Connect with us

ព័ត៌មាន

ពលរដ្ឋនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ទទួលបានឱកាសការងារភ្លាមៗ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ

(មណ្ឌលគិរី)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅតែបន្តរៀបចំវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ជារៀងរាល់សប្ដាហ៍ ជាក់ស្ដែងនាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ វេទិកាការងារត្រូវបានរៀបចំឡើងនៅបរិវេណសាលាស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយពាំនាំឱកាសការងារជាង២ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករមកពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើ។

ថ្លែងក្នុងវេទិកានេះ ឯកឧត្តម លូ លីឃីម អនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា តាមរយៈវេទិកានេះ ប្រជាពលរដ្ឋអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។ ក្រៅពីប្រាក់ឈ្នួលសមរម្យ និងការយកចិត្តទុកដាក់ ការងារក្នុងស្រុកក៏ទទួលបានអត្ថប្រយោជន៍ជាច្រើន ជាពិសេសអត្ថប្រយោជន៍ពី ប.ស.ស. រួមមាន៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធនចាប់ពីអាយុ៦០ឆ្នាំទៅ ព្រមទាំងផ្តល់សុភមង្គលក្នុងគ្រួសារផងដែរ។ ផ្ទុយទៅវិញ ការងារចំណាកស្រុកខុសច្បាប់អាចប្រឈមនឹងហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព ការរើសអើង និងមិនអាចរស់នៅជួបជុំក្រុមគ្រួសារ។

ក្នុងករណីចង់ទៅធ្វើការនៅក្រៅប្រទេស ឯកឧត្តមបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចុះឈ្មោះជាមួយនឹងក្រុមហ៊ុនបញ្ជូនពលករស្របច្បាប់ ដែលនឹងទទួលបានប្រាក់ឈ្នួលខ្ពស់ និងមានការការពារសិទ្ធនិងអត្ថប្រយោជន៍ពេញលេញ។ ទន្ទឹមនេះ ប្រជាពលរដ្ឋក៏អាចទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ តាមរយៈកម្មវិធី TVET 1.5M ដោយឥតគិតថ្លៃ ដូចជា៖ ផ្នែកសំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី បរិក្ខារត្រជាក់ ដុតនំ ឆុងកាហ្វេ និងផ្នែកសាឡនជាដើម។ ក្រោយបញ្ចប់ការសិក្សា បងប្អូនអាចប្រើប្រាស់ជំនាញទាំងនេះបង្កើតមុខរបរដោយខ្លួនឯង ឬរកការងារធ្វើជាមួយប្រាក់ឈ្នួលខ្ពស់ជាងមុន។

យ៉ាងណាមិញ ប្រសិនបើចង់សាកសួរព័ត៌មានបន្ថែម សូមប្រជាពលរដ្ឋទាក់ទងទៅកាន់លេខ Hotline ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹង ប.ស.ស.។

សូមបញ្ជាក់ថា ឱកាសការងារទាំងនេះ ត្រូវបានផ្តល់ដោយក្រុមហ៊ុន ថាកូ អាហ្រ្គី, ធនាគារ ABA, ធនាគារអេស៊ីលីដា ភីអិលស៊ី, ធនាគារ អេ អឹម ខេ, ក្រុមហ៊ុនមិតហ្វូន, ក្រុមហ៊ុនផេស៊ីហ្វិក,៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia