ព័ត៌មាន
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងជាព្រះរាជាធិបតី ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជពិធីបុណ្យខួបអនុស្សាវរីយ៍ លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៦) និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានឯករាជ្យ រាជធានីភ្នំពេញ។
ពិធីអបអរសាទររំលឹកខួបនៃការដណ្តើមបានឯករាជ្យ ត្រូវបានប្រារព្ធឡើងយ៉ាងកងរំពងក្រោមរាជាធិបតីភាពជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បុត្រាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិខ្មែរ។ ពិធីនេះក៏មានការអញ្ជើញចូលរួមដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីប្រទានភ្លើងទៀនជ័យពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃកម្ពុជា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មន្ត្រីរាជការ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
ការប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ក្រៅតែពីក្នុងរាជធានីភ្នំពេញ នៅតាមបណ្តាខេត្តនានាក៏មានការរៀបចំពិធីអបអរសាទរដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីរបស់ប្រជាជាតិកម្ពុជានេះ។
បន្ថែមពីលើការប្រារព្ធពិធីអបអរសាទរនៅថ្ងៃទី៩ ខែវិច្ឆិកានេះ នៅមួយថ្ងៃមុននៃការប្រារព្ធពិធីនេះ ពោលនៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ក៏មានការរៀបចំឱ្យមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមកពីតាមបណ្តាក្រសួងស្ថាប័ននានា បានចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅមណ្ឌបព្រះបរមរូបក្បែរវិមានឯករាជ្យផងដែរ។ ការចូលគោរពព្រះវិញ្ញាណក្ខន្ធនេះ ដើម្បីរលឹកនឹកដល់គុណូបការៈ និងវីរភាពដ៏ធំធេងរបស់សម្តេចព្រះបរមរតនកោដ្ឋ ដែលបានយាងបំពេញព្រះរាជបូជនីយកិច្ច និងបូជាអស់កម្លាំងព្រះកាយពល បញ្ញាញាណ ក្នុងការដណ្តើមឯករាជ្យពីប្រទេសបារាំង។
ពិធីនេះបានបង្ហាញពីស្មារតីស្នេហាជាតិ និងការចងចាំមិនភ្លេចចំពោះព្រះមហាករុណាទិគុណរបស់ព្រះបរមរតនកោដ្ឋ ព្រមទាំងវីរភាពរបស់បុព្វបុរស និងវីរជនខ្មែរគ្រប់ជំនាន់ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីឱ្យប្រទេសកម្ពុជាទទួលបានឯករាជ្យពេញលេញពីអាណានិគមបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
ការតបស្នងសងគុណ នៃការដាក់កម្រងផ្កានៅវិមានឯករាជ្យ មិនត្រឹមតែជាពិធីផ្លូវការ ឬជាទម្លាប់ប្រពៃណីនោះទេ ប៉ុន្តែវាជានិមិត្តរូបដ៏មានអត្ថន័យជ្រាលជ្រៅនៃការតបស្នងសងគុណ យ៉ាងជ្រាលជ្រៅដល់វិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី និងបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីជីវិត និងលះបង់គ្រប់បែបយ៉ាងក្នុងភារកិច្ចការពារ និងកសាងជាតិមាតុភូមិ។
ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា មិនត្រឹមតែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្មារតីអប់រំ និងរំឭកដល់ប្រជាជនខ្មែរគ្រប់រូប ឱ្យចងចាំថា ឯករាជ្យភាព និងការបន្តថែរក្សាសន្តិភាព សេរីភាពដែលយើងទទួលបានមកនេះ គឺបានមកតាមរយៈការលះបង់ដ៏ធំធេង។ ដូច្នេះការបន្តរួបរួមសាមគ្គីគ្នា ថែរក្សាសុខសន្តិភាព ឯកភាពជាតិ និងអធិបតេយ្យភាពជាតិ ព្រមទាំងចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿងជានិរន្តរ៍ គឺជាកាតព្វកិច្ច និងជាបេសកកម្មដ៏ពិសិដ្ឋរបស់កូនខ្មែរគ្រប់រូបជំនាន់ក្រោយ៕

















-
ព័ត៌មាន5 days agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន7 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន6 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន1 week agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន1 week agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»