Uncategorized
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចូលរួមថ្លែងសុន្ទរកថាគន្លឹះស្តីពីទស្សនវិស័យកម្ពុជា ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ នៅវិទ្យាស្ថាន ISEAS-Yusof Ishak ប្រទេសសិង្ហបុរី
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមថ្លែងសន្ទរកថាគន្លឺះ ស្តីពីទស្សនវិស័យកម្ពុជាក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ នៅប្រទេសសិង្ហបុរី ដែលរៀបចំដោយវិទ្យាស្ថាន ISEAS-Yusof Ishak។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា ផលប៉ះពាល់គួរឲ្យព្រួយបារម្ភនៃការប្រែប្រួលអាកាសធាតុ គឺធ្វើឲ្យមានរលកកំដៅកាន់តែខ្លាំង ព្យុះដែលមិនធ្លាប់មានពីមុនមក និងគ្រោះរាំងស្ងួតអូសបន្លាយយូរជាដើម។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា តំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជា ឈរនៅជួរមុខនៃវិបត្តិនេះ ដែលឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុអាចបំផ្លាញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សរាប់លាននាក់។ ទោះបីជាបែបនេះក៏ដោយ កម្ពុជា រួមជាមួយនឹងប្រទេសអាស៊ានផ្សេងទៀត បានបោះជំហានទៅមុខក្នុងការបង្កើនមហិច្ឆតាអាកាសធាតុរបស់ខ្លួន កិច្ចខិតខំប្រឹងប្រែង ក្នុងការរក្សាសីតុណ្ហភាពពិភពលោក ឱ្យស្ថិតក្រោមកម្រិត 1.5 ដឺក្រេ។
ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា សម្រាប់អាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបញ្ចកោណទី៤ ផ្តោតលើការអភិវឌ្ឍន៍ប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន ដែលជាវិធីសាស្រ្តរួម និងជាមាគ៌ាឆ្ពោះទៅរកការផ្លាស់ប្តូរសេដ្ឋកិច្ចសង្គម ដើម្បីធានាចីរភាពសង្គមទាំងមូល ដោយពង្រឹងលើការឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្សេងៗ និងភាពមិនប្រាកដប្រជានៃសកលភាវូបនីយកម្ម និរន្តរភាពបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។
ឯកឧត្តម បានសង្កត់ធ្ងន់ថា ក្រសួងបរិស្ថានកម្ពុជា បានបង្កើតយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន 2023-2028 ដែលផ្តោតលើសសរស្តម្ភបី គឺស្អាត បៃតង និងចីរភាព និងដែលជាផែនទីបង្ហាញផ្លូវ សម្រាប់ធានានិរន្តរភាពបរិស្ថាន សុចរិតភាព ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់សេដ្ឋកិច្ចបៃតង។ ជាមួយគ្នានេះ កម្ពុជាបានដាក់ចេញ ផែនការយុទ្ធសាស្រ្តបំរែបំរួលអាកាសធាតុកម្ពុជា (CCCSP) 2024-2033 ដែលបច្ចុប្បន្នកំពុងរៀបចំអនុវត្ត ហើយឯកសារនេះ តំណាងឱ្យក្របខណ្ឌដ៏ទូលំទូលាយមួយ ផ្តោតលើការបង្កើនភាពធន់ ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងការរួមបញ្ចូលសកម្មភាពអាកាសធាតុ ទៅក្នុងគ្រប់វិស័យនៃសេដ្ឋកិច្ចរបស់កម្ពុជា។
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជា បានចូលរួមចំណែកដោះស្រាយបញ្ហាសកល ក្នុងនោះបានធ្វើបច្ចុប្បន្នភាពផែនការរួមចំណែករបសជាតិ (NDC) 3.0 ដែលនឹងពង្រឹងបន្ថែមទៀត នូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការប្រែប្រួលអាកាសធាតុ ដោយកំណត់គោលដៅប្រកបដោយមហិច្ឆិតាបន្ថែមទៀត សម្រាប់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងកិច្ចខិតខំប្រឹងប្រែងសម្របខ្លួនជាមួយនឹងការប្រែប្រួលអាកាសធាតុ។
ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា កម្ពុជាកំពុងជំរុញយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ប្រែក្លាយជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ2050។ យុទ្ធសាស្ត្រនេះមិនគ្រាន់តែជាផែនទីបង្ហាញផ្លូវសម្រាប់កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចក្ខុវិស័យសម្រាប់អនាគតប្រកបដោយនិរន្តរភាពផងដែរ។ វិធានការជាច្រើន ផ្សេងទៀត បានដាក់ចេញក្នុងនោះ ការលើកកម្ពស់ថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល ការការពារព្រៃឈើ និងលើកកម្ពស់វិស័យកសិកម្មប្រកបដោយនិរន្តរភាព។ ការសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ 2050 មិនមែនគ្រាន់តែជាគោលដៅបរិស្ថានប៉ុណ្ណោះទេ។ វាជាផ្លូវឆ្ពោះទៅរកភាពធន់នឹងសេដ្ឋកិច្ច និងសមធម៌សង្គម។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមនៅក្នុងសន្ទរកថាគន្លឺះនាថ្ងៃនេះ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងផងដែរអំពីវិធានការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ត្រូវបានដាក់បញ្ចូលទៅក្នុងផែនទីបង្ហាញផ្លូវរបស់កម្ពុជាសម្រាប់ប្រព័ន្ធស្បៀងអាហារ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ 2030 ដែលក្នុងនោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ត្រូវធន់ទ្រាំ និងប្រព័ន្ធស្បៀង ដែលធន់ទ្រាំការប្រែប្រួលអាកាសធាតុ។ បញ្ហាប្រឈមសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាប្រទេសជាច្រើនទៀតនៅអាស៊ីអាគ្នេយ៍ គឺការពង្រឹងលើកំណើនសេដ្ឋកិច្ច ជាមួយនឹងភាពចាំបាច់ក្នុងការកាត់បន្ថយឥន្ធនៈហ្វូស៊ីល និងកាត់បន្ថយការបំភាយកាបូន នៅក្នុងវិស័យផ្សេងទៀត ក្នុងនោះមានវិស័យថាមពល ការដឹកជញ្ជូន និងកសិកម្ម។
សូមបញ្ជាក់ថា ការកសាងរបាយការណ៍ឆ្នាំទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ផ្តួចផ្តើមដោយវិទ្យាស្ថាន ISEAS-Yusof Ishak របស់ប្រទេសសិង្ហបុរី ផ្តល់នូវការយល់ដឹង របស់ពលរដ្ឋអាស៊ីអាគ្នេយ៍ ការយល់ដឹងទាំងនេះ មានសារៈសំខាន់ណាស់ នៅពេលដែលប្រទេសនានា បន្តកែលម្អគោលនយោបាយ និងយុទ្ធសាស្ត្រអាកាសធាតុ បន្ថែមទៀតផងដែរ៕





-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន7 days agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន4 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន4 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន6 days agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា