ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តជិត៦ពាន់នាក់
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការ សិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការ សិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ។


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖ សម្តេចតេជោ ហ៊ុន សែន បានរម្លឹកថា បើគិតចាប់ពីឆ្នាំ ១៩៧៦ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចចំនួន២២លើកដែលជាចំនួនច្រើនជាងគេបើធៀបនឹងបណ្ដាសាកលវិទ្យាល័យដទៃទៀត។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កត្តាសន្ដិភាពនេះហើយ ទើបធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះមានទាំងផ្នែករឹង និងផ្នែកទន់។ ផ្នែករឹងមានដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធនានា ដែលបម្រើដល់ការអភិវឌ្ឍ និងការវិនិយោគនានា។ ផ្នែកទន់ គឺជាការរៀបចំលិខិតបទដ្ឋានគតិយុត្តនានាដើម្បីធ្វើឱ្យការងារគ្រប់គ្រងប្រទេសកម្ពុជា អាចដំណើការទៅបានល្អ និងជោគជ័យតាមគោលនយោបាយដែលបានដាក់ចេញទៅ។
សម្តេចតេជោ ហ៊ុន សែន បន្តបញ្ជាក់ថា ការសម្រេចចិត្តរបស់សម្ដេច គឺត្រឹមត្រូវ ទី១គឺបានបើកឱកាសឱ្យវិស័យឯកជន អាចចូលរួមវិនិយោគលើវិស័យអប់រំនៅកម្ពុជា ក្នុងនោះ បានចូលរួមទាំងនៅកម្រិតមតេយ្យសិក្សារហូតដល់កម្រិត ឧត្ដមសិក្សារាប់សិបគ្រឹះស្ថានសិក្សាអប់រំ។ ទី២ គ្រឹះស្ថានសិក្សារបស់រដ្ឋបើកឱកាសឱ្យនិស្សិតចូលរៀនបង់ថ្លៃ ដែលអាចទាញយកថវិកាទាំងនេះមកកសាងហេដ្ឋារចនាសម្ព័ន្ធរបស់សាលារៀន និងឧបត្ថម្ភដល់គ្រូបង្រៀន និងសាស្រ្ដាចារ្យ។


សម្តេចតេជោ ហ៊ុន សែន បង្ហាញមោទនភាពដែលបានឃើញស្រ្ដីរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះ បានដើរតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចសង្គម និងគ្រួសារ ក្នុងនោះក៏មានស្រ្ដីមួយចំនួនកំពុងក្លាយជាអ្នកដឹកនាំអាជីវកម្ម និងបង្កើតមុខរបរដោយខ្លួនឯងផងដែរ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទាំងការបណ្ដុះបណ្ដាលក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធស្រ្ដី ពិតជាមានតួនាទីសំខាន់ណាស់ក្នុងចូលរួម ដូច្នេះពាក់គីពាក់ព័ន្ធត្រូវបន្តជំរុញបន្ថែមទៀតលើការបណ្ដុះបណ្ដាលដល់ស្រ្ដី ខណៈនាពេលខាមុខរាជរដ្ឋាភិបាលនឹងរៀបចំការបណ្ដុះបណ្ដាលដល់យុវជន សិស្ស-និស្សិតជាង ១,៥ លាននាក់លើជំនាញវិជ្ជាជីវៈ និងជំនាញដូនតា។
សម្តេចតេជោ ហ៊ុន សែន កោតសរសើរដល់សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានទាក់ទាញនិស្សិត បរទេសជាច្រើនមកចូលសិក្សា ក្នុងនោះមាននិស្សិតបារាំងជាង ១០០ នាក់ ដែលនេះបានបង្ហាញពីកត្តាគុណភាពអប់រំកម្ពុជា។
សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅដើរចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច និងកំពុងដើរឆ្ពោះទៅរកប្រទេសដែលមានការអភិវឌ្ឍ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទោះបីជាស្ថានភាពពិភពលោក និងតំបន់កំពុងមានភាពមិនច្បាស់លាស់។ អង្គការណាតូ ធ្លាប់តែនៅទិសខាងលិច ឥឡូវណាតូកំពុងបែរឆ្ពោះមកកាន់តំបន់អាស៊ី។ ប៉ុន្ដែសម្ដេចតេជោ នៅតែជឿជាក់ថា ប្រទេសកម្ពុជា នឹងដើរចេញពីប្រទេសអភិវឌ្ឍន៍តិចតួចទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០២៧។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា គ្រប់ខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលត្រឹមត្រូវហើយក្នុងការបើកឱកាសដល់សិស្សនិស្សិតក្នុងការសិក្សា ប៉ុន្ដែបើគ្មានការចូលរួមពីនិស្សិត ក្រុមគ្រួសារនិស្សិត និងភាគីពាក់ព័ន្ធទេនោះ វិស័យអប់រំ ការសិក្សារបស់និស្សិតក៏មិនអាចរីកច្រើនបានដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះបីបញ្ចប់ការសិក្សានៅថ្នាក់បរិញ្ញាបត្រក៏ដោយក៏ត្រូវបន្តរៀនសូត្របន្ថែមជាពិសេសដើរឱ្យទាន់សភាពការពិភពលោក។ ក្រៅពីនេះគ្រប់តួអង្គរផ្សេងទៀតក៏ត្រូវបន្តរៀនសូត្របន្ថែមផងដែរ ដើម្បីដើរឱ្យទាន់សភាពការពិភពលោក។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដំណាក់កាលបច្ចុប្បន្ននេះគឺជាដំណាក់កាលសេដ្ឋកិច្ចឌីជីថល ដូច្នេះគ្រប់ភាគីពាក់ព័ន្ធត្រូវខិតខំអភិវឌ្ឍន៍ខ្លួន និងស្ថាប័នរបស់ខ្លួនបន្ថែម ឱ្យទាន់សភាពការណ៍នេះដោយទាញយកបទពិសោធន៍ និងស្វែងយល់មេរៀនពីអតីតកាល។ សម្ដេចតេជោថ្លែងថា៖«យើងមិនអាចផ្លាស់ប្ដូរអតីតកាលបានទេ ប៉ុន្ដែអតីតកាលប្រាប់យើងពីចំណុចដែលជាកំហុសដែលត្រូវជៀសវាង និងចំណុចដែលត្រូវធ្វើបន្តទៀត»។
សម្តេចតេជោ ហ៊ុន សែន បានស្ងើចសរសើរដល់ការបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះថា មានទស្សនីយភាពមិនចាញ់ពិធីបើកស៊ីហ្គេម។
សម្ដេចតេជោ បញ្ជាក់ថា កេរ្តិ៍ឈ្មោះនៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជានឹងបន្សល់ទុករាប់រយឆ្នាំ ដល់កូនចៅជំនាន់ក្រោយ។ ព្រឹត្តិការណ៍ទាំងនេះក៏នឹងត្រូវឆ្លាក់ទុកនៅក្នុងវិមាន ឈ្នះ ឈ្នះផងដែរ។
សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ទោះបីប្រកួតឈ្នះ ឬចាញ់ ក៏នៅតែជាកីឡាមិនត្រូវបាក់ទឹកចិត្តនោះទេ។ប៉ុន្ដែអ្វីដែលសំខាន់ក្នុងនាមជាម្ចាស់ផ្ទះតំណាងឱ្យប្រជាជន ១៧ លាននាក់ គឺត្រូវធ្វើឱ្យបានល្អសមជាម្ចាស់ផ្ទះ ពីព្រោះអ្វីដែលសំខាន់នៃការរៀបចំព្រឹត្តិការណ៍កីឡានេះ គឺបង្កើតទំនាក់ទំនងមិត្តភាពជាមួយគ្នា។
សម្តេចតេជោ បានអរគុណដល់ថ្នាក់ដឹកនាំតាមបណ្ដាប្រទេសអាស៊ានដែលបានបញ្ជូនកីឡាករ កីឡាការិនី មកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នៅក្នុងក្របខណ្ឌអាស៊ាននាពេលអនាគត ប្រទេសអាស៊ាននឹងអាចសហការគ្នាក្នុងការដេញថ្លៃយកការប្រកួតកីព្រឹត្តិការណ៍កីឡាអូឡាំពិក និងពិភពលោក។សម្ដេចតេជោ ក៏ធ្លាប់បានលើកឡើងជាគំនិតជាមួយមេដឹកនាំអាស៊ាន ក្នុងការរៀបចំឱ្យមានក្រុមបាល់ទាត់អាស៊ាន ដែលមានកីឡាកររួមគ្នាមកពីបណ្ដាប្រទេសនានាក្នុងតំបន់អាស៊ាន ដើម្បីចូលរួមក្នុងការប្រកួតកម្រិតពិភពលោកផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ស្នើដល់អ្នកលេងបណ្ដាញសង្គមទាំងឡាញបញ្ឈប់ការចែករំលែកបន្តនូវបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ខណៈអ្នកនាង មាស សុខសោភា បានលុបបទចម្រៀងនេះចេញពីហ្វេសប៊ុក និងយូធូប និងបានសូមទោសពីកំហុសរបស់ខ្លួនទៅហើយ។
សម្តេចតេជោ ហ៊ុន សែន៖«សូមកុំឱ្យរឿងបទចម្រៀងមួយបទដែលត្រូវបានដកចេញទៅហើយ ក្លាយទៅជារឿងយកមកជជែកគ្នាក្នុងបណ្ដាញសង្គមអី»។





អត្ថបទពី៖ BTV
-
ព័ត៌មាន3 days agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន3 days agoកងពលតូចដឹកជញ្ជូនលេខ៩៩បន្តបើកវគ្គហ្វឹកហ្វឺនបើករថយន្តធុនធ្ងន់លើជំនាញផ្លូវឆ្ងាយ និងតំបន់ព្រៃភ្នំដល់នាយទាហានជំនាន់ទី១០
-
ព័ត៌មាន5 days ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន5 days agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន1 week agoនគរបាលរាជធានី នឹងចាប់ផ្តើមចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការអប់រំ ដោយមិនផាកពិន័យ នៅថ្ងៃទី០១ ធ្នូខាងមុខ
-
ព័ត៌មាន5 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង»
-
ព័ត៌មាន5 days agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន5 days agoមន្ទីរកសិកម្ម បន្តនាំយកស៊ុតទា និងបន្លែ ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ