Connect with us

ព័ត៌មាន

កម្ពុជាអនុម័តគម្រោងវិនិយោគ ៣៧ ក្នុងទំហំទុនវិនិយោគ ២៤៦លានដុល្លារអាម៉េរិក​ក្នុងខែតុលា

ភ្នំពេញ៖ ក្នុងខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត (អ.គ.វ.រ.ខ.) បានចុះបញ្ជីគម្រោងវិនិយោគសរុប ៣៧គម្រោង ក្នុងទំហំ ទុនវិនិយោគសរុបប្រមាណ ២៤៦លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណ ១៩ពាន់កន្លែង។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគទាំង៣៧ គឺ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីចំនួន ២៤គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២០៥លានដុល្លារអាម៉េរិក និងអាច បង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណ ១១ពាន់កន្លែង។ ចំណែក អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត បានចុះបញ្ជីចំនួន ១៣គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៤១លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ ៨ពាន់កន្លែង។

ក.អ.ក. បានបញ្ជាក់ថា គម្រោងវិនិយោគដែលមានភាពលេចធ្លោប្រចាំខែតុលា រួមមាន គម្រោងបង្កើតរោងចក្រផលិតចំណីសត្វចិញ្ចឹម ដែលមានទុនវិនិយោគប្រមាណ ២០លានដុល្លារអាម៉េរិក មានទីតាំងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ និង គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត មានទុនវិនិយោគ ៤២ លានដុល្លារអាម៉េរិក ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ព្រមទាំង គម្រោងវិនិយោគបង្កើតរោងចក្រផលិតផលវាយនភណ្ឌ ក្នុងទំហំទុនវិនិយោគ ២២លានដុល្លារម៉េរិក បានបោះទីតាំងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពង់ស្ពឺ ជីន ឆឹង អ៊ិនធើណេសិនណល។

ក.អ.ក. បានកត់សម្គាល់ថា ក្នុងរយៈ ពេល ១០ខែនៃឆ្នាំ២០២៦ វិស័យឧស្សាហកម្មនៅតែជាវិស័យស្នូលក្នុងការទាក់ទាញវិនិយោគ។ ការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស និងគម្រោងវិនិយោគក្នុងវិស័យកសិកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ នៅតែបន្តរួមចំណែកដល់ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ច និងការបង្កើតការងារនៅកម្ពុជា។

ជាក់ស្តែង វិស័យឧស្សាហកម្មគ្រប់ដំណប់ទំហំវិនិយោគធំជាងគេរហូតដល់ ១៧៩លានដុល្លារអាម៉េរិកនៃទំហំទុនវិនិយោគសរុប ២៤៦លានដុល្លារអាម៉េរិក បន្ទាប់មកវិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗ មានទុនវិនិយោគ ៤២លានដុល្លារអាម៉េរិក។ ចំណែក វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មមានចំនួន ២០លានដុល្លារអាម៉េរិក ខណៈដែលវិស័យទេសចរណ៍មានទំហំទុនវិនិយោគត្រឹម ៥លានដុល្លារអាមេរិកប៉ុណ្ណោះ៕អត្ថបទ​៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia