ព័ត៌មាន
ប្រធានាធិបតីបារាំង និងលោកជំទាវទីមួយនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជាចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ស្របពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ព្រមទាំងលោកជំទាវទីមួយ ប្រ៊ីហ្ស៊ីត ម៉ាក្រុង នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ស្របពេលនៃការចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី ២០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តមប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានាធិបតី នឹងជួបប្រជុំពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ លើសពីនេះ ឯកឧត្តម ម៉ាក្រុង ក៏នឹងអញ្ជើញចូលរួមជាអធិបតីជាមួយព្រះករុណា ព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបិទបញ្ចប់គម្រោងកែលម្អប្រាសាទមេបុណ្យខាងលិច ស្ថិតក្នុងទឹកដីខេត្តសៀមរាបផងដែរ។

ក្រសួងការបរទេសកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង នាពេលនេះថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ។ ក្រសួងបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងបំផុត បន្ទាប់ពីទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់អតីតប្រធានាធិបតីបារាំង ២រូប កាលពីអតីតកាល គឺលោកប្រធានាធិបតី ហ្សាល ដឺហ្គោល (Charles de Gaulle) នៅឆ្នាំ១៩៦៦ និងលោកប្រធានាធិបតី ហ្វ្រង់ស្វ័រ មីទែរ៉ង់ (François Mitterrand) នៅឆ្នាំ១៩៩៣។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច វិនិយោគ វប្បធម៌ និងការពារជាតិ។ ការចុះហត្ថលេខាទាំងនេះ ត្រូវបានរំពឹងថា នឹងផ្តល់កាលានុវត្តភាពដ៏ធំធេងក្នុងការពង្រឹងចំណងមិត្តភាពជាប្រពៃណី និងបើកទំព័រសករាជថ្មីនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បារាំង ដែលផ្តល់ផលប្រយោជន៍រួមឱ្យគ្នាទៅវិញទៅមក៕



-
ព័ត៌មាន5 days agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន6 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន1 week agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន1 week agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»