Connect with us

ព័ត៌មាន

ពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ៖ ការជួយគាំទ្រផលិតមកពីព្រំដែន ដើម្បីជួយ​ពង្រឹង​របង​ការពារ​ជាតិ

ប្រជាពលរដ្ឋភៀសសឹក មកពីភូមិរង់ចាំ លើកឡើងថា ការជួយគាំទ្រផលិតផលមកពីព្រំដែន គឺ​ជា​ការ​លើកទឹកចិត្តដល់ពួកគាត់ ឱ្យមានស្មារតីរឹងមាំ តស៊ូលើកកម្ពស់ជីវភាព នៅការពារព្រំដែន​។

ប្រជាពលរដ្ឋភៀសសឹក មកពីភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ប្រាប់ BTV នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ថា ពួកគាត់ត្រេកអរយ៉ាងខ្លាំង ដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រៀបចំព្រឹត្តិការណ៍​ពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦នេះ ដែលផ្ដល់ឱកាស​ឱ្យ​ពួក​គាត់​​នាំយ​កផ​លិត​ផលមកដាក់លក់។ ពួកគាត់រីករាយដែលពលរដ្ឋ គាំទ្រខ្លាំងលើផលិត​ផល​របស់​ពួក​គាត់ដែលជាជនភៀសសឹក។ ពួគគាត់ ថា នេះគឺជាកម្លាំងចិត្តរវាងអ្នកជួរក្រោយ និងជួរមុខ ដែល​មិន​ភ្លេចពលរដ្ឋភៀសសឹក រងគ្រោះព្រោះសង្រ្គាមយោធាថៃឈ្លានពាន។

ប្រជាពលរដ្ឋអ្នករស់នៅភ្នំពេញ និងពលរដ្ឋខ្មែររស់នៅប្រទេសបារាំង ដែល​បាន​មក​ចូល​រួម​ពិព័រណ៍​ផលិ​ត​ផលខ្មែរនៅថ្ងៃនេះ បានប្រាប់ថា ពួកគាត់មកចូលរួមព្រឹត្តិការណ៍នេះ គឺដើម្បីគាំទ្រ​ផលិត​ផល​ខ្មែរ​។ ហើយពួកគាត់ មិនអាចរំលងផលិតផលរបស់ពលរដ្ឋភៀសសឹកមកពីព្រំដែន ពី​ព្រោះ​ពួក​គាត់​មាន​សមានចិត្តអាណិតអាសូជនរួមជាតិដែលរងគ្រោះ។ ហើយ​ការ​គាំទ្រ​ផលិត​ផល​មក​ពី​ព្រំដែ​ន​នេះ ក្រៅពីជួយគាំទ្រជីវភាពពួកគាត់ ក៏ជាការពង្រឹងរបងការពារជាតិផងដែរ។

សូមជម្រាបជូនថា សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំ ព្រឹត្តិ​ការណ៍​ពិព័រណ៍​ខ្មែរ​ឆ្នាំ​២០២៦ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និង​ពិព័រណ៍​កោះពេជ្រ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៩យប់៕ អត្ថបទ៖ លៀ ស៊ីណា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia