Connect with us

ព័ត៌មាន

អត្ដពលិក ១៤ជាតិសាសន៍ ជិះកង់ ៧៣គីឡូម៉ែត្រជុំវិញរាជធានីភ្នំពេញ អបអរ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រធំៗ​ចំនួន២

ព្រឹត្តិការណ៍ជិះកង់កម្សាន្ដចម្ងាយ ៧៣គីឡូម៉ែត្រជុំវិញរាជធានីភ្នំពេញ រៀបចំក្លិបអ្នកជិះកង់អូដាកចម្រុះកម្ពុជា ដោយមានកិច្ចសហការ និងការគាំទ្រពេញទំហឹងពីក្រសួងទេសចរណ៍ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ បានប្រព្រឹត្តដោយជោគជ័យ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមជិត ៦០០នាក់ មកពី ១៤ជាតិសាសន៍ ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រធំៗចំនួន ២ គឺអបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩-វិច្ឆិកា និងការស្វាគមន៍មកកាន់ភូមិហ្វ្រង់កូហ្វូនី ដែលជាព្រឹត្តិការណ៍អមដ៏ធំ នៃការធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា។

កម្មវិធីកីឡាទេសចរណ៍ដ៏មានអត្ថន័យនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព និងការចូលរួមជិះកង់ផ្ទាល់ពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អមជាមួយមន្ដ្រីថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិសរុបប្រមាណជិត ៦០០នាក់ ក្នុងនោះក៏មានអត្តពលិកបរទេស ១៤ជាតិសាសន៍ចូលរួមផងដែរ ដែលញាំងឲ្យព្រឹត្តិការណ៍នេះកាន់តែអធិកអធម និងបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកចូលរួម និងសង្គមជាតិទាំងមូល។

ឯកឧត្តម ហួត ហាក់ បានចាត់ទុកនេះ គឺជាសកម្មភាពមួយ ក្នុងចំណោមកម្មវិធីជាច្រើន ដែលក្រសួងទេសចរណ៍ បានរៀបចំ និងសហការរៀបចំ ក្នុងគោលបំណងទី១ ដើម្បីអបអរសាទរទិវាបុណ្យឯករាជាតិ និងទី២ អបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៃការទទួលធ្វើម្ចាស់ផ្ទះលើកដំបូង នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ។ ជាមួយគ្នា ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រប់ភាគីពាក់ព័ន្ធ ដែលបានសហការរៀបចំ និងចូលរួម ធ្វើឲ្យកម្មវិធីជិះកង់កម្សាន្ដនេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

ជាមួយគ្នា ឯកឧត្តម វ៉ាហេង ដាវុធ បានបង្ហាញសេចក្ដីសោមនស្សរីករាយ ចំពោះការចូលរួមយ៉ាងផុសផុលពីប្រជាពលរដ្ឋ រហូតជនបរទេស ក្នុងការចូលរួមជិះកង់អបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រធំៗទាំងពីរ ។ កីឡាមិនត្រឹមនាំមកនូវសុខភាព ទំនាក់ទំនង សាមគ្គីភាពចម្រុះជាតិសាសន៍នោះទេ តែក៏បានចូលរួមលើកកម្ពស់កេរ្ដិ៍ឈ្មោះកម្ពុជាលើឆាកអន្ដរជាតិ តាមរយៈសកម្មភាពកីឡាទេសចរណ៍ និងព្រឹត្តិការណ៍នានា រួមទាំងជួយលើកកម្ពស់វិស័យទេសចរណ៍ផងដែរ។

ក្នុងនោះឱកាសនោះដែរ លោក ឈួន សុភ័ក្ដ្រសាដា តំណាងក្លិបអ្នកជិះកង់អូដាកចម្រុះកម្ពុជា បានបង្ហាញមោទនភាព ដែលជានិច្ចកាលក្លិបរបស់ខ្លួន តែងមានឱកាសរៀបចំព្រឹត្តិការណ៍ ជាប្រយោជន៍សម្រាប់សង្គមជាតិ ហើយតាំងទទួលបានការគាំទ្រពីអាជ្ញាធរ ពិសេសក្រសួងទេសចរណ៍ ហើយកាន់តែមានអត្ថន័យថែមទៀត សម្រាប់កម្មវិធីជិះកង់កម្សាន្ដ ៧៣គីឡូម៉ែត្រជុំវិញរាជធានីភ្នំពេញ ដើម្បីអបអរសាទរព្រឹត្តិការណ៍ធំៗជាប្រវត្តិសាស្ដ្រពីរ នៅពេលនេះ។

ទន្ទឹមជាមួយគ្នា ក្រៅពីថ្នាក់ដឹកនាំ និងតំណាងក្លិបរៀបចំ លោក រ៉េម បូ តំណាងក្រុមម៉ូតូធំ BMW Cambodia ក៏មានមោទនភាពដូចគ្នា ដែលបានចូលរួមចំណែកសម្របសម្រួលក្បួនកង់តាមដងផ្លូវធ្វើឲ្យព្រឹត្តិការណ៍នេះ ដំណើរការទៅរលូន ប្រកបដោយសុវត្ថិភាព ហើយក្រុមរបស់ខ្លួនក៏រីករាយនឹងបន្ដចូលរួមរាល់សកម្មភាពផ្សេងៗទៀត ដែលរួមចំណែកជួយដល់ការងារសង្គមផងដែរ។

គួរដឹងថា ជនបរទេស ១៤ជាតិសាសន៍ ដែលបានចូលរួមជិះកង់អបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងស្វាគមន៍មកកាន់ ភូមិហ្វ្រង់កូហ្វូនី  រួមមានបារាំង អាមេរិក ចិន ហូឡង់ អូទ្រីស អ៉ីតាលី អាល្លឺម៉ង់ កាណដា ឥណ្ឌា សិង្ហបុរី មីយ៉ាន់ម៉ា ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ដោយមានការស្វាគមន៍យ៉ាងកក់ក្ដៅ ទាំងពេលចេញដំណើរពីទីស្ដីការក្រសួងទេសចរណ៍ និងបញ្ចប់នៅភូមិហ្វ្រង់កូហ្វូនី ក្នុងបរិវេណសួនច្បារមុខវត្តបទុមវតី ពីឯកឧត្តម ហួត ហាត់ និងថ្នាក់ដឹកនាំជាច្រើនទៀតផងដែរ៕អត្ថបទ លី ឈុនឡា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia