុខាភិបាល នៅព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែអំពាវនាវលើកទឹកចិត្តជាបន្តបន្ទាប់ឱ្យប្រជាពលរដ្ឋ និងយុវជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីបង្ហាញជាទីស្រឡាញ់ ជួយសង្រ្គោះជីវិតអ្នកជំងឺ ដែលកំពុងត្រូវការឈាមចាំបាច់បំផុតនៅក្នុងប្រទេស។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែរៀបចំ និងគាំទ្រយុទ្ធនាការលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តតាមរយៈសាខាកាកបាទក្រហមកម្ពុជា រាជធានី-ខេត្ត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋជាចម្បង និងសូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចធិបតី ដែលជាសប្បុរសជនបរិច្ចាគឈាមទៀងទាត់ ជាគំរូសម្រាប់យុវជន កងទ័ព និងប្រជាពលរដ្ឋទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយសម្តេចបានចាត់ទុក «ការបរិច្ចាគឈាម គឺជាការធ្វើអំពើមនុស្សធម៌ ដើម្បីសង្រ្គោះជីវិតមនុស្ស និងជាកាដូនៃសេចក្តីស្រឡាញ់ ហូរចេញពីបេះដូងយ៉ាងពិតប្រាកដ ជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា»។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកគ្រប់ផ្នែក នៃមន្ទីរពេទ្យព្រះអង្គឌួង ចំពោះការរីកចម្រើនគួរឲ្យកត់សំគាល់ ហើយកំណើនអ្នកមកទទួលសេវាមានការកើនឡើងយ៉ាងខ្លាំង ដែលជាមន្ទីរពេទ្យថ្នាក់ជាតិមួយបម្រើសេវាសុខភាពប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត បានជួយកាត់បន្ថយភាពក្រីក្រ និងបន្ថយលំហូរចេញទៅព្យាបាលនៅបរទេស ដែលស្របទៅនឹងយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល និងគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះដែរ ឯកឧត្តមសាស្ត្រារ្យរដ្ឋមន្ត្រី ក៏បានផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយស ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពេទ្យព្រះអង្គឌួង ដើម្បីជាការលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែង និងការលះបង់ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ចំនួន ១២៩គ្រឿង រួមមាន៖ មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន ៤គ្រឿង មុន្នីសារាភ័ណ្ឌថ្នាក់មហាសេរីវឌ្ឍន៍ ១គ្រឿង មុន្នីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ៣គ្រឿង មុន្នីសារាភ័ណ្ឌ ថ្នាក់សេនា ៤គ្រឿង មុន្នីសារាភ័ណ្ឌ ថ្នាក់អស្សឫទ្ធិ ៦គ្រឿង មេដាយមាសការងារ ៨គ្រឿង មេដាយប្រាក់ការងារ ៥គ្រឿង មេដាយសំរិទ្ធការងារ ៩៨គ្រឿង៕
អត្ថបទ រដ្ឋា

















-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ