Connect with us

ព័ត៌មាន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីបើកការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ ឆ្នាំ២០២៦ នៅខេត្តពោធិ៍សាត់

នាល្ងាចថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការបោះជំរំយុវជន កាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ ឆ្នាំ២០២៦ ក្រោមមូលបទ «យុវជនស្រឡាញ់សន្តិភាព និងកសាងសមត្ថភាពបំណិនសតវត្សទី២១» នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ខួយ រីដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំសាខាទាំង៩ ព្រមទាំងយុវជនកាកបាទក្រហមកម្ពុជាប្រមាណ ២៩៥ នាក់ មកពីសាកលវិទ្យាល័យនានានៅរាជធានីភ្នំពេញ និងសាខាខេត្តកោះកុង កំពង់ឆ្នាំង បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ព្រះវិហារ និងខេត្តពោធិ៍សាត់។

​ក្នុងសន្ទរកថាស្វាគមន៍ ឯកឧត្តម ខួយ រីដា បានសម្តែងការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តួចផ្តើមរៀបចំ និងគាំទ្រការអភិវឌ្ឍភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ពីតំបន់ព្រៃដែលគ្មានមនុស្សរស់នៅ ប្រែក្លាយជាភូមិអភិវឌ្ឍន៍ដ៏រីកចម្រើន។ ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ពីវឌ្ឍនភាពជាក់ស្តែងនៅក្នុងភូមិ ដែលបច្ចុប្បន្នមានប្រជាពលរដ្ឋសរុប ៩៦១ គ្រួសារ ស្មើនឹង ៤ ៤៥០ នាក់ (ស្រី ២ ៤០៨ នាក់) ក្នុងនោះមានបងប្អូនអតីតយុទ្ធជន និងនិវត្តជន ៧៤១ គ្រួសារ។ ទន្ទឹមនឹងនេះ ភូមិមានផ្ទះសរុប ១ ០៤២ ខ្នង (ក្នុងនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានផ្តល់មូលនិធិ ៦២៨ ខ្នង នៅឆ្នាំ២០២២ និង ១០០ ខ្នងទៀត នៅឆ្នាំ២០២៦) មានមន្ទីរពេទ្យ ១ កន្លែង សាលារៀន ១ កន្លែង វត្ត ១ កន្លែង ផ្លូវខ្វាត់ខ្វែង ១៣ ខ្សែ ប្រវែង ៥ ៩៧៥ ម៉ែត្រ ទំនប់ទឹក ២ កន្លែង អណ្តូងទឹក ៥៤២ អណ្តូង បង្គោលសូឡា ២៧៨ បង្គោល និងស្រះទឹក ៤ កន្លែង ព្រមទាំងការផ្តល់ប្រាក់កម្ចីបង្កើនផលដល់គ្រួសារសរុប ៣៤៦ គ្រួសារផងដែរ។ ឯកឧត្តម ខួយ រីដា ក៏បានបញ្ជាក់ដែរថា វត្តមានរបស់លោកជំទាវបណ្ឌិត និងកម្មវិធីបោះជំរំថ្នាក់ជាតិនេះ បានផ្តល់តម្លៃបន្ថែមដល់ការផ្សព្វផ្សាយ ការទាក់ទាញការវិនិយោគ និងទេសចរណ៍ជាតិ ដល់ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង។

​មានប្រសាសន៍ក្នុងពិធីបើក លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសាខា ដែលបានលះបង់ពេលវេលាជួយសម្រួលការលំបាកប្រជាពលរដ្ឋ និងលើកទឹកចិត្តយុវជនឱ្យចូលរួមកម្មវិធីបោះជំរំរយៈពេល ៥ ថ្ងៃ ៤ យប់នេះ។ លោកជំទាវបណ្ឌិតបានលើកឡើងថា ការបោះជំរំនេះផ្តល់ឱកាសឱ្យយុវជនមកពីបណ្តារាជធានី-ខេត្ត និងគ្រឹះស្ថានសិក្សា បានរៀនសូត្រអំពីការសង្គ្រោះបឋម ការងារមនុស្សធម៌ សុខភាព បរិស្ថាន ការទំនាក់ទំនង និងការអនុវត្តការងារជាក្រុម ដែលជាបទពិសោធន៍មិនសូវមានបង្រៀននៅក្នុងសាលារៀន។

​លោកជំទាវបណ្ឌិត ក៏បានពាំនាំការសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងរំលឹកដល់យុវជនឱ្យចងចាំ និងដឹងគុណចំពោះអតីតយុទ្ធជន និងនិវត្តជន ដែលបានលះបង់ដើម្បីសន្តិភាព និងការកសាងភូមិនេះឱ្យរីកចម្រើន។ លោកជំទាវបណ្ឌិតបានគូសបញ្ជាក់ថា ភាពជាអ្នកដឹកនាំទាមទារឱ្យចេះស្តាប់អ្នកដទៃឱ្យបានច្រើន រៀនយល់ចិត្ត ចេះទទួលខុសត្រូវ និងមិនលម្អៀង ព្រមទាំងរំលឹកពាក្យស្លោក «មិត្តជួយមិត្ត អ្នកចេះច្រើនបង្រៀនអ្នកចេះតិច ជួយគ្នាក្នុងគ្រាមានអាសន្ន និងមិនរើសអើង»។

​ជាទីបញ្ចប់ លោកជំទាវបណ្ឌិតបានណែនាំឱ្យយុវជនប្រើគំនិតពិចារណាបង្កើតសមិទ្ធផលថ្មី ចែករំលែកព័ត៌មានវិជ្ជមានលើបណ្តាញសង្គម ជៀសឆ្ងាយពីគ្រឿងញៀន ធ្វើជាកោសិកាល្អក្នុងសង្គម និងនាំយកចំណេះដឹងបទពិសោធន៍ទៅចែករំលែកបន្ត ដោយចាប់ផ្តើមសួរខ្លួនឯងថាអាចជួយអ្វីបានខ្លះដល់គ្រួសារ សង្គម និងប្រទេសជាតិ តាមសមត្ថភាពរបស់ខ្លួន៕

អត្ថបទ: សំ ងីម

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia