Connect with us

ព័ត៌មាន

ការរៀបចំពិធីបុណ្យអុំទូកនៅបណ្ដាខេត្ត ជាការជំរុញសេដ្ឋកិច្ច និងអភិរក្សអត្តសញ្ញាណ

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅឆ្នាំនេះ មិនត្រូវបានរៀបចំនៅរាជធានីភ្នំពេញ ដូចបណ្តាឆ្នាំកន្លងទៅនោះទេ ដោយសាររាជរដ្ឋាភិបាលត្រូវផ្តោត ការយកចិត្តទុកដាក់លើស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ ការដោះស្រាយបញ្ហាប្រជាពលរដ្ឋភៀសសឹក និង កិច្ចការអាទិភាពចាំបាច់មួយចំនួនទៀត។

ចំពោះការសម្រេចនេះ ត្រូវបាន លោកបណ្ឌិត ឈត ប៊ុនថង អ្នកវិភាគទស្សនវិជ្ជា និងអ្នកស្រាវជ្រាវសង្គម បង្ហាញការយល់ឃើញថា ជាការសម្រេចដែលស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រទេស និងជាការគិតគូរលើ អាទិភាពចាំបាច់នានា។ ទន្ទឹមនេះ ការបន្តរៀបចំពិធីបុណ្យអុំទូកនៅតាមបណ្តាខេត្ត ក៏មានសារៈសំខាន់ក្នុងការជំរុញ សកម្មភាពសេដ្ឋកិច្ច និងទេសចរណ៍ក្នុងតំបន់ បង្កើនឱកាសរកប្រាក់ចំណូលជូនប្រជាពលរដ្ឋ ព្រមទាំងការថែរក្សា ប្រពៃណី និងអត្តសញ្ញាណជាតិឱ្យបានគង់វង្សផងដែរ ព្រោះពិធីនេះ គឺតែងបានប្រារព្ធឡើងតាំងពីយូរលង់មកហើយ។

សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានចេញសារាចរណែនាំ ស្តីពីការផ្អាក ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ ទោះជាយ៉ាងណា ការរៀបចំពិធីបុណ្យនេះនៅតាមបណ្តាខេត្តនានា ត្រូវបានអនុញ្ញាតឱ្យប្រព្រឹត្តទៅជាធម្មតា តាមទំនៀមទម្លាប់ប្រពៃណី និងលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ ខណៈថ្ងៃឈប់សម្រាករយៈពេល ៣ថ្ងៃ ក្នុងឱកាស ព្រះរាជពិធីនេះ ក៏នៅតែរក្សាដដែល៕

ដោយ ៖ ពៅយី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia