Connect with us

ព័ត៌មាន

យុវជន​បំពេញកាតព្វកិច្ចយោធាជំនាន់ទី១ ចាប់ផ្តើមហ្វឹកហ្វឺន ខណៈ​សម្តេចធិបតី​នឹង​អញ្ជើញ​បើក​វគ្គ​ហ្វឹកហ្វឺន​ជា​ប្រវត្តិសាស្ត្រនៅថ្ងៃនេះ

យុវជនបំពេញកាតព្វកិច្ចយោធានឹងចាប់ផ្តើមហ្វឹកហ្វឺនចាប់ពីថ្ងៃទី៩ ខែវិច្ឆិកានេះតទៅ ខណៈ​ដែល​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ព​ស់​បើក​វគ្គ​ហ្វឹក​ហ្វឺន​យោធិ​នកាតព្វកិច្ច ជំនាន់ទី១ សម្រាប់ឆ្នាំ២០២៦នៅរសៀលនេះ។

យុវជនដែលបានចូលបំពេញកាតព្វកិច្ចយោធា មកហ្វឹកហាត់នៅ សលាហ្វឹកហ្វឺនការពារកោះឆ្នេរ នៅ​ស្រុក​ភ្នំ​ស្រួច ខេត្តកំពង់ស្ពឺ បានបង្ហាញពីក្តី​រីករា​យ​ដែល​ខ្លួន​បាន​ជាប់​ចូល​ហ្វឹក​ហ្វឺន​នៅ​ជំនាន់​ទី១​នេះ ​ហើយពួកគេបានត្រៀមខ្លួនរួចរាល់សម្រាប់ការហ្វឹកហ្វឺន និងគោរពតាមវិន័យ ប្រឹងប្រែងហ្វឹកហាត់ ដើម្បីមាន​សមត្ថភាព​អាច​ក្លាយ​ជា​យោធិន​បម្រុង​នៅ​ពេលប្រ​ទេស​ជាតិ​ត្រូវ​ការ​។ ​ពួកគេប្តេជ្ញាថា នឹងខិតខំរៀន ហ្វឹកហាត់អោយចប់ ក្នុងរយៈពេល២ឆ្នាំ តាមកាតព្វកិច្ច​ដែល​បាន​កំណត់​។

លោកវរៈនាវីឯក រៀល ណារិត នាយក​សាលា​ហ្វឹក​ហ្វឺន​ការពារ​កោះ​ឆ្នេរ​នៃ​បញ្ជា​ការដ្ឋាន​ការ​ពារ​កោះ​ឆ្នេរ​ក​ងទ័ពជើងទឹក បានឲ្យដឹងថា សាលាហ្វឹកហ្វឺនការពារកោះឆ្នេរ ទទួលបាន​យុវជន​ស្ម័គ្រ​ចិត្ត​ចំនួន​១៥០០នាក់ត្រូវបំពេញកាតព្វកិច្ចយោធា មកហ្វឹកហ្វឺននៅទីនេះ ដែលមានមក​ពី​រាជ​ធានី​ខេត្ត​ចំនួន​៧ ដូចជារាជធានីភ្នំពេញ ខេត្តព្រៃវែង សៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និង​បន្ទាយមានជ័យ និងបានមកដល់សាលាកាលពីថ្ងៃទី៤ ខែវិច្ចិកាកន្លងទៅនេះ ខណៈ​ដែល​សាលា​បាន​ត្រៀមលក្ខណៈរួចរាល់ដើម្បីដំណើរការនៃហ្វឹកហ្វឺនចាប់ពីថ្ងៃនេះតទៅ ក្រោយ​ពិធី​បើក​វគ្គ​ជំនាន់​ទី​១នេះ ក្រោយអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី។ ចំពោះការហ្វឹកហ្វឺន​នៅ​ទី​នេះ លោកនាយកសាលាបានបញ្ជាក់ថា កម្មវិធីហ្វឹកហ្វឺនយុវជនកាតព្វកិច្ចនេះ គឺ​ហ្វឹក​ហ្វឺន​ដូច​យោធិន​អាជីពដែរតែក្នុងថ្នាក់យុវជនដែលមានរយៈពេល៣ខែ ហើយបន្ទាប់​ពី​ហ្វឹកហ្វឺន​៣​ខែ​នៅ​សាលា​ហើយ នឹងបន្តទៅអនុវត្តជាក់ស្តែងតាមបណ្តាអង្គភាពនានារយៈពេល២១ខែ។ វីរៈ​នាវី​ឯក​បានបន្តថា ក្នុងនាមគណៈគ្រប់គ្រងសាលា ដែលទទួលបានយោធិនកាតព្វកិច្ចច្រើនជាងគេ ដែល​មានចំនួន១៥០០នាក់ សាលាហ្វឹកហ្វឺនការពារកោះឆ្នេរ នឹងខិតខំយកចិត្តទុកដាក់ខ្ពស់ អប់រំ ហ្វឹកហ្វឺន ដើម្បីក្លាយជាយុវជនកាតព្វកិច្ចដែលមានសមត្ថភាពដូចយោធិនអាជីព អាច​ចូល​រួម​ចំណែក​ការពារប្រទេសជាតិបាន បពេលដែលប្រទេសជាតិត្រូវការពួកគាត់។

សូមបញ្ជាក់ថា ការអនុវត្តកាតព្វកិច្ចយោធា ឆ្នាំ២០២៦នេះ មាន​យុវជន​ប្រមាណ​ជាង​១៥០០០​នាក់​បាន​ចុះឈ្មោះស្ម័គ្រចិត្ត ខណៈដែលក្រសួង​ការពារ​ជាតិ​ជ្រើស​រើស​យុវជន​ចំនួន​១០០០០​នាក់​ប៉ុណ្ណោះ​។ សម្រាប់ជំនាន់ទី១នេះ មានយុវជនចំនួន៥០០០នាក់ត្រូវបានកោះហៅ ចូលវគ្គ​ហ្វឹក​ហ្វឺន​តាមបណ្តាសាលាហ្វឹកហ្វឺនទចំនួន៨ទីតាំង នៅតាមបណ្តាខេត្ត និង​អង្គភាព​ក្នុង​នោះ​រួម​មាន​ សាលាពលទាហាន យោធភូមិភាគពិសេសចំនួន៥០០នាក់ សាលាពល​ទាហាន​យោធភូមិ​ភាគ​ទី​១ ចំនួន៥០០នាក់ សាលាពលទាហានយោធភូមិភាគទី២ ចំនួន៥០០នាក់ សាលា​ពល​ទាហាន​យោធភូមិភាគទី៣ ចំនួន៥០០នាក់ សាលាពលទាហាន​យោធភូមិ​ភាគ​ទី​៤​ចំនួន​៥០០​នាក់​ សាលាពលទាហានយោធភូមិភាគទី៥ចំនួន៥០០នាក់ សាលាទ័ពពិសេសឱរ៉ាល់៥០០នាក់ និង​សាលា​ហ្វឹកហ្វឺនការពារកោះឆ្នេរចំនួន១៥០០នាក់៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia